ឈ្មោះ សាល មេការ​របស់​ឧកញ៉ា ទ្រី ភាព កំពុង​ប្រមូល​ទិញ​ឈើ​នៅ​ខេត្តមណ្ឌលគិរី

​បើទោះបី​មេ​ឈ្មួញ ទ្រី ភាព ប្រកាស​អំពី​ការបញ្ឈប់​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​គេ​នៅតែ​សង្កេតឃើញ​មេការ​របស់​ក្រុមហ៊ុន​ទ្រី​ភាព ជាច្រើន​នាក់​បន្ត​ប្រមូល​ទិញ​ឈើ​យ៉ាងសកម្ម​នៅក្នុង​ខេត្តមណ្ឌលគិរី​។ ក្នុងនោះ​ឈ្មោះ សាល ដែលជា​មេ​ការប្រមូលទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព នៅក្នុង​ខេត្តរតនគិរី​នាពេល​កន្លងមក បច្ចុប្បន្នកំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​ខេត្តមណ្ឌលគិរី យ៉ាង​ក្រអឺតក្រទម​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ហេតុនេះហើយ​ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ​ឡើយ​។

​គេ​មិនដឹងថា​ឈ្មោះ សាល ប្រមូល​ទិញ​ឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព ឬ​យ៉ាងណា​នោះទេ បញ្ហា​នេះ​មានតែ​ឧកញ៉ា ទ្រី ភាព ប៉ុណ្ណោះ​ដែលជា​អ្នក​ដឹក​ច្បាស់​ជាងគេ​។ ប្រសិនបើ​ក្រុមហ៊ុន​ទ្រី​ភាព ពិតជា​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​មែន មានន័យថា​ឈ្មោះ សាល ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ទ្រី​ភាព ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តែម្ដង​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មោះ សាល កំពុង​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​ឈើ​ប្រណីត​ក្នុង​ដែន​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​តែម្ដង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ សាល ដែលជា​មេការ​ធំ​របស់​ឧកញ៉ា ទ្រី ភាព កំពុង​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កែវ​សីមា ហើយ​សម្រុក​ដឹកជញ្ជូន​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​តុង​មិន នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​។ លោក អេង ប៊ុន​ហ៊ាង អភិបាល​មណ្ឌលគិរី និង​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ហ៊ាន​ទប់ស្កាត់​បទល្មើស​ឈ្មោះ សាល នោះទេ ព្រោះ​ខ្លាច​អំណាច​របស់​ឧកញ៉ា ទ្រី ភាព ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ហេតុនេះហើយ​ទើប​ឈ្មោះ សាល កំពុងតែ​ធ្ចើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ខេត្តមណ្ឌលគិរី យកមក​ស្តុក​ទុក​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ រួចហើយ​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ឡើយ​៕

images 7496