ជង់​មិន​ភ្លេច​កុក ​! ឆបោកម៉ូតូ​គេ​ទៅ​លក់​គេច​ខ្លួន​បាន​កន្លះ​ឆ្នាំ​វិល​ចូល​ស្រុក​វិញ​ជាប់​ខ្នោះប៉ូលិស​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​​​ឆបោក​ម៉ូតូ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ក្រុង​កំពង់ឆ្នាំង​ចាប់​ខ្លួន​បាន កាល​ពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ​តុលា ​​២០១៥ ខណៈ​ពេល​​​ជនសង្ស័យលេច​មុខ​នៅ​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​ឆបោក​​ម៉ូតូ​គេ​រួច​គេចខ្លួនបានជាង​កន្លះ​ឆ្នាំ​។

​លោក ញ៉ោ​ក ប៊ុ​ន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំងបាន​និយាយ​ថា ជនសង្ស័យខាងលើ​មានឈ្មោះ ស្លឿ​ត ថា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ សម្រិត ពិសិដ្ឋ អាយុ​២០ឆ្នាំ មាន​ទីលំនៅភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានមុខរ​បរជា​កម្មករ​សំណង់ជាមួយ​ម្ចាស់​ម៉ូតូ និង​បាន​មក​សុំ​ស្នាក់​នៅ​ជាមួយ​ម្ចាស់​ម៉ូតូ​នៅ​ភូមិ​ត្រពាំង​ចិ​ក្សា​។ នៅ​ថ្ងៃ​កើតហេតុ​ម៉ោងប្រមា​ណ​១០​ព្រឹក ថ្ងៃ​ទី​០៧ ​មេសា ​​២០១៥ ជនសង្ស័យ​ខាងលើបាន​ខ្ចី​ម៉ូតូ​របស់​ម្ចាស់ផ្ទះមួយ​គ្រឿងម៉ាក ហុងដា សេ​១២៥ ស៊េរី​០៧ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A.2159 ដោយ​ប្រាប់​ថា ​ខ្ចី​ទៅ​ទិញ​ម្ហូប​ហូបបាយ រួច​ក៏​គេច​បាត់​រហូត៕