ខណ្ឌ​សែន​សុខ​បង្ក្រាប​ល្បែងស៊ីសង​ឃាត់មនុស្ស​​​៦​នាក់ ​

រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រសៀល ថ្ងៃ​ទី​២១​ តុលា​ ២០១៥ ​នៅផ្ទះ​លេខ​២៥៨ ផ្លូវ​២០០២ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ពាក់ព័ន្ធ​បើក​ទីតាំង និង​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​កន្ទុយលេខ​ ដោយ​​ដកហូត​វត្ថុ​តាង​ ​​លុយ​ខ្មែរ​ និង​ដុល្លា​រជា​ច្រើន​ទៀត​។
 
មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ និង​តាមដាន​មួយ​រយៈ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​បាន​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ស្រី​០២​នាក់ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​កន្ទុយលេខ​ឆ្នោត​) ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មានលុយ​ខ្មែរ​២​លាន​១៨​ម៉ឺ​ន​រៀល​ ​លុយ​ដុល្លា​៤៣២$ និង​សម្ភារ​​​សម្រាប់​កត់​ឆ្នោត​មួយ​ចំនួន​ផង​ដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុងភូមិ​ត្រពាំង​ឈូក​មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ សង្កាត់​ទឹកថ្លា​ ក្រៅពី​ល្បែង​កន្ទុយលេខ​ជា​ច្រើន​កន្លែង​នោះ​ក៏កើត​ល្បែងស៊ីសង​​ហ្គេ​ម​បាញ់​ត្រី​សំបូរ​បែបច្រើន​ស្អេកស្កះ​ផង​ដែរ​៕​​