​​​ស្ត្រី​​​​ម្នាក់​​​ស្រែកទ្រហោយំសំពះសុំ​​អង្វរប៉ូលិស​ឱ្យ​​​ដោះលែង​ ​ក្រោយពី​​​ឃាត់ខ្លួន​ពាក់​ព័ន្ធ​​នឹង​គ្រឿងញៀន​​​

​​រាជ​ធានីភ្នំពេញ ៖ ស្ត្រី​​សង្ស័យ​ជួញដូរ​គ្រឿងញៀន​​​ម្នាក់​បាន​​​ស្រែក​ទ្រហោយំ​​សំពះ​សុំ​អង្វរឱ្យ​សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវដោះ​លែង​​ ក្រោយ​ពី​ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​១២និង​៤០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី២១ ​តុលា ​២០១៥ នៅ​​ផ្ទះ​គ្មាន​លេខ​​ ​ស្ថិត​នៅ​ខាងក្រោយ​ក្រុមហ៊ុនឃ្យូ​ប៊ី ​​ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

​​មន្ត្រី​នគរបាល​​បាន​​ឱ្យ​ដឹង​ថា ស្ត្រី​ស​ង្ស័​យ​ឈ្មោះ គឹ​ម ស្រី​ណៃ ហៅ​អា​ណៃ អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ឃាត់ខ្លួន​​​ពេល​​​កំពុង​​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង​នៅ​​ទីតាំង​ខាងលើ​ ។

​​ក្រោយ​ពី​ការ​ឃាត់​ខ្លួនស្ត្រី​​សង្ស័យ​​ សមត្ថកិច្ច​​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅក្រាម​ស​ថ្លា​ចំនួន៩​កញ្ចប់ ​(​ធំ​២​កញ្ចប់ ​​តូច​៧​កញ្ចប់​) រួម​ទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ ។​ ​បន្ទាប់ពី​​សមត្ថកិច្ច​​នាំ​ខ្លួន​​មក​​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ ​ស្ត្រី​​​ខាង​លើ​​​ក៏​បាន​ស្រែក​ទ្រហោយំ​​យ៉ា​ខ្លាំងសំពះ​​សុំ​​​អង្វរ​សមត្ថកិច្ច​ឱ្យ​​ដោះ​លែង​​​ដើម្បី​មាន​សេរី​ភាព​​​ទៅ​ជួប​​ជុំ​​ប្តី​និង​កូន​នៅ​ឯ​ផ្ទះ​វិញ​ផង​ដែរ​ ។

​​ស្ត្រី​​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​​កសាង​សំណុំរឿង​​​បញ្ជូន​ទៅ​​​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌចំការមន​ ​ដើម្បី​ចាត់ការ​​តាម​នី​តិ​វិធី​​ ៕