FIFA​មិន​ពន្យារពេល​បោះ​ឆ្នោត​រើស​ប្រធាន​ថ្មី​ដោយ​សម្រេច​យក​តាម​កាលបរិច្ឆេទ​ចាស់

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ តុលា កន្លង​មក​ថា ការ​បោះ​ឆ្នោត​រើស​ប្រធាន FIFA ថ្មី នឹង​ធ្វើ​ឡើង​តាម​កាល​បរិ​ច្ឆ​ទ​ចាស់​ដែល​បាន​កំណត់​កាលពីមុន​គឺ​នៅ​ថ្ងៃ​ទី​២៦ កុ​ម្ភៈ ២០១៦ ។

សេចក្ដីថ្លែងការណ៍​របស់ FIFA បាន​បង្ហើប​ឱ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​របៀបវារៈ​ដំបូង​របស់​គណៈកម្មាធិការ​FIFA ចាប់តាំងពី​ដាក់​បម្រាម​ដល់​លោក​សេ​ប ប្ល៊េ​ត​ធ័​រ ប្រធាន FIFA កាលពី​២​ស​ប្ដា​ហ៍​មុន ។

ការ​សម្រេច​ពី​ការ​បោះ​ឆ្នោត​តាម​កាលកំណត់​លើក​នេះ ធ្វើ​ឱ្យ​លោក មី​ឆេ​ល ផ្លា​ទី​នី ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ដែល​ទទួល​បម្រាម​រយៈពេល​៩០​ថ្ងៃ​ពី​បទ​សុ​ី​សំណូក​ទទួល​ប្រាក់​២​លាន​ដុល្លារ​ពី​លោក​ប្លេ​៊​ត​ធ័​រ នោះ អាច​នឹង​គ្មាន​សិទ្ធិ​ចូល​ប្រជែង​តំណែង​ប្រធាន​FIFA ប្រសិនបើ​ការ​ប្ដឹង​ទៅ​ឧទ្ធរណ៍​គ្មាន​លទ្ធផល​វិជ្ជមាន​មុន​ពេល​ដល់​ឱសានវាទ​ក្នុង​ការ​ដាក់​ឱ្យ​ឈរឈ្មោះ​នៅ​ថ្ងៃ​ទី​២៦ តុលា នេះ ទោះបីជា​សាមីខ្លួន​បាន​ដាក់​ពាក្យ​កាលពីមុន​ក៏​ដោយ ៕