ហេង វិ​ឆ័​យ ណាត់ជួប វ៉​ន សា​វី ជម្រះបញ្ជី​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ទៀត

រាជធានី​ភ្នំពេញ ៖ ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​វ៉​ន សា​វី មក​ពី​ក្លិបឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ បាន​ណាត់ជួប​គ្នា​ជម្រះបញ្ជី​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​នា​ថ្ងៃអាទិត្យ ទី​២៥ តុលា ក្នុង​ឋា​នះ​ជា​គូ​សងសឹក ។

កាលពី​៣​ស​ប្ដា​ហ៍​មុន​ពួក​គេ​ទាំង​២​នាក់​ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ ដែល​កាល​ណោះ វ៉​ន សា​វី ជា​អ្នក​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​បំផុត ទើប​ធ្វើ​ឱ្យ ហេង វិ​ឆ័​យ មិន​អស់ចិត្ត​ក៏​សុំ​ឡើង​ប្រកួត​ម្ដងទៀត​ដើម្បី​ជម្រះបញ្ជី​ឱ្យ​ដាច់​ស្រឡះ ។ គូ​នេះ​បើ​និយាយ​ពី​ក្បាច់​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ទេ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ហេង វិ​ឆ័​យ វាយ​ចេញ​យឺត​ប៉ុន្តែ​ធ្ងន់ ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​តែ​ម្ដង ឯ​ស្នៀត​កែង និង​ជង្គង់​ល្អ​គ្រាន់បើ ។ ចំណែក វ៉​ន សា​វី វិញ អត់​មាន​ស្នៀត​អ្វី​ដែល​ពិសេស​ពិបាក​ទប់ទល់​ទេ គ្រាន់តែ​ចិត្ត​របស់​គេ​រាង​សឿង​ជាង​បន្តិច​ប៉ុណ្ណោះ ឯ​ផ្លែ​កែង និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍​។ ទោះជា​យ៉ាងណា​កីឡាករ​រូប​នេះ​មិន​ហ៊ាន​មើល​ស្រាល​លើ​គូប្រកួត​ទេ​ដោយសារ​លើក​មុន​ទម្រាំ​យកឈ្នះ​ហេង វិ​ឆ័​យ​ដោយ​ពិន្ទុ​គឺ​លំបាក​ខ្លាំង​ណាស់ ។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ មិន​ទាន់​ដឹង​ថា​មានសំណាង​ដូច​មុន​ឬ​យ៉ាងណា​ទេ​ស៊ីសង​សាក​គ្នា​មើល​សិន​ទើប​ដឹង ។

ក្រៅពី​គូ​សងសឹក​នេះ​ទៅ​នៅ​លើ​សង្វៀនដដែល​ក៏​មាន​គូ​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា កីឡាករ​ហ៊ុន គី​រី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ មាស ឆូ​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ​សោម វិ​ឆ័​យ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​កីឡាករ​សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ។ កីឡាករឡុ​ង ជិន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ កីឡាករ​សិទ្ធ លី​យ៉ុ​ង មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ម៉​ន សុខ​ហេ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក និង​គូ​ចុង​ក្រោយ​កីឡាករ​ឡុ​ង ចាន់​ណា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាក​រអាត រិ​ទ្ធី មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕