សហជីព​ធ្វើ​ការ​ទាមទារ​ថ្មី​នៅ​ពេល​រោងចក្រ​ផ្តោត​លើ​ផលិតភាព

បន្ទាប់ពី​ការ​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ត្រូវ​ឡើង​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ​នា​ឆ្នាំ​ក្រោយ​នោះ សហជីព​ចំនួន​ប្រាំបី​ដែល​តំណាង​កម្មករ​រោងចក្រ បាន​ចេញ​បញ្ជី​ទាមទារ​១៣​ចំណុច​កាលពី​ថ្ងៃ​អង្គារ ដោយ​គំរាម​តវ៉ា​ប្រសិនបើ​សំណើ​របស់​ខ្លួន​ត្រូវ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ។

សេចក្តី​ប្រកាស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ម្ចាស់​រោងចក្រ និង ក្រុមហ៊ុន​ល្បីៗ ដែល​ទិញ​ពី​ពួកគេ ចូលរួម​ក្នុង​ការ​ចរចា​ទាក់ទិន​នឹង​ការ​ទាមទារ ក្នុង​នោះ​មាន​ការ​បង្កើន​ប្រាក់​អាហារ​ថ្ងៃ​ត្រង់ ការ​បញ្ឈប់​ប្រើ​កិច្ចសន្យា​រយៈ​ពេល​ខ្លី ការ​ដឹក​ជញ្ជូន​និង​ការ​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង ទប់​ស្កាត់​តម្លៃ​ទំនិញ សេវា​ប្រើប្រាស់ និង​បញ្ឈប់​ការ​រំខាន​ផ្នែក​ផ្លូវ​ច្បាប់​ចំពោះ​មេដឹកនាំ​សហជីព។

សេចក្តី​ប្រកាស​បាន​និយាយ​ថា “ក្នុង​ករណី​រដ្ឋាភិបាល ក្រុមហ៊ុន អ្នក​ផលិត និង​អ្នក​ទិញ មិន​រៀបចំ​ឲ្យ​មាន​ការ​ចរចា​នូវ​សំណូមពរ​ខាង​លើ យើង​នឹង​តវ៉ា​ទាមទារ​ជា​សាធារណៈ​នៅ​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី”។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ដែល​នៅ​តែ​ទាមទារ បាន​និយាយ​ថា ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធានា​ដល់​ការ​រស់នៅ​សមរម្យ​របស់​កម្មករ​ទេ។

លោក​បាន​និយាយ​ថា “ប្រសិនបើ​និយោជក​និង​រដ្ឋាភិបាល​យល់​ព្រម​តាម​ការ​ទាមទារ​ទាំង​នេះ វា​នឹង​ធ្វើ​ឲ្យ​ការ​រស់នៅ​[របស់​កម្មករ]​ប្រសើរ​ឡើង​រួម​ជាមួយ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួកគេ ពីព្រោះ​យើង​នៅ​តែ​មើល​ឃើញ​ថា មាន​ការ​រើសអើស និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​សម្ពាធ​លើ​សហជីព​ដែល​ជួយ​កម្មករ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ពួកគេ”។

មុន​ការ​ឈាន​ដល់​សេចក្តី​សម្រេច​ប្រាក់​ខែ​អប្បបរមា​កាលពី​ថ្ងៃ​ទី​៨​ខែ​តុលា សហជីព​បាន​និយាយ​ថា ពួកគេ​នឹង​ពិចារណា​អំពី​ការ​តវ៉ា ប្រសិនបើ​ការ​ទាមទារ​របស់​ពួកគេ​ចង់​បាន​ប្រាក់​ខែ​អប្បបរមា​យ៉ាង​ហោចណាស់១៦០​ដុល្លារ​មិន​សម្រេច​បាន​ទេ​នោះ។ ទោះជា​យ៉ាង​នេះ​ក្តី លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​និយាយ​ថា ពួកគេ​បាន​សម្រេច​ចិត្ត​ប្រកាន់​យក​ទិសដៅ​ផ្សេង។

លោក​បាន​និយាយ​ថា “យើង​មិន​បង្ហាញ​ថា យើង​ប្រឆាំង​សេចក្តី​សម្រេច​របស់​និយោជក​និង​របស់​រដ្ឋាភិបាល​អំពី​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ទេ ហើយ​យើង​យល់​អំពី​ភាព​ចាំបាច់​ត្រូវ​រក្សា​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់។ ដូច្នេះ​យើង​ទាមទារ​អត្ថប្រយោជន៍​ផ្សេង​សម្រាប់​កម្មករ”។

កាលពី​ថ្ងៃអង្គារ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ផ្ទាល់​ឆ្លើយតប​ទៅ​នឹង​ការ​ដំឡើង​ប្រាក់ខែ ដោយ​បញ្ជាក់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​ផលិតភាព។

លោក កេន លូ អគ្គលេខាធិការ GMAC ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា “ឥឡូវ​យើង​ចាំបាច់​ត្រូវ​មើល​គ្រប់​ភាគី ក្នុង​នោះ​មាន​អ្នក​ទិញ​ផង​ ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ផលិតភាព​ប្រសើរ​ឡើង​ផង ដើម្បី​ជួយ​ទូទាត់​ថ្លៃ​ដើម​ឡើង​ខ្ពស់ និង​រក្សា​ទុក​រោងចក្រ​ឲ្យ​មាន​ដំណើរការ”។

ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ លោក លូ បាន​និយាយ​ថា GMAC​ នឹង​ចរចា​ជាមួយ​សហជីព​អំពី​សំណើ​ថ្មី​បំផុត​របស់​ពួកគេ ប៉ុន្តែ មិនមែន​ក្នុង​ទម្រង់​បច្ចុប្បន្ន​របស់​ពួកគេ​ទេ។

លោក​បាន​និយាយ​ថា “ពួកគេ​បាន​បង្ហាញ​បញ្ជី​ដ៏​ធំ។ សំណើ​ខ្លះ​សំដៅ​លើ​រដ្ឋាភិបាល ខ្លះ​សំដៅ​លើ​និយោជក ដូច្នេះ​បើ​ពួកគេ​បង្ហាញ​សំណើ​ជាក់លាក់​ជាង​នេះ​ និង​ស្វែងរក​ការ​ចរចា ឬ​ពិភាក្សា​ជាមួយ GMAC ពេល​នោះ​យើង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា”។

“ក៏​ប៉ុន្តែ ប្រសិនបើ​ការ​ទាមទារ​ធ្វើ​ឡើង​ជា​លក្ខណៈ​គំរាម នោះ​យើង​មិន​យក​មក​ពិនិត្យ​ទេ”។

លោក វីលលៀម ខង់លីន នាយក​ប្រចាំ​ប្រទេស​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​ ជា​ក្រុម​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​និយាយ​ថា បញ្ហា​ដែល​សហជីព​កំពុង​លើកឡើង បាន​កើត​ឡើង​យូរ​មក​ហើយ​ក្នុង​វិស័យ​នេះ ដែល​មាន​កម្មករ​ប្រហែល​៧០០.០០០នាក់​នៅ​ទូទាំង​ប្រទេស។

លោក​បាន​និយាយ​ថា​ “ម្យ៉ាង​វិញទៀត GMAC ប្រកាស​អំពី​ការ​ចាំបាច់​ឲ្យ​មាន​ផលិតភាព​ច្រើន​ជាង​នេះ។ អ៊ីចឹង​រឿង​ទាំង​នេះ​ដែល​សហជីព​ចង់​បាន គឺ​ការ​វិនិយោគ​ក្នុង​កម្លាំង​ការងារ​ដែល​នឹង​នាំមក​នូវ​ផលិតភាព​ច្រើនជាង​នេះ”៕ និត

 

The post សហជីព​ធ្វើ​ការ​ទាមទារ​ថ្មី​នៅ​ពេល​រោងចក្រ​ផ្តោត​លើ​ផលិតភាព appeared first on ខេមបូឌា ដេលី.