តើ​សហគមន៍​កសិកម្ម​ចំណេញ​អ្វី​ខ្លះ​ដល់​កសិករ​ខ្នាត​តូច?

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​បារម្ភ​ថា បញ្ហា​ចោទ​របស់​កសិករ​ខ្នាត​តូច នឹង​បន្ត​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាជន​ក្នុង​ប្រទេស និង​ផលិត​ឲ្យ​លើស​សម្រាប់​ការ​នាំ​ចេញ។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើត​សហគមន៍​កសិកម្ម​គាំទ្រ​ដល់​កសិករ​ខ្នាត​តូច ដើម្បី​ផ្តល់​អំណាច​ទីផ្សារ​លក់​ផលិតផល​ដល់​កសិករ​កម្ពុជា។

តើ​សហគមន៍​កសិកម្ម ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា?

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត បង្កើត​សហគមន៍​កសិកម្ម​គាំទ្រ​កសិករ​ខ្នាត​តូច ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​ជា​សសរ​ស្ដម្ភ​ទី​មួយ និង​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​មួយ​នេះ។

ជាង​នេះ​ទៀត សង្គម​ស៊ីវិល​ក៏​យល់​ថា វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ដែល​បណ្ដាល​មក​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជំរុញ​ឲ្យ​កសិករ​មួយ​ចំនួន​ធំ ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល ឬ​នឹង​អាច​ត្រូវ​ធនាគារ​រឹប​អូស​ទ្រព្យ​បញ្ចាំ​ពី​ការ​ខ្ចី​ប្រាក់​ក៏​មាន។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​ប្រឈម​នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​ហើយ ក៏​បាន​ជំរុញ​ឲ្យ​ចំនួន​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម កំពុង​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការ​ឆ្លុះ​បញ្ចាំង​លើ​យុទ្ធសាស្ត្រ​គាំទ្រ​គ្រួសារ​កសិករ ដែល​មាន​ដីធ្លី​តូចតាច​ រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា។ លើស​ពី​នេះ សង្គម​ស៊ីវិល​ក៏​យល់​ថា មាន​តែ​បង្កើត​សហគមន៍​កសិកម្ម​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​បាន។

សណ្ដែក​បាយ កំពង់ឆ្នាំង ៦២០
ប្រជា​កសិករ​ប្រមូល​ផល​គ្រាប់​សណ្ដែក​បាយ នៅ​ចំណុច​គន្លង​អិន សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Chin Chetha

ករណី​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា​ដើម្បី​អភិវឌ្ឍ​កសិកម្ម និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត លោក សួន សេង មាន​ប្រសាសន៍​ថា ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក កសិករ​ខ្នាត​តូច​ដែល​មាន​ដី​តិច​ជាង ៥​ហិកតារ ជួប​ប្រទះ​ភាគ​ច្រើន​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចំណេះ​ដឹង​បច្ចេកទេស​នៅ​មាន​កម្រិត ប្រព័ន្ធ​ធារាសាស្ត្រ និង​ផលិត​មិន​ត្រូវ​តម្រូវ​ការ​ទីផ្សារ ជាដើម។ លោក​បន្ត​ថា ការ​បង្កើត​សហគមន៍​កសិកម្ម នឹង​ចំណេញ​ច្រើន​ដល់​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា៖ «»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន កម្ពុជា មាន​សហគមន៍​កសិកម្ម​ជាង ៦០០​សហគមន៍​ដែល​គាំទ្រ​ដោយ​ក្រសួង​កសិកម្ម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​ថា ចំនួន​នេះ​នៅ​មាន​កម្រិត និង​មិន​ទាន់​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​កសិករ​ខ្នាត​តូច​នៅ​ឡើយ៖ «»។

របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​នៅ​ខែ​តុលា បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ២២,៦ ដែល​ត្រូវ​នឹង​ចំណាត់​ថ្នាក់​លេខ​៦០ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​១១៧។ របាយការណ៍​នោះ បាន​សិក្សា​ទៅ​លើ​បញ្ហា​សំខាន់ៗ​ចំនួន​៤ ដូចជា បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​ទម្ងន់​កុមារ កុមារ​ក្រិន និង​អត្រា​មរណភាព​របស់​កុមារ ហើយ​ពិន្ទុ​នេះ​បង្ហាញ​ថា ស្ថានភាព​ស្រេក​ឃ្លាន​នៅ​កម្ពុជា បាន​ថយ​ចុះ​ប្រមាណ ៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០០ ដែល​នៅ​ពេល​នោះ កម្ពុជា ទទួល​បាន​ពិន្ទុ​៤៥។ ជាង​នេះ​ទៀត របាយការណ៍​នេះ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​កសិកម្ម តាម​រយៈ​សហគមន៍​កសិកម្ម ធ្វើ​យ៉ាង​ណា​សំដៅ​គាំពារ​ជន​ក្រីក្រ ដើម្បី​ទប់ទល់​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង និង​ផល​ប៉ះពាល់​នៃ​វិបត្តិ​នានា។

ជាមួយ​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា បាន​លើក​ឡើង​ដែរ​ថា កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ប្រឈម​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ដូចជា តម្លៃ​កសិផល​កសិកម្ម​ទាប ទុន ការ​ចំណាយ​លើ​ធាតុ​ចូល​កសិកម្ម​ខ្ពស់ គោល​នយោបាយ ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម កំពុង​ក្លាយ​ជា​មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​កសិករ​ខ្នាត​តូច​មិន​ចង់​បន្ត​ការងារ​កសិកម្ម។ ជាង​នេះ​ទៀត លោក​បន្ត​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​នេះ​ក្តី ក៏​គោល​នយោបាយ​នេះ​នៅ​តែ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​ថា ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​សហគមន៍​កសិកម្ម ជា​កត្តា​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព​ផលិត៖ «»។

កសិករ​ខេត្ត​សៀមរាប ៦២០
លោក យឿន យិន ជា​កសិករ​នៅ​ភូមិ​គោកដូង សង្កាត់​ក្របីរៀល បង្ហាញ​ពី​បន្លែ​ដែល​គាត់​ដាំ​មិន​ប្រើប្រាស់​ជាតិ​គីមី ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Hang Savyouth

និយាយ​ពី​ផល​ចំណេញ​របស់​សហគមន៍​កសិកម្ម​នេះ​ដែរ កសិករ​ឆ្នើម​របស់​អង្គការ​សេដាក (CEDAC) នៅ​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹម រ៉ុម និយាយ​ថា សហគមន៍​កសិកម្ម​ពិត​ជា​មាន​ផល​ប្រយោជន៍​ច្រើន​ដល់​កសិករ​ខ្នាត​តូច ព្រោះ​ធ្វើ​ឲ្យ​កសិករ​ចំណាយ​ដើម​ទុន​តិច ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ អាច​ដាំ​ដំណាំ​ត្រូវ​នឹង​ទីផ្សារ​ត្រូវ​ការ គេច​ផុត​ពី​ការ​បន្ទាប​តម្លៃ​កសិផល​ពី​ឈ្មួញ ពិសេស​ជួយ​ដោះស្រាយ​ភាព​តានតឹង​នានា​ក្នុង​អាជីព​កសិករ។

គោល​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៥-២០១៨ រដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព និង​ជា​មុខ​ព្រួញ​ដ៏​សំខាន់​ដើម្បី​ចូលរួម​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ជាង​នេះ​ទៀត រដ្ឋាភិបាល​នឹង​ជំរុញ​កំណើន​កសិកម្ម​ឲ្យ​បាន​ក្នុង​រង្វង់ ៥% ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​កសិកម្ម។

កាល​ពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដីពី​សហគមន៍​កសិកម្ម ដើម្បី​លើក​កម្ពស់​គ្រួសារ​កសិករ​ខ្នាត​តូច​លើ​ការ​អភិវឌ្ឍ និង​សហគមន៍​កសិករ​នៅ​ក្នុង​ប្រទេស និង​បង្កើត​ឡើង​នូវ​នាយកដ្ឋាន​ប្រភេទ​ពូជ​ដំណាំ​ផ្សេងៗ។ ផ្ទុយ​ទៅ​វិញ អង្គការ​សង្គម​ស៊ីវិល និង​កសិករ​ខ្នាត​តូច យល់​ថា ការ​អនុវត្ត​នៅ​តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

ជាង​នេះ​ទៀត របាយការណ៍​ស្ដីពី​ការ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​គាំទ្រ​កសិករ​ដែល​មាន​ដី​តូចតាច​ប្រចាំ​ឆ្នាំ​២០១៥ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ក៏​បាន​បង្ហាញ​ដែរ​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ពិសេស​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ប្រឈម​បញ្ហា​រួម​មាន បញ្ហា​ទីផ្សារ ប្រសិទ្ធភាព​នៃ​តម្លៃ​ផលិតផល​កសិកម្ម ចំណេះ​ដឹង​បច្ចេកទេស សមត្ថភាព​កែច្នៃ​ផលិតផល​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ ដើម​ទុន និង​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ ការ​រំលោភ​ដីធ្លី សិទ្ធិ​ទទួល​បាន​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​កសិកម្ម។

យ៉ាង​ណា​ក៏ដោយ ទាំង​កសិករ​ខ្នាត​តូច និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ​សហគមន៍​កសិកម្ម​ដែល​មាន​ស្រាប់ និង​បង្កើត​សហគមន៍​កសិកម្ម​ថ្មី​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ ពិសេស​ដើម្បី​ឈាន​ជើង​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។