ជ័យលាភីកំពូលតារា នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ជា​មួយ​នឹង​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​៣​ម៉ឺនដុល្លារ

ភ្នំពេញ៖ ទូរទស្សន៍PNNដែលជាប៉ុស្តិ៍ទូរទស្សន៍ថ្មី និងទំនើបបំផុតរបស់ប្រទេសកម្ពុជា នឹងធ្វើការប្រកាសម្ចាស់ជ័យលាភីកម្មវិធីកំពូលតារា ដែលជាកម្មវិធីប្រឡង សម្តែងសមត្ថភាពច្រៀង រាំ ដំបូងរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ។

បេក្ខជនដែលឈ្នះជ័យលាភី បន្ទាប់ពីបានប្រជែងជាមួយនឹងបេក្ខជនចំនួន១៤រូបផ្សេងទៀតដែលបានចម្រាញ់តាំងពីដំបូងនោះ នឹងទទួលបានរង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន៣ម៉ឺនដុល្លារ។ជាមួយគ្នានេះ ម្ចាស់ជ័យលាភីក៏នឹងត្រូវបានអញ្ជើញចូលរួមច្រៀងជាតារាកិត្តិយស ឬពិធីករ ក្នុងកម្មវិធីទូរទស្សន៍PNN ផងដែរ។

បេក្ខជនដែលជម្រុះនៅសល់៤រូបនេះ នឹងចូលរួមប្រកួតសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមយកជ័យលាភី កំពូលតារានៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
បច្ចុប្បន្ន កម្មវិធីកំពូលតារារបស់ទូរទស្សន៍ PNN ត្រូវបានឧត្ថម្ភដោយរថយន្តHyundai និងភេសជ្ជៈប៉ូវកម្លាំងគោជល់។

លោកនូ ចំណាប់ ហៅ ជីមី ផលិតករកម្មវិធីទូរទស្សន៍PNNបានមានប្រសាសន៍ថា “រយៈពេលប៉ុន្មានខែកន្លងទៅនេះ គឺជាពេលវេលាដ៏រំភើបញាប់ញ័រមួយ ដែលបេក្ខជន បេក្ខនារីបានបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន។ ក្នុងនោះបេក្ខភាពប្រកួតតម្រូវឲ្យច្រៀងនូវបទសម័យ បទពីជំនាន់ដើម និងបទប្រពៃណី និងថែមទាំងទទួលបាន ការបណ្តុះបណ្តាល ដើម្បីក្លាយជាតារាចម្រៀងអាជីពផងដែរ។”

វគ្គផ្តាច់ព្រាត់នៅថ្ងៃអាទិត្យនេះ បេក្ខជននីមួយៗនឹងច្រៀងចម្រៀងចំនួន២បទ ក្រោមការវិនិច្ឆយពីគណៈកម្មការ អ្នកនាង ប៊ុត កន្យា លោក ម៉ិញ សុធីវណ្ណ និងលោក ណាំ ប៊ុណ្ណារ័ត្ន។ ទស្សនិកជនអាចបោះឆ្នោតគាំទ្របេក្ខជនប្រកួតតាមរយៈ Line ។

បេក្ខជនប្រកួតនៅវគ្គផ្តាច់ព្រាត់នេះមានដូចជា៖
អ៊ុ ចាន់ឌី (DYDY) អាយុ២៩ឆ្នាំ មកពីទីក្រុងភ្នំពេញ. LINE ID: SS 05
ឈួន ច័ន្ទធីតា (JESSI) អាយុ២២ឆ្នាំ មកពីខេត្តព្រះស៊ីហនុ. LINE ID: SS 10
លី លីនដា (LINDEE) អាយុ២០ឆ្នាំ មកពីទីក្រុងភ្នំពេញ. LINE ID: SS 12
ចិន្តា វីតា (VITA) អាយុ២៥ឆ្នាំ មកពីទីក្រុងភ្នំពេញ. LINE ID: SS 13
កម្មវិធី កំពូលតារានឹងធ្វើការផ្សាយផ្ទាល់លើទូរទស្សន៍PNNវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី២៥ ខែតុលា៕