Land Cruiser ស៊េរី ២០១៥ អត់បង់ពន្ធមួយគ្រឿងទៀត របស់មន្រ្តីនគរបាល ជាន់ខ្ពស់ ត្រូវកម្លាំងគយ ចល័ត ចាប់បាន ខណ្ឌចំការមន

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ កម្លាំងគយរបស់នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើ គេចពន្ធ បានបន្តបញ្ចេញប្រតិបតិ្តការកណ្តាប់ដៃដែក តាមចាប់រថយន្តអត់ពន្ធរបស់គយចល័ត បានចាប់រថយន្ត ស៊េរីទំនើបថ្មីសន្លាងមួយគ្រឿង ម៉ាក Land Cruiser ស៊េរីទំនើប ២០១៥ ពណ៌ខ្មៅ នៅចំណុចផ្លូវលំលេខ៩០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្រ្តីគយចល័តបានឲ្យដឹងថា រថយន្ត Land Cruiser ស៊េរី ២០១៥ អត់បង់ពន្ធមួយគ្រឿង ជារបស់មន្រ្តីនគរបាល ជាន់ខ្ពស់មួយរូប ដោយសុំមិនបញ្ចេញឈ្មោះ ។ ត្រូវបានចាប់នៅក្នុងទឹកដីខណ្ឌចំការមន ។ ការប្រតិបត្តិការ ចុះ ចាប់នេះ ធ្វើឡើងតាមបទបញ្ជា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន នាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការ បង្រ្កាបតាមដងផ្លូវទូទាំង ប្រទេស និងតាមផ្លូវជាតិសំខាន់ៗ ចំពោះម្ចាស់យានយន្តណា ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ ។

មន្រ្តីគយចល័ត បានបន្តអះអាងថា សកម្មភាពបង្រ្កាបរថយន្តអត់ពន្ធ នឹងបន្តធ្វើជាដរាប និងអំពាវនាវឱ្យដល់ម្ចាស់ យានយន្តដែលអត់ទាន់បង់ពន្ធ សូមមកបង់ពន្ធឱ្យបានរួសរាន់ ៕

Land Cruiser ស៊េរី ២០១៥ អត់បង់ពន្ធមួយគ្រឿងទៀត របស់មន្រ្តីនគរបាល ជាន់ខ្ពស់ ត្រូវកម្លាំងគយ ចល័ត ចាប់បាន ខណ្ឌចំការមន