ក្រុមហ៊ុន​ដឹក​អ្នកដំណើរ នៅ​ខេត្តសៀមរាប បាន​ឯកភាព​ចូល​ចំណត​ទាំងអស់គ្នា​

​សៀមរាប: ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៨ បានសម្រេច​យល់ព្រម​ចូល​ចំណត​ទាំងអស់គ្នា និង​យល់ព្រម​បង់ប្រាក់​ទៅតាម​ការកំណត់​នៃ​ច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​
​    ​
​លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងអស់​បាន​ឯកភាពគ្នា តាម​ការសម្របសម្រួល​ពី​សាលា​ខេត្តសៀមរាប ហើយ​ក្រុមហ៊ុន​ទាំងអស់ បាន​យល់ព្រម​ចូល​ចំណត​នៅក្នុង​បុរី​សៀង ណាំ ដើម្បី​ធ្វើ​យ៉ាង ណា​ឲ្យ​មាន​របប​រៀបរយ និង​សណ្តាប់ធ្នាប់​សង្គម​។​

​ពាក់​ព​ន្ធ័​ទៅនឹង​ការយក​លុយ​ពី​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​គេ​ស្គាល់​ថា ក្រុមហ៊ុន​សិលា​អង្គរ​អ៊ិ​ច​ប្រេ​ស​នោះ គឺ​ក្រុមហ៊ុន​នោះ​ធ្វើឡើង​ដោយមាន​ការឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​ក៏​ជាការ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​។

​ពាក់​ព​ន្ធ័​នឹង​ករណី​ដែល​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៨ ប្តឹងទៅ​អភិបាលខេត្ត​សៀមរាប ដែលថា​ក្រុមហ៊ុន​មួយ ទារលុយ​ក្បាល​ឡាន​ចំនួន​១​ម៉ឺន​រៀល គឺ​អភិបាល​ខេត្តសៀមរាប បាន​កោះហៅ​ក្រុមហ៊ុន​ទាំង អស់​មក​ពិភាក្សា​អំពី​ចំណត​ទារលុយ គឺ​ក្រុមហ៊ុន​ទាំងអស់​បាន​ឯកភាពគ្នា ដោយ​យល់ព្រម​ចូល​បេន​ទាំងអស់គ្នា​។

​ក្រុមហ៊ុន​ទាំង​៨ ដែល​ប្តឹងផ្តល់​ទៅ​អភិបាល​ខេត្តសៀមរាប​នោះ​មាន​ក្រុមហ៊ុន ឡា​រីតា​, ក្រុមហ៊ុន ថេ​រ៉ូ អ៊ិ​ច​ប្រេ​ស​, ក្រុមហ៊ុន GOLDEN BAYON EXPRESS, ក្រុមហ៊ុន VGS EXPRESS, ក្រុមហ៊ុន នាគ​ក្រ ហម​, ក្រុមហ៊ុន សូរិយា​, ក្រុមហ៊ុន G.EXPRESS និង ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​។​

​ចំពោះ​ការលើកឡើង​ពាក់​ព​ន្ធ័ ដែលថា មាន​កុងត្រូលជជុះ ស្ថិត​នៅមុខ​បុរី​សៀង ណាំ ដែល​បង្កើត ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ និង​ប៉ូលិស​ចរាចរណ៍​ជាប្រចាំ​នោះ ត្រូវបាន​លោក​ឃឹម ប៊ុន​សុង និយាយ ថា គឺ​ប៉ូលិស​ចរាចរណ៍ ដែល​ចាប់​ឡាន​នោះ ក្នុង​គោលបំណង ដើម្បី​ឲ្យ​ឡាន​ដឹក​អ្នកដំណើរ ចូល​ចំណត​ក្នុង​បុរី សៀង ណាំ ដើម្បី​បង់ប្រាក់​ទៅតាម​សៀវភៅ​បន្ទុក ដោយ​មិនមាន​កុងត្រូលជជុះ​នោះទេ​៕

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ នៅ​ខេត្តសៀមរាប បាន​ឯកភាព​ចូល​ចំណត​ទាំងអស់គ្នា​
​រូបភាព​៖​ក្រុមហ៊ុន​ឡាន​ចំនួន​៨ បាន​ឯកភាពគ្នា​ចូល​ចំណត និង​បង់ប្រាក់​ទៅតាម​សៀវភៅ​បន្ទុក​៕​គូលែន​