កូនប្រុស​ទី​២ របស់​នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត កូនប្រុស​ទី​២ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​កែសម្រួល និង​តែងតាំង​មុខងារ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត នាយករង នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​។​

​ការកែសម្រួល និង​តែងតាំង​មុខងារ​នេះ គឺ​យោងតាម​សំណើ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

​យោងតាម​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល និង​តែងតាំង​មុខងារ​នាយទាហាន ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ ដែលមាន​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​៖ ប្រការ​១៖ កែសម្រួល​មុខងារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អត្តលេខ ០០០១៨៣ អគ្គ​មេបញ្ជា​ការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គ​បញ្ជាការដ្ឋាន បច្ចុប្បន្ន​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​។ ប្រការ​២៖​តែងតាំង​មុខងារ​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត អត្តលេខ ០៧៥៥៥៥ ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន​៕​

កូនប្រុស​ទី​២ របស់​នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​
លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ចយោធា