ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បិទ​ទ្វារ

មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្កើត​ឡើង​ចំនួន ២៣​ឆ្នាំ​មក​ហើយ។ តាម​រយៈ​ការ​ព្យាបាល​ដោយ​មិន​យក​ប្រាក់ មន្ទីរពេទ្យ​នេះ​បាន​ជួយ​សង្គ្រោះ​កុមារ​ក្រីក្រ​កម្ពុជា រាប់​ពាន់​នាក់។ ព័ត៌មាន​ស្ដីពី​ការ​ខ្វះខាត​ហិរញ្ញវត្ថុ​ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​មន្ទីរពេទ្យ​គន្ធបុប្ផា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ការ​បិទ​ទ្វារ​របស់​មន្ទីរពេទ្យ​នេះ។

«សំឡេង​ពលរដ្ឋ​រៀបរាប់​ពី​កង្វល់»

នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​ពុធ ទី​២១ ខែ​តុលា មេឃ​ក្ដៅ​ស្អុះស្អាប់ នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​វត្តភ្នំ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​មាន​មនុស្សម្នា​ក្មេង​ចាស់​រាប់​រយ​នាក់​កំពុង​អង្គុយ​នៅ​មុខ​មន្ទីរពេទ្យ។ អ្នក​ខ្លះ​កំពុង​អង្គុយ​ផ្ទៀង​ស្ដាប់​លេខ​រៀង​របស់​ខ្លួន ដើម្បី​នាំ​កូន​ចៅ​ទៅ​ទទួល​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា។

ព័ន្ធ​ជុំវិញ​ដោយ​ហ្វូង​មនុស្ស​ដែល​កំពុង​អង្គុយ​ផ្ទាល់​លើ​ខឿន​ថ្នល់ ក្រោម​ដំបូល​រោង​រង់ចាំ លោកស្រី ហ៊ាង លីវ កំពុង​យក​កូន​អាវ​តូច​បក់​ឲ្យ​ចៅ​របស់​គាត់។ ចៅ​របស់​លោកស្រី ហ៊ាង លីវ កំពុង​ដេក​លង់លក់​លើ​ភ្លៅ​របស់​គាត់ បើ​ទោះ​ជា​មេឃ​ក្ដៅ​ស្អុះស្អាប់​ក៏ដោយ។ យូរៗ​ម្ដង ចៅ​របស់​គាត់​បាន​ក្អក។

លោកស្រី ហ៊ាង លីវ កំពុង​អង្គុយ​ផ្អែក​ទៅ​នឹង​ជញ្ជាំង​របង​របស់​មន្ទីរពេទ្យ។ លោកស្រី​ប្រាប់​ថា គាត់​បាន​ស្កាត់​មក​ពី​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដើម្បី​យក​ចៅ​របស់​គាត់​ដែល​មាន​អាការៈ​ក្អក និង​ហើម​ពោះ​មក​ព្យាបាល។

លោកស្រី​ឲ្យ​ដឹង​ថា ពេល​ចៅ​គាត់​ឈឺ​ដំបូងៗ លោកស្រី​បាន​យក​ទៅ​ឲ្យ​ពេទ្យ​នៅ​គ្លីនិក​ក្នុង​ភូមិ​ព្យាបាល​ដែរ តែ​ហាក់​មិន​ធូរ​ស្បើយ​សោះ៖ «កន្លែង​ហ្នឹង ពេល​គ្រូពេទ្យ​ឲ្យ​ថ្នាំ​យក​ទៅ​លេប ហើយ​ពេល​យក​ទៅ​បញ្ចុក​ទៅ វា​បាន​ស្រួល។ ពេល​ខ្ញុំ​ទៅ​ពេទ្យ​ផ្សេងៗ​ទៀត វា​អត់​បាន​ស្រួល​ទេ។ ម្ដង​ពីរ​ដង ចៅ​ខ្ញុំ​ដដែល វា​អត់​មាន​ធូរ​ស្បើយ។ អ៊ីចឹង​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា​ច្រើន ពេល​ចៅ​ខ្ញុំ​មិន​ស្រួល​ម្ដងៗ ខ្ញុំ​យក​មក​គន្ធបុប្ផា តែម្ដង»

ជីដូន​វ័យ ៥១​ឆ្នាំ​រូប​នេះ​រំឭក​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​លោកស្រី ដែល​នាំ​កូនចៅ​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នោះ​ទេ ពោល​គឺ​លោកស្រី​មាន​ប្រវត្តិ​ជាមួយ​មន្ទីរពេទ្យ​មួយ​នេះ​យូរ​មក​ហើយ៖ «ខ្ញុំ​មក​នេះ អត់​មាន​នរណា​ប្រាប់​ទេ។ ពី​ដើម​ឡើយ តាំង​ពី​កូន​ខ្ញុំ​ម្ល៉េះ ជំនាន់​កូន​ខ្ញុំ​នៅ​តូចៗ ខ្ញុំ​យក​មក​ហ្នឹង​ដែរ។ កូន​ខ្ញុំ​ធំៗ​អស់​ហើយ មាន​ប្ដី​មាន​ប្រពន្ធ មាន​ចៅ​មួយ​ចៅ​ពីរ​ខ្លះ​ហើយ ហើយ​កូន​ពៅ​អាយុ ១៨​ឆ្នាំ»

បន្ទាប់​ពី​បាន​នាំ​កូន​ត​ដល់​ចៅ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា លោកស្រី ហ៊ាង លីវ ថ្លែង​ថា មន្ទីរពេទ្យ​មួយ​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ពេទ្យ​ករុណា និង​ជា​ទី​សង្ឃឹម​សម្រាប់​គ្រួសារ​របស់​គាត់។

មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ ដោយ​លោក​វេជ្ជបណ្ឌិត​សញ្ជាតិ​ស្វីស ប៊េត រីច្ឆនឺរ (Beat Richner)។ មន្ទីរពេទ្យ​នេះ​បាន​ផ្ដល់​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​ដល់​កុមារ​កម្ពុជា។ មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប។

លោកស្រី ហ៊ាង លីវ ដែល​ធ្លាប់​នាំ​កូនចៅ​របស់​គាត់​មក​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា កោត​សរសើរ​ចំពោះ​សេវាកម្ម​ព្យាបាល​របស់​មន្ទីរពេទ្យ​នេះ បើ​ទោះ​ជា​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ក៏ដោយ៖ «ពេទ្យ​គន្ធបុប្ផា មាន​អនាម័យ​ក៏​ល្អ គ្រូពេទ្យ​សមរម្យ រាក់ទាក់​ជាមួយ​អ្នក​ជំងឺ ពិនិត្យ​ល្អិតល្អន់ យក​ចិត្ត​ទុក​ដាក់​នឹង​ជំងឺ​កុមារ»

ចន្លោះ​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​កុមារ​កម្ពុជា ១៤.១៥០​នាក់ បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា។ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ មន្ទីរពេទ្យ​នេះ​ព្យាបាល​ជំងឺ​ជូន​កុមារ​កម្ពុជា ចំនួន​ប្រមាណ ៣​ពាន់​នាក់ ដោយ​ចំណាយ​ប្រាក់​អស់ ១២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុង​រយៈពេល​ជាង ២៣​ឆ្នាំ​មក​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ចំនួន ៥៦០​លាន​ដុល្លារ។ ថវិកា​ដែល​ផ្គត់ផ្គង់​ការ​ចំណាយ​នេះ បាន​មក​ពី​ការ​បរិច្ចាគ​ពី​រដ្ឋាភិបាល​កម្ពុជា ពី​រដ្ឋាភិបាល​ស្វីស និង​ពី​សប្បុរសជន។ យ៉ាងណា​ក៏ដោយ មន្ទីរពេទ្យ​មួយ​នេះ​កំពុង​ខ្វះខាត​ថវិកា ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា។

​ព័ត៌មាន​ស្ដីពី​ការ​ខ្វះខាត​ថវិកា​ដើម្បី​ទ្រទ្រង់​លើ​ការ​ផ្ដល់​ការ​ព្យាបាល​ដោយ​មិន​គិត​ប្រាក់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ធ្វើ​ឲ្យ​លោកស្រី ហ៊ាង លីវ លើក​ឡើង​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មន្ទីរពេទ្យ​មួយ​នេះ​បិទ​ទ្វារ៖ «ខ្ញុំ​ព្រួយ​ណាស់ ព្រោះ​ចៅ​ខ្ញុំ​ឈឺ​តែង​បាន​មក​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា​ហ្នឹង ដែល​ងាយ​ស្រួល​នឹង​ជា មិន​សូវ​ខាត​ពេល​វេលា មិន​អស់​ថវិកា​អស់​ច្រើន ហើយ​រហ័ស​ជា​សះ​ស្បើយ​ផង។ តែ​ដល់​ពេល​ថា​ជិត​បិទ​អ៊ីចឹង ខ្ញុំ​ព្រួយ​ចិត្ត ពិបាក​ចិត្ត​ណាស់។ នៅ​ពេល​បិទ កុមារ​កម្ពុជា ទៅ​ទី​ពឹង​ខាង​ណា​ទេ។ ពិបាក​ចិត្ត​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​ជា​ប្រជាជន​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ហើយ​ម្យ៉ាង​ទៀត ជីវិត​ខ្ញុំ​ក៏​វា​អត់។ អ៊ីចឹង​បើ​គន្ធបុប្ផា ដំណើរ​ការ​ទៅ​មុខ​ទៀត​ទៅ ខ្ញុំ​ក៏​ជួយ​ត្រេកអរ ក៏​ខ្ញុំ​មាន​សោមនស្ស​រីករាយ ដំណើរ​ការ​ជួយ​កូន​ខ្មែរ​បាន​ច្រើន។ បើ​អត់​ទៅ មិន​ដឹង​ជា​យ៉ាង​ណា​ទេ ពិបាក​ចិត្ត ដេក​គិត អង្គុយ​គិត រាល់​តែ​ថ្ងៃ​ហ្នឹង​ដែរ ព្រោះ​ចៅ​របស់​ខ្ញុំ​វា​នៅ​តូចៗ ហើយ​វា​នៅ​ច្រើន​ទៅ​មុខ​ទៀត មិន​ដឹង​វា​យ៉ាង​ម៉េច»

​ថ្មីៗ​នេះ រដ្ឋាភិបាល អង្គការ​មនុស្សធម៌ វិស័យ​ឯកជន សិល្បករ និង​ក្រុម​នានា បាន​ធ្វើ​សកម្មភាព​រៃ​អង្គាស និង​បរិច្ចាគ​ថវិកា​យ៉ាង​ផុស​ផុល ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​កុំ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា បិទ​ទ្វារ។ ជាក់ស្ដែង ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ព្រះ​វររាជ​មាតា នរោត្តម មុនីនាថ សីហនុ បាន​ប្រោស​ប្រទាន​រាជទ្រព្យ​ជា​ព្រះរាជដំណាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​សម្រាល​ដល់​ការ​ចំណាយ​លើ​ផ្នែក​ហិរញ្ញវត្ថុ។

រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ថវិកា​បដិភាគ​ចំនួន ៥,២លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥ ហើយ​នឹង​បង្កើន​ថវិកា​ដល់ ៦​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។