លោក ផែង វណ្ណៈ បដិសេធជាថ្មីថា មិនបានគំរាម សម្លាប់លោក កឹម សុខា

ភ្នំពេញ៖ លោក ផែង វណ្ណៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានថ្លែង បដិសេធសារជាថ្មី ម្ដងទៀតនៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ថា លោកមិនបានគំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនោះទេ។

ការចេញមកអះអាងជាថ្មីរបស់លោកនេះ បានធ្វើឡើងស្របពេលដែល សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាការ ដើម្បីស៊ើបអង្កេតករណី Account facebook ឈ្មោះ ផែង វណ្ណៈ គំរាមសម្លាប់ លោក កឹម សុខា កាលពីពេលថ្មីៗនេះ។

ក្នុងនោះ សម្ដេច ស ខេង ក៏បានសម្រេចផ្ទេរភារកិច្ច ពីនាយរងការិយាល័យប្រឆាំង បទល្មើស បច្ចេកវិទ្យានៃ នាយកដ្ឋាន សន្តិសុខផ្ទៃក្នុង មកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការត្រួតពិនិត្យករណីល្មើស វិន័យបទបញ្ជាផ្ទៃក្នុង របស់កងកម្លាំង នគរបាលជាតិផងដែរ។

លោក ផែង វណ្ណៈ នៅរសៀលថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០១៥នេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា គណបក្សសង្រ្គោះជាតិបានប្ដឹងលោក ពីបទគំរាមសម្លាប់លោក កឹម សុខា តែលោកបដិសេធថា លោកមិនមែន ជាអ្នកគំរាមសម្លាប់ទេ។

 លោកបានបន្ថែមថា “ពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សសង្រ្គោះជាតិ ដែលគំរាមកឹម សុខាតាមហ្វេសប៊ុកអីនោះ រឿងនេះកើតឡើង២ឆ្នាំហើយ ហើយអត់មានពាក់ព័ន្ធ អីនឹងខ្ញុំទេ។ បាទអត់មានឈ្មោះខ្ញុំទេ និយាយឲ្យចំទៅ គឺបុគ្គលខ្លួនខ្ញុំ អត់មានបានប្រព្រឹត្តរឿងអស់ហ្នឹងទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ កញ្ញា លោក ផែង វណ្ណៈ ត្រូវបានក្រសួងមហាផ្ទៃកោះហៅ ទៅសាកសួរស្ទើរពេញ មួយថ្ងៃ ជុំវិញបទចោទថា មានគម្រោងគំរាមសម្លាប់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈ ការបង្ហោះគ្រាប់ ចំនួន៧គ្រាប់អមដោយកាំភ្លើងមួយដើមផង៕

លោក ផែង វណ្ណៈ បដិសេធជាថ្មីថា មិនបានគំរាម សម្លាប់លោក កឹម សុខា