ដុត​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ផ្សែងហុយ​ស្ទះចរាចរណ៍​អាកាស​នៅ​ថៃ

ផ្សែង​មាន​ជាតិពុល​ដែល​ហុយ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បង្ក​ឱ្យ​ស្ទះ​ជា​ថ្មី​ដល់​ចរាចរណ៍​តាម​អាកាស​ក្នុង​ប្រទេស​ថៃ​នា​ថ្ងៃ​ទី​២២ តុលា ។

ភ្លើង​ឆេះ​ព្រៃ​ទាក់ទិន​នឹង​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី​ដាំ​ដំណាំ​ញ៉ាំង​ឱ្យ​មាន​ផ្សែងហុយ​មក​ដល់​ប្រទេស​ថៃ ធ្វើ​ឱ្យ​យឺតយ៉ាវ​ដល់​ជើងហោះហើរ​៣​របស់​យន្តហោះ រវាង​ក្រុង​បាងកក និង​ហាត់​យ៉ៃ ចុង​ខាងត្បូង​ថៃ ។ ជើងហោះហើរ​ក្នុងស្រុក​មួយទៀត​ត្រូវ​បង្ខំ​វាង​កាលពី​យប់​ថ្ងៃ​ទី​២១ តុលា ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​ស៊ូ​រ៉ាត់​ថា​នី មក​ពី​មើល​មិនឃើញ​ច្បាស់ ។

ទីភ្នាក់ងារ​ឥណ្ឌូ​ណេ​ស៊ី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាលពី​ថ្ងៃ​ទី​១៩ តុលា កន្លង​មកនេះ ទទួលស្គាល់​ថា សភាពការណ៍​ពិតជា​ពុំ​អាច​ត្រួតត្រា​បាន ។ បណ្តា​ទិន្នន័យ​ផ្កាយ​រណប​បង្ហាញ​ថា នៅ​សល់​ចំណុះ​ក្តៅ​១.៥០០​ទៀត​នៃ​បណ្តា​តំបន់​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ ហើយ​នៅ​តំបន់​ទាំងនេះ​លក្ខខណ្ឌ​អនុគ្រោះ​ខ្លាំង​ងាយ​ឱ្យ​ភ្លើង​ឆាបឆេះ ។

កាលពីដើម​ខែតុលា​នេះ យន្តហោះ​ជា​ច្រើន​គ្រឿង​ដឹក​ពួក​អ្នកទេសចរ​ពេញ​ៗ​ទៅ​កាន់​តំបន់​កម្សាន្ត​មាត់សមុទ្រ​ភាគ​ខាងត្បូង​ថៃ ពុំ​អាច​ចុះ​បាន ព្រោះតែ​ផ្សែងភ្លើង​ហុយ​ពី​ឥណ្ឌូ​ណេ​ស៊ី​គ្របដណ្តប់​លើ​ផ្ទៃមេឃ​អាស៊ី​អាគេ្នយ៍​មក​ពី​ការ​ដុត​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី ។ កោះ​ទេសចរណ៍​ភូ​កេ​ត និង​កោះ​សា​មុ​យ​រង​ការ​ប៉ះពាល់​រហូត​ដល់​អ្នកទេសចរ​មួយ​ចំនួន​នាំ​គ្នា​ពាក់​ម៉ាស់​តាម​ឆ្នេរ​ខ្សាច់​នៅ​ភូ​កេ​ត ។ លើក​នេះ​ផ្សែងហុយ​មក​កាន់តែ​ឆ្ងាយ​ដល់​ក្រុង​បាងកក ។

ភ្លើង​ឆេះ​ព្រៃ​ដុត​ព្រៃ​ចាប់ផ្តើម​ពី​ច្រើន​ខែ​មក ហើយ​នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា និង​កាលី​ម៉​ង់​តាន់ របស់​ឥណ្ឌូ​ណេ​ស៊ី​ដែល​នៅ​ទីនោះ​គេ​វាទ​ដី​សម្រាប់​ដាំដូង​ប្រេង ៕