សម្តេច​ហ៊ុនសែន ទទួលយក​ការស្នើសុំ​របស់​មន្ត្រី​យោធា​ពិការ ដែល​ស្វែងរក​អន្តរាគមន៍​ពីស​ម្តេច

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ទទួលយក​ការស្នើសុំ​របស់​មន្ត្រី​យោធា ពិការ នៅ​ភូមិភាគ​៤ ដែល​បាន​កាន់​លិខិត​សុំ​អន្តរាគមន៍ ស្កាត់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​២ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​។

​នៅ​រសៀល​ថ្ងៃទី​២២​តុលា​នេះ មន្ត្រី​ខុទ្ទកាល័យ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បាន​ស្វែងរក​ការទាក់ទង​ទៅកាន់​មន្ត្រី​យោធា​នោះ ដោយបាន​ប្រាប់​អ្នកកាសែត​ថា សម្តេច​ហ៊ុនសែន បាន​ទទួលយក​ការស្នើសុំ​របស់​មន្ត្រី​យោធា​ពិការ​នោះ​ហើយ​។​

​សូម​រម្លឹកថា យោធា​ពិការ ដែល​បាន​ស្កាត់​ជួប​សម្តេច​ត​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ មានឈ្មោះ ឡុង ដេ អាយុ ៦៣​ឆ្នាំ ជា​យោធា​ភូមិភាគ​៤ ពិការ​ជើង​ខាងឆ្វេង​។​

​នៅក្នុង​លិខិត​របស់​មន្ត្រី​យោធា​ពិការ​ដាក់ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់ខ្លួន ដែល​ធ្លាក់ខ្លួន​ពិការ និង​គ្មាន​ផ្ទះសម្បែង​រស់នៅ ដើរ​ដេក​តាម​វត្ត​។​

​ជាមួយគ្នានេះ មន្ត្រី​យោធា​ពិការ​រូបនោះ ក៏បាន​សុំ​ផ្ទះមួយ​ខ្នង និង​ដី​សម្បទាន​សង្គមកិច្ច​មួយ​ហិកតា ដើម្បី​ដាំ​ដំណាំ ជា​លក្ខណៈ​កសិកម្ម​គ្រួសារ ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​លោក ឡុង ដេ បាន​លើកឡើងថា គាត់​បានដាក់​ពាក្យសុំ​ដី​សម្បទាន​សង្គម​ក​កិច្ច តាំងពី​ខែធ្នូ ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ មិនទាន់​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​ទេ​៕​

សម្តេច​ហ៊ុនសែន ទទួលយក​ការស្នើសុំ​របស់​មន្ត្រី​យោធា​ពិការ ដែល​ស្វែងរក​អន្តរាគមន៍​ពីស​ម្តេច