សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​​នៅ​ស្រុកឆ្លូង

ខេត្តក្រចេះ ៖ ​ឧបករណ៍​នេសាទ ​ដូច​ជា ​ស្បៃ​មុង​ និង​លបសាច់​អួនមាន​ចំនួន​​​ច្រើន​ពាន់​ម៉ែត្រ​​ត្រូវ​បាន​​សមត្ថកិច្ច​សម្រុះ​​​ចុះ​​​បង្ក្រាប​​នៅ​ថ្ងៃ​ទី​២២ ​តុលា ដែល​​ក្រុម​ជន​ល្មើស​បាន​​លួច​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ខុសច្បាប់​នៅ​តាម​បឹង​ធំ​ៗ​មួយ​ចំនួន​នៅ​ខាងក្រោយ​ឃុំ​កញ្ជរ និង​ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុ​កឆ្លូង​ ។

លោក ម៉ុ​ក ពន្លក នាយ​រង​ខណ្ឌ​រដ្ឋបាល​​ជលផល​ក្រចេះ​ បានឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​​អនុវត្តន៍​តាម​អនុសាសន៍​របស់​​លោក​ សរ ចំរុង អភិបាលខេត្ត​ និង​លោក ចាប សៀ​ក​ហេង នាយ​អធិការ​រដ្ឋបាល​ជលផល​មេគង្គ ​ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​លោក សៀន គិ​ន នាយ​ខណ្ឌ​​រដ្ឋ​បាល​ជលផល​ក្រចេះ ​ទោះបីជា​ពេល​នេះ​ជា​រដូវ​បើក​នេសាទ​ហើយ​យ៉ាងណា​ក្តី​ ក៏​បាន​​ចុះ​បង្ក្រាប​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ ។

ក្រុម​មន្ត្រី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចម្រុះ​​បង្ក្រាប​បាននា​​ពេល​នេះ ​រួម​មាន របាំង​ស្បៃ​មុង​ចំនួន​៣៥​ ​ប្រវែង​៣​ពាន់​ម៉ែត្រ​ លូ​ស្បៃមុង​ចំនួន​៧០​មាត់​លូ បង្គោល​ឃ្លៃ​ជា​ច្រើន​ពាន់​បង្គោល និងរ​បាំងសាច់​អួន​នីឡុងប្រវែង​ជា​៦០០​ម៉ែត្រ​ លប​សាច់​អួន​នីឡុង​ចំនួន​១០​​ និង​​បាន​ចាក់លែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​បឹង​ធម្មជាតិ​ចំនួន​ជិត​១​ពាន់​គីឡូក្រាម​​ផង​ដែរ ។

ក្រុម​មន្ត្រី​អះអាង​​​ថា វត្ថុ​តាង​ទាំងនេះ​គឺ​ត្រូវ​នាំ​ទៅថែរក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាលជលផល​ឆ្លូង ដើម្បី​កសាង​សំណុំ​ឯកសារ​ចាត់ការ​បន្ត​តាម​នីតិវិធី​​ ​ស្តី​ពី​ជលផល​ ។

​ទោះបីជា​យ៉ាងណា​​ក៏ដោយ​ ​ក្នុង​ប្រ​តិ​បត្តិ​ការ​​បង្ក្រាប​បទល្មើសនេសាទ​ជា​លក្ខ​ណៈទ្រុងទ្រាយ​ធំ​នេះ គឺ​ក្រុម​សមត្ថកិច្ច​ពុំ​មានការ​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់ដែល​ជាប់​ពាក់​ព័ន្ឋ​​​នឹង​​បទល្មើស​នេសាទ​ទាំងនេះ​ទេ​ ។

លោក​ ម៉ុ​ក ពន្លក ​បាន​​ឲ្យ​ដឹង​ទៀត​ថា អនុវត្ត​តាម​ទិស​ដៅ​របស់​គណៈ​បញ្ជា​ការឯក​​ភាព​ខេត្ត កម្លាំង​ខ​ណ្ឌ​រដ្ឋបាល​ជលផល ​​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ​ចុះ​បង្ក្រាប​នូវ​រាល់​បទល្មើស​​ខុសច្បាប់​បានជា​បន្តបន្ទាប់​នៅ​​​ទូ​ទាំង​ខេត្ត ទាំង​រដូវ​បើក​និង​បិទនេសាទ​ ៕