ប្អូន​ថ្លៃវាយ​បងថ្លៃ​មួយ​ខ្នងពូថៅ​បណ្ដាល​ឲ្យ​ប្រកាច់​ធ្លាក់​ដី​​នៅ​ស្រុក​ភ្នំ​ក្រវាញ

ខេត្តពោធិ៍សាត់ ​៖ ​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយសារ​​វាយ​បងថ្លៃ​មួយ​ខ្នងពូថៅ​សន្លប់​ ខ​ណៈ​ពេល​កំពុង​ផឹកស៊ី​មាន​ទំនាស់​ពាក្យ​សម្តី​​ជាមួយ​គ្នា​ កាលពី​​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩​ តុលា​ ​២០១៥ ​កន្លង​ទៅនេះ នៅ​ភូមិ​ក្សេត្រ​បូ​រី ​ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ ​។ ហើយ​ជនសង្ស័យ​បាន​ឃាត់ខ្លួន​ក្រោយ​ពេល​កើតហេតុ​នោះ​ផង​ដែរ ​ប៉ុន្តែ​ទើបតែ​បញ្ជូន​មក​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២២​ តុលា នេះ​ទេ​ ។

​លោក​វរសេនីយ៍ត្រី​ វង សា​វ៉េ​ត​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ ​បាន​ឲ្យ​ដឹង​ថា បុរស​​ដល់​ដៃ​​ឈ្មោះ ​សល់ សុភ​ក្កិ​ ​​អាយុ​២៨​ឆ្នាំ​ ​ត្រូវជា​​​ប្អូនថ្លៃ​របស់​​បុរសរង​គ្រោះ​ឈ្មោះ​ ស៊ូ វុ​ទ្ធី​ ហៅ​តៃ​ ​​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​ ។

បុរស​ដៃ​ដល់​ត្រូវ​បាន​ប៉ូលិស​​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ឈ្មោះ​ អឿ​ន ច​ន្ថា ​ត្រូវជា​ប្រពន្ធ​​របស់​​បុរស​រងគ្រោះ ដែល​បាន​រៀបរាប់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩​ តុលា នោះ​ ប្ដី​របស់​​គាត់​​ឈ្មោះ​ ស៊ូ វុ​ទ្ធី​ ​​បាន​ដើរទៅ​ច្រូតស្មៅ​ឲ្យ​ក្របី​ស៊ី​នៅ​ឯ​វាលស្រែ ​​ពេល​ដើរ​កាត់​តាម​មុខ​ផ្ទះ​របស់​ឈ្មោះ​ ចែ​ម លី​ចេ​ង ​ឃើញ​ឈ្មោះ ​សល់ សុភ​ក្កិ​ជា​ជន​សង្ស័យ​​កំពុង​ផឹកស្រា​ពីរ​នាក់​ម្ចាស់ផ្ទះ​ ​​ពេល​នោះ​ឈ្មោះ​ សល់ សុភ​ក្កិ​ បាន​ហៅ​ប្ដី​​គាត់​​ឲ្យ​ចូល​ផឹក​ជាមួយ​ដែរ ​បាន​​៣​នាក់​ ។​ ពេល​កំពុង​ផឹកស៊ី​ឈ្មោះ​ សល់ សុភ​ក្កិ​ បាន​និយាយ​អួត​រឿង​ធ្វើ​អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់កង់​ ព្រមទាំង​បាន​ទៅ​យក​ពី​ផ្ទះ​មក​បង្ហាញ​ទៀត​ផង ​។

​ក្រោយមក​​និយាយ​ប៉ះ​សម្តី​គ្នា​រឿង​ចែក​ក្របី​ឲ្យ​ប្អូនជីដូនមួយ​ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​​បុរស​រង​គ្រោះ​ ។​ ខ​ណៈ​នោះ​ ឈ្មោះ​ សល់ សុភ​ក្កិ ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ហើយ​បាន​បោក​កែវ បោក​ចាន និង​ប៊ីដុ​ង​ស្រា​បែក​ខ្ទេច រួច​​​ចុះ​ទៅ​យក​ពូថៅ​ក្រោម​គ្រែ​មក​វាយ​ឈ្មោះ​ ស៊ូ វុ​ទ្ធី​ មួយ​ខ្នងពូថៅ​ចំ​ស្លឹកត្រចៀក​ខាងស្ដាំ​បណ្ដាល​ឲ្យ​ប្រកាច់​ធ្លាក់​ដី​​ ប្រុង​ទៅ​វាយ​ថែម​ទៀត ​តែ​បាន​ឈ្មោះ​ ង៉ុ​យ អិត​ កូនប្រសារបស់​ម្ចាស់ផ្ទះ​ហក់​ទៅ​ជួយ​ទាន់​ រួច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ភ្នំក្រវាញ​ ។​ លោក​អធិការ​បន្ត​​​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម ​សមត្ថកិច្ច​​​​បាន​ចាប់​​ឃាត់ខ្លួន​ជន​ដៃដល់​ក្នុង​ថ្ងៃ​នោះ ​រួម​ជាមួយ​វត្ថុ​តាង​ ពូថៅ​ និង​អាវុធ​កែ​ច្នៃ​ផង​ដែរ ​។

​លោក​វរសេនីយ៍ទោ​ ម៉ូ លី​ដា ​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​​ខេត្ត​ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​សួរនាំ​​ជន​ដៃ​ដល់​រួច ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ព្រម​ទាំង​វត្ថុ​តាង​​​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​​ ​ដើម្បី​ចាត់ការ​​តាម​នីតិវិធី ៕ ​