លោកខាងលិច​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​លើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់

ក្រុម​ប្រទេស​លោកខាងលិច​ចំនួន៤រដ្ឋ​ដែល​នាំមុខ​ដោយ​អាមេរិក​បាន​ផ្ញើរ​លិខិត​ប្ដឹងតវ៉ា​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​លើ​ករណី​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ ដែល​លោកខាងលិច​អះអាងថា បំពាន​នឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ។ ក្រុម​បស្ចិមប្រទេស​បានទាមទា​រ​ឱ្យមាន​វិធានការ​ឆ្លើយតប​នឹង​ការរំលោភបំពាន​នេះ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រទេស​ចំនួន៤ បាន​សរសេរ​លិខិតតវ៉ា​មួយ​ដាក់ជូន​គណៈកម្មាធិការ​ទណ្ឌកម្ម​នៃ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​បើក​ការស៊ើបអង្កេត​មួយ​លើ​អ៊ីរ៉ង់​ដែល​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃ១០ ខែតុលា។ ប្រទេស​ទាំង៤នោះ​រួមមាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង​និង អាល្លឺម៉ង់។

សហរដ្ឋអាមេរិក ដែល​តំណាងឱ្យ​ប្រទេស៣ទៀត​បាន​សរសេរ​ក្នុង​លិខិត​ថា ការបាញ់​សាកល្បង​នេះ គឺ​ល្មើ​សនឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ថា​មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ គឺមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​បាន។  ម្យ៉ាងទៀត សហរដ្ឋអាមេរិក និង​ប្រទេស​ទាំង៣ ក៏បាន​បង្ហាញ​ដល់​ក្រុមប្រឹក្សាសន្តិសុខ នូវ​របាយ​ការ​ណ៏​មួយ​ដែល​បញ្ជាក់ថា អ៊ីរ៉ង់​ពិតជា​បាន​សាកល្បង​មី​ស៊ី​ល​មែន ហើយ​ទទូច​ឱ្យមាន​វិធានការ​សមស្រប។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាម​អ៊ីរ៉ង់​មិនឱ្យ​មានការ​បាញ់​សាកល្បង​កាំជ្រួច​អ្វី​ទាំងអស់។ តាមរយៈ​សេចក្ដីសម្រេច​លេខ១៩២៩ កាលពី​ឆ្នាំ២០១០ ក្រុមប្រឹក្សាសន្តិសុខ​បាន​ហាមឃាត់​អ៊ីរ៉ង់​មិនឱ្យ​សាកល្បង​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទិ​ច​ដែលមាន​សមត្ថភាព​នាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នោះទេ។

ចំណែកឯ តំណាង​របស់​អង់គ្លេស​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​Matthew Rycroftបានឱ្យដឹងថា វា​ច្បាស់​ណាស់​ថា  អ៊ីរ៉ង់​ពិតជា​បាន​ល្មើ​សនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ហាម​មិនឱ្យ​មានការ​សាកល្បង​មី​ស៊ី​ល​នោះទេ។ លោក​និយាយថា គណៈកម្មាធិការ​ទណ្ឌកម្ម​គួរ​ពិនិត្យ​រឿងនេះ​ឲ្យ​មានការ​ហ្មត់ចត់។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​បដិសេដថា ខ្លួន​មិន​ល្មើស​នឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះទេ។ ដោយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក​Javad Zarifបាន​លើកឡើងថា មី​ស៊ី​ល​នោះ​មិនមែន​សម្រាប់​បំពាក់​នុយក្លេអ៊ែរ​ទេ ហើយ​អ៊ីរ៉ង់​មិនមាន​គម្រោង​ដើម្បី​អភិវឌ្ឍ​គ្រាប់​នុយក្លេអ៊ែរ​ឡើយ។  

គួររម្លឹកថា អ៊ីរ៉ង់​និង​ប្រទេស៦ផ្សេងទៀត បានសម្រេច​ចេញ​នូវ​កិច្ចព្រមព្រៀង​មួយ ដែល​សំដៅ​ដល់​ការផ្អាក​ទាំងស្រុង​លើ​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​មកវិញ​ការដាក់ទណ្ឌកម្ម​នានា​នឹងត្រូវ​បាន​ព្យួរ​ឬ​លើកលែង៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?