ប្រធាន​ពន្ធនាគារ​រង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ជា​ទូទៅ

យោង​តាម​បណ្តឹង​អនាមិក​មួយ​ដែល​ចេញ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ.ប.ព. ឲ្យ​ដឹង​ថា ប្រធាន​ពន្ធនាគារ​ធំ​បំផុត​សម្រាប់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ទទួល​រង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ជា​ទូទៅ មាន​ទាំង​ការ​ជំរិត​ទារ​ប្រាក់​ដ៏​ច្រើន​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​អ្នក​ទោស​ទៅ​បន្ទប់​ថ្មី និង​បន្លំ​លួច​ប្រាក់​ដែល​ទុក​សម្រាប់​ចំណាយ​ក្នុង​ការ​ថែរក្សា​ពន្ធនាគារផង។

បណ្តឹង​មាន​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១៩​ខែ​តុលា បាន​បង្ហោះ​តាម​វិបសាយ​របស់ អ.ប.ព. រួម​ជាមួយ​នឹង​លិខិត​បដិសេធ​មួយ​ពី​លោក ខ្លូត តារា ប្រធាន​មណ្ឌល​កែប្រែ​ទី២​​នៅ​ក្រុង​ភ្នំពេញ។

មាន​ការ​ចោទ​ប្រកាន់​លោក តារា​ ថា​លោក​បាន​ទារ​ប្រាក់​ពី​១០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ពី​អ្នក​ទោស ប្រសិនបើ​ពួកគេ​ចង់​ប្តូរ​ទៅ​បន្ទប់​គុក​ស្អាត​ជាង ឬ ធំ​ជាង លួច​យក​ប្រាក់​រវាង​១០​លាន​រៀល​ដល់​១៥​លាន​រៀល​ពី​ថវិកា​ប្រចាំ​ខែ​របស់​រដ្ឋាភិបាល​សម្រាប់​ពន្ធនាគារ​នេះ ទារ​ប្រាក់​៣២.០០០​រៀល​ក្នុង​ការ​ចូល​សួរ​សុខទុក្ខ​អ្នក​ទោស​ម្តងៗ យក​ដាក់​ហោប៉ៅ​នូវ​ប្រាក់​ខែ​របស់​បុគ្គលិក​៩​នាក់ ដែល​មិន​បាន​មក​ធ្វើការ​នៅ​ពន្ធនាគារ​នេះ​តាំង​ពី​ឆ្នាំ​២០១១​មក។

លោក តារា​ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ ប៉ុន្តែ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ទៅ អ.ប.ព. លោក​បាន​និយាយ​ថា ការ​អះអាង​នោះ​មាន​ការ​ភាន់​ច្រឡំ។

លោក តារា​ បាន​និយាយ​ក្នុង​លិខិត​នោះ​ថា “ការ​លួច​ប្រាក់​ពន្ធនាគារ​ពី​១០​លាន​រៀល​ដល់​១៥​លាន​រៀល​គឺ​មិន​ពិត​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ផ្តល់​អាហារ​និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ​សម្រាប់​អ្នក​ទោស មុន​ថវិកា​រដ្ឋ​មក​ដល់​រាល់​ខែ។

លោក​បាន​បន្ថែម​ថា “យើង​មិន​តម្រូវ​ឲ្យ​គ្រួសារ​បង់​ប្រាក់​៣២.០០០​រៀល​ទេ ប៉ុន្តែ អង្គភាព​របស់​យើង​សុំ​ពួកគេ​បង់​ប្រាក់​២.០០០​រៀល​សម្រាប់​ការ​សួរ​សុខទុក្ខ​សាច់ញាតិ​របស់​ពួកគេ”។

លោក តារា​ បាន​បដិសេធ​ថា​មិន​បាន​យក​ប្រាក់​ពី​អ្នក​ទោស​ក្នុង​ការ​ប្តូរ​ទៅ​បន្ទប់​ថ្មី និង​យក​ប្រាក់​ខែ​របស់​អតីត​បុគ្គលិក​ដាក់​ហោប៉ៅ​ទេ។

លោក ឃុន សំបូរ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​និយាយ​ថា លោក​នៅ​តែ​ជឿ​ថា លោក តារា​ មាន​កំហុស។

លោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា លោក ខ្លូត តារា​ ពិតជា​បាន​ប្រព្រឹត្ត​បទ​ល្មើស ប៉ុន្តែ​យើង​មិន​អាច​រក​ឃើញ​ថា​គាត់​មាន​កំហុស។ ប្រសិនបើ គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ហេតុអ្វី​គេ​ប្តឹង​គាត់?”

លោក សំបូរ បាន​និយាយ​ថា អ.ប.ព. នឹង​ធ្វើការ​ស៊ើបអង្កេត​ពេញលេញ​លើ​លោក តារា​ ប្រសិនបើ​មាន​ភ័ស្តុតាង​ដែល​អាច​ទទួល​បាន។

ផ្នែក​ពន្ធនាគារ​ស្ត្រី​នៅ​ព្រៃ​ស​មាន​ចំនួន​អ្នក​ទោស​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រួម​​មាន​សកម្មជន​សិទ្ធិ​ដីធ្លី​មួយ​ចំនួន​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោកស្រី​ មួរ សុខហួរ​ ផង​ដែរ។

លោកស្រី យ៉ម បុប្ផា សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញពីដីធ្លី​ដែល​បាន​ជាប់​ពន្ធនាគារ​ ម២ បន្ទាប់ពី​ការ​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១២​ ពី​បទ​ចោទ​ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា មាន​បំណង​បំបិទ​មាត់​លោកស្រី​នោះ បាន​និយាយ​ថា​ ជា​រឿយៗ លោកស្រី​បាន​មើល​ឃើញ​ការ​យក​លុយ​ដើម្បី​បាន​ចូល​ទៅ​សួរ​សុខទុក្ខ និង​បាន​ដូរ​ទៅ​​បន្ទប់​គុក​ថ្មី។

លោកស្រី​ បុប្ផា​ បាន​និយាយ​ថា​ “ខ្ញុំ​នៅ​ក្នុង​គុក​នោះ​ច្រើន​ខែ ហើយ​បាន​ឃើញ​ថា ប្រសិនបើ​គ្រួសារ​បង់​លុយ​២០.០០០​រៀល​សម្រាប់​ការ​សួរ​សុខទុក្ខ​អ្នក​ទោស​ម្នាក់ ពួកគេ​អាច​មាន​ពេល​និយាយ​គ្នា​បាន​យូរ ប៉ុន្តែ គ្រួសារ​ខ្លះ​ក្រីក្រ ដូច្នេះ​ពួកគេ​បង់​ប្រាក់​២.០០០​រៀល ពួកគេ​អាច​មាន​ពេល​តែ​១០​នាទី​ប៉ុណ្ណោះ​​ដើម្បី​និយាយ​គ្នា”។

លោកស្រី​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ដែល​បាន​ឃើញ​លោក ខ្លូត តារា​ យក​ប្រាក់​ពី​អ្នកទោសផ្ទាល់​​ទេ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​មន្ត្រី​របស់​គាត់​យក​ប្រាក់​ពី​អ្នក​ទោស ប្រសិនបើ​ពួកគេ​ចង់​ប្តូរ​បន្ទប់​របស់​ខ្លួន ពីព្រោះ​បន្ទប់​របស់​ពួកគេ​ធុំ​ក្លិន​ស្អុយ​ ឬ​ពួកគេ​ចង់​មាន​បន្ទប់​ធំជាង​មុន”។

លោក បេ​ ទៀឡេង​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​លើ​លោក​ តារា​ ទេ ប៉ុន្តែ លោក​នឹង​បញ្ជូន​ក្រុម​មន្ត្រី​ដើម្បី​ស៊ើបអង្កេត​ពន្ធនាគារ​នេះ។

លោក​បាន​និយាយ​ថា​ “ខ្ញុំ​មិន​ប្រាកដ​ថា​ លោក តារា​​ ពិត​ជាបាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ ប៉ុន្តែ ខ្ញុំ​គិត​ថា​ ប្រហែល​ជា​មន្ត្រី​របស់​គាត់​ប្តឹង​រូប​គាត់ ពីព្រោះ​ពួកគេ​មិន​សប្បាយ​ចិត្ត​នឹង​មេ​របស់​ពួកគេ”៕និត

 

The post ប្រធាន​ពន្ធនាគារ​រង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ជា​ទូទៅ appeared first on ខេមបូឌា ដេលី.