កសិករ​នៅ​ខេត្ត​រតនគិរី​រំពឹង​ថា​នឹង​ទទួល​បាន​ទិន្នផល​ស្រូវ​ល្អ​ក្នុង​ឆ្នាំ​នេះ

នៅ​ចុង​រដូវ​វស្សា​ឆ្នាំ​នេះ ការ​ភ្ជួរ​រាស់​ដក​ស្ទូង ការ​ធ្វើ​ស្រែ​​ពង្រោះ រួម​ទាំង​ការ​ធ្វើ​ចំការ​ដាំ​ស្រូវ​របស់​ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បាន​ធ្វើ​ចប់​សព្វគ្រប់ ខណៈ​ភ្លៀង​បាន​បង្អុរ​គ្រប់គ្រាន់​តាំង​ពី​ដើម​រដូវ​មក។ កសិករ​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ទិន្នផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ គឺ​មិន​ប៉ះពាល់​ដូច​នៅ​តាម​ខែត្រ​មួយ​ចំនួន​ទៀត​ទេ។

កសិករ​ធ្វើ​ស្រែ​នៅ​ខេត្ត​រតនគិរី បាន​បញ្ចប់​ការ​ដក​ស្ទូង​ភ្ជួរ​រាល់ ឬ​ដាំ​ស្រូវ​ចប់​សព្វ​គ្រប់ ខណៈ​ដែល​ស្រូវ​​ស្រាល​ខ្លះ​បាន​ទុំ ស្រូវ​កណ្ដាល និង​ស្រូវ​ធ្ងន់​កំពុង​ធ្វើ​ខ្លួន មាន​ទឹក​គ្រប់គ្រាន់​នៅ​តាម​ស្រែ​នីមួយៗ។

តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី មាន​ផ្ទៃដី​ស្រូវ​សន្ទូង និង​ស្រូវពង្រោះ រួម​ទាំង​ចំការ​ដាំ​ស្រូវ​របស់​កសិករ​ជនជាតិ​ដើម​ភាគតិច​ជាង ២,៦​ម៉ឺន​ហិកតារ នៅ​ស្រុក និង​ក្រុង​សរុប ៩ របស់​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា ចាត់​ទុក​ដំណាំ​ស្រូវ​ឆ្នាំ​នេះ និង​ទទួល​បាន​លទ្ធផល​ល្អ ដោយសារ​តែ​កសិករ​ធ្វើ​បាន​គ្រប់ ១០០​ភាគរយ នៃ​ផែនការ​កំណត់​របស់​ក្រសួង​កសិកម្ម​ជាមួយ​នឹង​ទឹក​ភ្លៀង​ស្រោចស្រព​គ្រប់គ្រាន់​អាច​ឲ្យ​ស្រូវ​មាន​ផ្លែផ្កា​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់។

លោក​កត់សំគាល់​ថា បរិមាណ​ទឹកភ្លៀង​នៅ​ចុង​រដូវ​នេះ​ថ្វី​ត្បិត​ធ្លាក់​មិន​បាន​គ្រប់គ្រាន់ ក៏ប៉ុន្តែ​នៅ​គ្រប់​ស្រែ​របស់​កសិករ​មិន​មាន​បញ្ហា​ចោទ​លើ​កង្វះ​ទឹក​ក្នុង​ស្រែ​ឡើយ៖ «ឆ្នាំ​ទៅ​យើង​អាច​បញ្ចប់​នៅ​ខែ ៨​ឆ្នាំ​នេះ ជិត​ពាក់​កណ្ដាល​ខែ​៩ បាន​ចប់។ យើង​គិត​ថា ឆ្នាំ​នេះ​ទឹកភ្លៀង​តិច​ជាង​ឆ្នាំ​ទៅ ប៉ុន្តែ​យើង​បាន​ដក​ស្ទូង​អស់​ហើយ។ ស្រូវ​បាន​ច្រូត​ហើយ​ស្រូវស្រាល ស្រូវ​កណ្ដាល​ចេញ​ផ្លែផ្កា​បណ្ដើរ​ហើយ»

កាល​ពី​ឆ្នាំ​កន្លង​ទៅ កសិករ​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​ជាង ៤​ពាន់​តោន មិន​អាច​បំពេញ​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ការ​ហូប​ចុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​នៅ​ឡើយ។

ទាក់ទិន​ទៅ​នឹង​ដំណាំ​ស្រូវ​នេះ​ដែរ ប្រធាន​ភូមិ​ស្រែ​ឈូក​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ លោក ម៉ៃ ចៃ ប៉ាន់​ប្រមាណ​ថា កសិករ​ធ្វើ​ស្រែ និង​ទទួល​បាន​ទិន្នផល​ស្រូវ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ពីព្រោះ​នៅ​តាម​ស្រែ​ខ្លះ​ស្រូវ​ទុំ​ចេញ​ផ្លែ អាច​ច្រូត​កាត់​ជា​បណ្ដើរ និង​ស្រែ​ខ្លះ​ទៀត​ស្រូវ​ផើម​ត្រៀម​ចេញ​គួរ​ដាក់​គ្រាប់​បន្ត​ទៀត។

លោក​មាន​មោទនភាព​ថា ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ផលិត​ស្រូវ​អង្ក​រលក់​ចេញ​ទៅ​ទីផ្សារ និង​សម្រាប់​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ៖ «ប្រជាពលរដ្ឋ​ឆ្នាំ​នេះ គ្រាន់បើ​ជាង​ឆ្នាំ​ទៅ​ដោយសារ​ទឹក​ភ្លៀង​អំណោយ​ឲ្យ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ស្ទូង​អស់​ហើយ ស្រូវ​កំពុង​ចេញ​ផ្កា​អស់​ហើយ។ អ្នក​ខ្លះ​គេ​ដាក់​ស្រូវស្រាល​គេ​ហូប​អំបុក​បាត់​ទៅ​ហើយ»

ដូច​គ្នា​នេះ​ដែរ​មេ​ឃុំ​ត្រពាំងក្រហម លោក ឯម អឿន មាន​ប្រសាសន៍​ទទួល​ស្គាល់​ដែរ​ថា ដំណាំ​ស្រូវ​ឆ្នាំ​នេះ ប្រាកដ​ទទួល​បាន​ទិន្នផល​ខ្ពស់ ខណៈ​កសិករ​ខ្លះ​ត្រៀម​ច្រូតកាត់​ផល​ស្រូវ​របស់​ខ្លួន​ដូចគ្នា។ លោក​ត្រេកអរ​ដោយ​រំពឹង​ថា ប្រជាកសិករ​នៅ​មូលដ្ឋាន​នឹង​ទទួល​បាន​ជីវភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ។

នៅ​ខេត្ត​រតនគិរី កសិករ​ជា​ជនជាតិ​ដើម​ភាគ​តិច​មាន​ប្រពៃណី​​ធ្វើ​ចំការ ដាំ​ស្រូវ​បែប​បុរាណ។ ចំណែក​កសិករ​កំណើត​ខ្មែរ ថ្វី​ត្បិត​និយម​ធ្វើ​ស្រែ​ដោយ​ភ្ជួរ​រាស់​ដក​ស្ទូង ឬ​ធ្វើ​ស្រែ​ពង្រោះ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ធ្វើ​ស្រែ​អាស្រ័យ​ធម្មជាតិ ពឹង​លើ​ទឹក​ភ្លៀង​តែប៉ុណ្ណោះ។

មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​មូលដ្ឋាន​អង្គការ​សេដាក ខេត្ត​រតនគិរី លោក ខៀវ ឫទ្ធី កត់សំគាល់​ដែរ​ថា ថ្វី​ត្បិត​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ទូទាំង​ខេត្ត​រតនគិរី ក៏ប៉ុន្តែ​ការ​ដាំ​ស្រូវ​បែប​បូរាណ​របស់​កសិករ​មិន​អាច​ធ្វើ​ឲ្យ​ផល​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​ការ​ធ្វើ​ស្រូវ​បែប​វិទ្យាសាស្ត្រ​នោះ​ឡើយ។ លោក​ថា កត្តា​ប្រើប្រាស់​ពូជ ស្ថានភាព​ដី ការ​ដក​ស្ទូង ឬ​ដាំ និង​ការ​ប្រើ​ជី គឺ​ជា​កត្តា​សំខាន់​ដែល​កសិករ​ត្រូវ​ស្វែង​យល់​ដើម្បី​ដក​ស្រង​បទពិសោធន៍​ធ្វើ​ស្រែ​ទទួល​បាន​ទិន្នផល​ខ្ពស់​តាម​ក្បូន​ខ្នាត​កសិកម្ម។

លោក​ថា អង្គការ​សេដាក បាន​យក​ចិត្ត​ទុកដាក់​អប់រំ​ផ្សព្វផ្សាយ​ដល់​កសិករ​ពី​របៀប​ធ្វើ​ចំការ​ដាំ​ស្រូវ ឬ​ធ្វើស្រែ​សន្ទូង និង​ស្រូវ​ពង្រោះ​មាន​ទិន្នផល ប្រសិន​កសិករ​យក​ចិត្ត​ទុកដាក់​អនុវត្ត​តាម​ការ​អប់រំ​ផ្នែក​ដំណាំ​ស្រូវ​នេះ។ លើស​ពី​នេះ​ទៀត​លោក​ថា ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ប្រព័ន្ធ​ប្រឡាយ និង​អាង​ស្តុក​ទឹក​គឺ​ជា​កត្តា​សំខាន់​ដែល​អាច​ឲ្យ​កសិករ​ចាក​ផុត​ពី​ការ​ធ្វើ​ស្រែ​ប្រវាស់​មេឃ៖ «ជា​យុទ្ធសាស្ត្រ​របស់​គម្រោង ឬ​សេដាក​យើង គឺ​ជំរុញ​ឲ្យ​កសិករ​ជីក​ប្រឡាយ។ កាល​ណា​យើង​ជីក​ប្រឡាយ​ស្តុក​ទឹក​ទុក ការពារ​ទឹក​ទុក​ពេល​ស្រូវ​អស់​ទឹក យើង​មាន​ទឹក​ជុំវិញ​ហ្នឹង​ជា​ប្រព័ន្ធ​ដើម្បី​ឲ្យ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

របាយការណ៍​របស់​មន្ទីរ​កសិកម្ម​បង្ហាញ​ថា កសិករ​ធ្វើស្រែ​នៅ​ខេត្ត​រតនគិរី អាច​ទទួល​បាន​ទិន្នផល​ស្រូវ​ពី ១​តោន ទៅ ​២​តោន ក្នុង​ដីស្រែ​មួយ​ហិកតារ ក៏ប៉ុន្តែ​បរិមាណ​ទិន្នផល​ស្រូវ​នេះ​បាន​ថយ​ចុះ​ដោយសារ​ដី​អស់​ជីជាតិ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី មុន​ឆ្នាំ​២០១០ ផ្ទៃដី​ដាំ​ស្រូវ​ចំការ​របស់​ជនជាតិ​ដើម​ភាគតិច​មាន​ជាង ១,៥​ម៉ឺន​ហិកតារ ក្នុង​ចំណោម​ផ្ទៃដី​ស្រែ​សរុប​របស់​កសិករ​ទូទាំង​ខេត្ត​រតនគិរី ជាង ២,៥​ម៉ឺន​ហិកតារ។ រហូត​បច្ចុប្បន្ន​តួលេខ​ផ្ទៃដី​ស្រូវ​ចំការ​បាន​ថយ​ចុះ​នៅ​ប្រមាណ​ជាង ១,២​ម៉ឺន​ហិកតារ គឺ​តិច​ជាង​ផ្ទៃដី​ធ្វើ​ស្រែ​សន្ទូង ឬ​ស្រែ​ពង្រោះ​របស់​កសិករ​ខ្មែរ។

ជនជាតិ​ដើម​ភាគតិច​គ្រឹង រស់​នៅ​ស្រុក​អូរជុំ លោក ង៉ុក ប៊ុនភៀច កត់សំគាល់​ថា បច្ចុប្បន្ន​សមាជិក​សហគមន៍​ខ្លះ​ចាប់​យក​ដី​ទំនាប​ក្បែរ​អូរ ឬ​ច្រប់​មាន​ប្រភព​ទឹក ហើយ​លើក​ភ្លឺ​ធ្វើ​ស្រែ​សន្ទូង ឬ​ស្រែ​ពង្រោះ​ទៅ​តាម​ទម្លាប់​កសិករ​ខ្មែរ​ដែល​ចូល​មក​រស់​នៅ​ជិត​តំបន់​សហគមន៍។

លោក​កត់សំគាល់​ទៀត​ថា ដំណាំ​សណ្ដែកសៀង ឬ​ដំណាំ​ដំឡូង​មី ក៏​បាន​ទាក់ទាញ​កសិករ​ជនជាតិ​ដើម​ឲ្យ​បោះបង់​ដី​ដាំ​ស្រូវ​ចំការ​ដោយសារ​តែ​ដំណាំ​កសិឧស្សាហកម្ម​ទាំង​នោះ​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់​ប្រៀបធៀប​ចំណូល​ពី​ដាំ​ស្រូវ​ចំការ៖ «ខាង​ស្រូវ​បើ​យើង​ដាំ​ទៅ​ដូចជា​ចំការ​អ៊ីចឹង ជួនកាល​អត់​ទទួល​បាន​ផល​ច្រើន​ទេ ព្រោះ​ដី​អស់​ជីជាតិ​បើ​គាត់​ដាំ​សណ្ដែកសៀង ដាំ​ដំឡូង​ហ្នឹង គាត់​ទទួល​បាន​ទិន្នផល​ច្រើន។ ជួនកាល​បើ​គាត់​អត់​គ្រប់គ្រាន់​សម្រាប់​ស្រូវ​របស់​គាត់ គាត់​យក​សណ្ដែក យក​ដំឡូង​ទៅ​លក់​ទិញ​អង្ករ​បាន»

ក្រៅពី​ដំណាំ​ស្រូវ​នៅ​ខេត្ត​រតនគិរី កសិករ​ខ្មែរ និង​ជនជាតិ​ដើម​ភាគតិច​ដាំ​ដំណាំ​ដំឡូង​មាន​ផ្ទៃដី​ជាង ១,៤​ម៉ឺន​ហិកតារ ផ្ដល់​ទិន្នផល​ដំឡូង​ស្ងួត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ១០​ម៉ឺន​តោន។ ដំណាំ​សណ្ដែកសៀង មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ផ្ដល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៤​ពាន់​តោន។ដំណាំ​ស្វាយចន្ទី មាន​ផ្ទៃដី​ជាង ១,៧​ម៉ឺន​ហិកតារ ផ្ដល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៨​ពាន់​តោន និង​ដំណាំ​កៅស៊ូ រួម​មាន​ចំការ​កៅស៊ូ​ក្រុមហ៊ុន និង​ចំការ​កៅស៊ូ​គ្រួសារ​មាន​ជាង ៦,៧​ម៉ឺន​ហិកតារ។

ទោះជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី រំពឹង​ថា ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ នឹង​អាច​កើន​​ឡើង​ដល់​ជាង ៦​ម៉ឺន​តោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។