សម្តេចតេជោ ហ៊ុន សែន ៖ លោក អូបាម៉ា កំពុងទឹកភ្នែក ព្រោះមិនអាច គ្រប់គ្រងអាវុធ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា កំពុងតែហូរទឹកភ្នែក ដោយសារតែមិនអាចគ្រប់គ្រងអាវុធ នៅលើទឹកដីរបស់ខ្លួន នាំឲ្យមានការបាញ់បោះ នៅតាមទីសាធារណៈ និងសាលារៀន សម្លាប់ពលរដ្ឋអាម៉េរិក និងរងរបួសជាបន្តបន្ទាប់ ។

នៅក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានបរាជ័យក្នុងការកសាងច្បាប់ គ្រប់គ្រងអាវុធ ខណៈដែលកម្ពុជា អាចធ្វើបានជោគជ័យ តាមរយៈការអប់រំ និងវិធានការរដ្ឋបាល ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «សហរដ្ឋអាម៉េរិក ឥឡូវដល់ថ្នាក់ប្រធានាធិបតី ស្រក់ទឹកភ្នែកហើយ ព្រោះផ្ទះណា ក៏មានកាំភ្លើង អ្នកណា ក៏មានសិទ្ធិទិញកាំភ្លើង ទីបំផុតកាំភ្លើងហ្នឹង បាញ់តែតាមសាលារៀន បាញ់តែតាមហាង តាមអី ។ ប្រធានាធិបតី ខំប្រឹងធ្វើច្បាប់ ដើម្បីគ្រប់គ្រងអាវុធ កុំឲ្យមានលក់អាវុធទៅទៀត តែសភាមិនព្រមអនុម័ត ណុងហើយជាបញ្ហា តែនៅកម្ពុជាយើងធ្វើបាន»។

ថ្លែងដល់ការគ្រប់គ្រងអាវុធនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការចេញបទបញ្ជា ៨ចំណុច ពាក់ព័ន្ធការ ប្រើប្រាស់ប្រើប្រាស់ អាវុធជាតិផ្ទុះនៅកម្ពុជា និងការឈានទៅការកសាងរូបសំណាកកាំភ្លើងគួចកាណុង ជានិមិត្ត រូប នៃសន្តិភាព ផងដែរ ។

សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា មុនឈានដល់ការចេញបទបញ្ជាទាំង ៨ចំណុច ដែលធ្វើឡើងទីក្រុងព្រះ សីហនុ ដោយសារមន្រ្តីយោធានីមួយៗ ស្ពាយសុទ្ធតែ B-40 តាមខ្លួនចូលទៅហាងគុយទាវ ហើយកាំភ្លើងមាន ពេញទីក្រុង ។ ព្រោះតែបញ្ហានេះហើយ ទើបក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញ ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ សម្តេច បានចេញបទបញ្ជាដកកាំភ្លើង និងយកទៅកិនបំផ្លាញចោល ព្រមទាំងយកដែកកាំភ្លើងទៅធ្វើ ជារូបសំណាកកាំភ្លើងគូចកាណុង ធ្វើជានិមិត្តរូប នៃសន្តិភាព ៕

សម្តេចតេជោ ហ៊ុន សែន ៖ លោក អូបាម៉ា កំពុងទឹកភ្នែក ព្រោះមិនអាច គ្រប់គ្រងអាវុធ