ពលរដ្ឋ​នៅ​កំពង់ធំ​ថា​បទល្មើស​នេសាទ​កើត​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បញ្ជាក់​ថា អាជ្ញាធរ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​របាំង​រ៉ាវ ឬ​របាំង​ព្រួល ដាក់​នៅ​បឹង​ទន្លេសាប អោយ​មាន​ប្រសិទ្ធភាព​ឡើយ។ បញ្ហា​នេះ ពួកគេ​បារម្ភ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ម្យ៉ាង​ធ្វើ​ឱ្យ​ធនធាន​មច្ឆា​ជាតិ​អាច​ប្រឈម​ការ​វិនាស​ទៅ​ថ្ងៃ​មុខ​មិន​ខាន។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល លើក​ឡើង​ថា ដើមចម​ដែល​ធ្វើ​បទល្មើស​នេសាទ​នៅ​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ នៅ​តាម​តំបន់​បឹង​ទន្លេសាប អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​មាន​ការ​ឃុបឃិត​គ្នា​ពី​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន។ ការ​លើក​ឡើង​នេះ ព្រោះ​របាំង​រ៉ាវ ចន្លោះ​ពី ១.០០០​ម៉ែត្រ ទៅ ១.៥០០​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប​បាន​យ៉ាង​ស្រួល ដោយ​គ្រាន់តែ​រៀបចំ​ដាក់​ពន្លិច​ឱ្យ​ស្រេច​នៅ​ពេល​ណា​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់សណ្ដាយ ម្នាក់ លោក សាយ ជា ឱ្យ​ដឹង​ថា សកម្មភាព​ដាក់​របាំង​រ៉ាវ គឺ​មាន​តាំងពី​រដូវ​ទឹក​ចាប់​ផ្ដើម​ឡើង​ម្ល៉េះ ហើយ​របរ​ខុស​ច្បាប់​ទាំង​នោះ​តែង​បង្ក​ការ​លំបាក​ដល់​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដូចជា​រូបលោក៖ «គ្នា​តូចតាច​មាន​ឧបករណ៍​អី​ណា​រាប់​លាន​ទៅ​ដាក់​ដូច​គេ​ហ្នុង។ ប្រជាពលរដ្ឋ​តូចតាច​ខ្លះ​រក​តែ​អង្ករ​ស៊ី​មិន​បាន​ផង»

ប្រភព​ដដែល​ថា ប្រសិនបើ​នៅ​តែ​បណ្ដោយ​ឱ្យ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​អាច​បន្ត​វត្តមាន​បាន​ទៀត​នោះ ពូជ​ត្រី​នឹង​កាន់តែ​ហិនហោច ព្រោះ​សព្វថ្ងៃ ពូជ​ត្រី​មួយ​នៅ​ចំនួន​នៅ​បឹង​ទន្លេសាប​បាន​បាត់បង់​រួច​ទៅ​ហើយ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​ជលផល​កំពង់ធំ លោក ប៉ែន សុវណ្ណារិទ្ធ មិន​បាន​បកស្រាយ​យ៉ាង​ណា​ទេ ដោយ​លោក​ថា ជាប់​រវល់​ក្នុង​វេទិកា​ពិគ្រោះ​យោបល់។

ដោយ​ឡែក​មេ​ឃុំ​ផាត់សណ្ដាយ លោក ហេង មនោ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា បើ​និយាយ​ពី​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​វិញ គឺ​មាន​ជា​ប្រចាំ​រហូត​ហៅ​ពលរដ្ឋ​ទាំង​នោះ​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​នេសាទ​ខុស​ច្បាប់​ទៀត​ផង ប៉ុន្តែ​ពិបាក​បំផុត​ត្រង់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​មាន​ដី​សម្រាប់​ធ្វើ​ស្រែចម្ការ ដោយ​ពួកគេ​ខ្លះ​ត្រូវ​រស់​ពឹង​អាស្រ័យ​លើ​របរ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ។

លោក​ថា ប្រវែង​របាំង​ព្រួល ឬ រ៉ាវ គឺ​ពលរដ្ឋ​ដាក់​ខ្លីៗ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ពួកគេ​នាំ​គ្នា​ដាក់​ច្រើន គឺ​មើល​ឃើញ​ថា មាន​ប្រវែង​រាប់ពាន់​ម៉ែត្រ៖ «ពិបាក​មែនទែន​អូន​អើយ! ខ្ញុំ​ចេះ​តែ​មាន​ការ​អាណិតអាសូរ។ ពី​មុន​មក​ឧបករណ៍​សិប្បកម្ម​នេសាទ​របស់​គាត់​ហ្នឹង​មាន​ការ​អនុញ្ញាត ដោយ​អនុញ្ញាត​ឱ្យ​គាត់​នេសាទ​បាន ៥០០​ម៉ែត្រ មាន​ក្រឡា មាន​ប្រវែង មាន​ពេល​ត្រឹមត្រូវ ប៉ុន្តែ​ឥឡូវ​ត្រូវ​គេ​ហាមឃាត់​ទៅ គាត់​នៅ​តែ​លួច​រក​ហ្នឹង»

​ចំពោះ​ការ​ចោទ​ប្រកាន់​ថា អាច​មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច ចូលរួម​បិទបាំង​ឱ្យ​ប្រជាពលរដ្ឋ​នោះ លោក​មេ​ឃុំ​បញ្ជាក់​ថា មិន​បាន​ដឹង​ទេ។ យ៉ាង​ណា​លោក​ថា ប្រសិនបើ​ការ​ស្នើ​សុំ​ដីធ្លី​ទៅ​ថ្នាក់​ខេត្ត​សម្រាប់​ពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​នោះ​បាន​សម្រេច របរ​នេសាទ​ខុស​ច្បាប់​អាច​កាត់​បន្ថយ។ លើស​ពី​នេះ របរ​នេសាទ​ខុស​ច្បាប់​នឹង​លែង​មាន​នៅ​ក្នុង​ឃុំ​របស់​លោក ប្រសិនបើ​គម្រោង​កែច្នៃ​ទៅ​ជា​តំបន់​ទេសចរណ៍​នៅ​ឃុំ​ផាត់សណ្ដាយ អាច​ចេញ​ជា​រូបរាង​ឡើង។

ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ជលផល និង​ព្រៃឈើ សាខា​ខេត្ត​កំពង់ធំ លោក កែវ សុខុន មាន​ប្រសាសន៍​ថា ខាង​លោក​តែង​រាយការណ៍​ពី​បញ្ហា​បទល្មើស​នេសាទ​ខុស​ច្បាប់​ទៅ​មន្ត្រី​ជំនាញ​ជា​រឿយៗ ប៉ុន្តែ​ពួកគេ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ លោក​ថា នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ម្តងៗ ពលរដ្ឋ​រក​របរ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​​តែង​ដឹង​ខ្លួន​មុន​ជានិច្ច៖ «ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​គ្នា​ល្អ​ទើប​បាន​ល្អ។ បើ​នៅ​តែ​អ៊ីចឹង​អត់​កើត​ទេ! កើត​តែ​បទល្មើស​រហូត​ហ្នឹង»

​របាំង​ព្រួល​នៅ​ក្នុង​គោលការណ៍​ច្បាប់ គឺ​គេ​អនុញ្ញាត​ឱ្យ​នេសាទ​បាន​ក្នុង​ប្រវែង​មិន​ឱ្យ​លើស​ពី ៥០​ម៉ែត្រ​ឡើយ ហើយ​មិន​ត្រូវ​នេសាទ​នៅ​ក្នុង​រដូវ​ត្រី​ពង​កូន​ទេ។ បន្ថែម​ពី​នេះ​ទៀត ឧបករណ៍​នេសាទ​ខុស​ច្បាប់​ផ្សេង​ទៀត រួម​មាន​លូ​ស្បៃ​មុង អួន​ក្រឡា​ញឹក ឧបករណ៍​ឆក់​ជាដើម ក៏​ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ដែរ ប៉ុន្តែ​យ៉ាង​ណា​ច្បាប់​នៅ​តែ​ជា​ច្បាប់ រី​ឯ​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​តែ​បន្ត​វត្តមាន​នៅ​តាម​បឹង ព្រែក ទន្លេ បាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។