ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​អាស៊ី​កណ្តាល ប្រជែង​ទីផ្សារ​ជាមួយ​ចិន

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ​២២ ​តុលា​នេះ ​ លោក​ស៊ិនហ្សូ អាបេ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បាន​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច ​នៅ​តំបន់​អាស៊ី​កណ្តាល​រយៈពេល​៥ថ្ងៃ ​ដោយ​បាន​ចាប់​ផ្តើម ​ពី​ប្រទេស​ម៉ុងហ្គោលី។ នេះ​ជា​ទស្សនកិច្ច ​ ដែល​មាន​ទិសដៅ​សេដ្ឋកិច្ច​ទាំង​ស្រុង ​ ដោយសារ​ម៉ុងហ្គោលី ​និង​ប្រទេស​អាស៊ី​កណ្តាល​ផ្សេង​ទៀត​ សំបូរ​ទៅ​ដោយ​ធនធាន​រ៉ែ​ក្រោម​ដី ​ដ៏​មហាសាល។ ចិន ​ដែល​បាន​បោះ​ជំហាន​ ទៅ​មុខ​ មុន​ជប៉ុន ​បាន​ដណ្តើម​យក​ទីផ្សារ​ មួយ​ចំនួន​ធំ​រួច​ទៅ​ហើយ។ ជប៉ុន​ដែល​ទើប​តែ​ចេញ​ប្រតិបត្តិការ​វាយ​លុក​ទីផ្សារ​ នា​ពេល​នេះ ​ សង្ឃឹម​យ៉ាង​ខ្លាំង​ ទៅ​លើ​ភាព​ទាក់ទាញ ​នៃ​បច្ចេកវិទ្យា​វិស្វកម្ម​ទំនើប​របស់​ខ្លួន ​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ។