អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២៤​នាក់​ទៅ​សាលាដំបូង

រាជធានី​ភ្នំពេញ  ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២៤​នាក់ និង​ម៉ា​ទឹកកក​៣២​កញ្ចប់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អាវុធហត្ថ​រាជធានី កសាង​សំណុំរឿង​បញ្ជូន​ទៅ​នៅ​សាលាដំបូង​នៅ​ថ្ងៃនេះ បន្ទាប់​ពី​សហការ​បង្ក្រាប​ជាមួយ​កម្លាំង​អាវុធហត្ថ​៣​ខណ្ឌកាល​ពី​ពេល​កន្លង​មក ។

លោក​វរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​អាវុធហត្ថ​រាជធានី បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៥​នេះ​ថា ជនសង្ស័យ​សរុប​ទាំងអស់​២៤​នាក់ ដែល​ត្រូវ​បាន​អាវុធហត្ថ​ការិយាល័យ​ជំនាញ រួម​សហការ​ជាមួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌ​ជ្រោយចង្វារ និង​ដូនពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​តាម​ខណ្ឌ​ទាំង​៣​ខាងលើ​ ។ លោក​បន្ត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ កម្លាំង​អាវុធហត្ថ​រាជធានី​ដកហូត​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៣២កញ្ចប់​តូច ព្រមទាំង​សម្ភារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ។ ក្នុង​នោះ​ឃាត់ខ្លួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​១៩​នាក់ និង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​២៨​កញ្ចប់​, នៅ​ខណ្ឌ​ច្បារ​អំពៅ​, ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌដូនពេញ ចាប់ខ្លួន​បាន​៥​នាក់ និង​ថ្នាំ​ញៀន​៤​កញ្ចប់​ទៀត ។

លោកនាយ​ការិយាល័យ​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​១៩​នាក់​ដែល​ឃាត់ខ្លួន​ក្នុង​ផ្ទះ​សំណាក់​វិមាន​អង្គរ​ជ័យ នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​នោះ តាម​ពិត​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​តែ​១២​នាក់​ប៉ុណ្ណោះ ដូច្នេះ​អ្នក​មិន​ពាក់ព័ន្ធ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕