អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្រោយ​ផ្សារ​កំពង់ធំ បន្ទាប់​ពី​មានការ​រិះគន់​ថា​សណ្ដាប់ធ្នាប់​កំពុង​តែ​ធ្លាក់​ចុះ

ខេត្តកំពង់ធំ ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ស្ទឹង​សែន​កំពុង​តែ​ធ្លាក់​ចុះ អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​ដាក់​បញ្ជា​ឲ្យ​សាលា​ក្រុង​ស្ទឹង​សែន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​កែ​លម្អ​សណ្តាប់ធ្នាប់​នៅ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​កំពង់ធំ កាលពី​ថ្ងៃ​ទី​២២ តុលា ២០១៥ ។

លោក អ៊ា គឹ​ម​ឡូ​ន អភិបាលរង​ក្រុង​ស្ទឹង​សែន បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បទបញ្ជា​ពី​លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ ឲ្យ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​កំពង់ធំ លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ដោយ​មានការ​ចូលរួម​ពី​លោក​ចៅសង្កាត់​កំពង់ធំ កម្លាំង​នគរបាល​ខេត្ត នគរបាល​ក្រុង និង​កម្លាំង​សន្តិសុខ​ផ្សារ​ផង​ដែរ ចុះ​រៀបចំ​នៅ​ចំណុច​ផ្នែក​ខាងក្រោយ​ផ្សារ ដែល​កំពុង​តែ​បង្ក​ភាព​អនាធិបតេយ្យ​ធ្វើ​ឲ្យ​បាត់បង​សណ្តាប់ធ្នាប់ ក៏​ដូច​ជា​សោភ័ណ​ភាព​ក្នុង​ក្រុង​ស្ទឹង​សែន ចាប់ពី​ថ្ងៃ​ទី​២២ តុលា ២០១៥​នេះ​តទៅ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដាក់​តាំង​ទំនិញ​ហៀរហូរ​មក​លើ​ផ្លូវ​សាធារណៈ​នោះ​ទេ ។ លោក​អភិបាលរង​ក្រុង​បញ្ជាក់​ថា ក្នុង​គោលការណ៍​រៀបចំ​សណ្តាប់ធ្នាប់​នេះ មិនមែន​រៀបចំ​តែ​ខាងក្រោយ​ផ្សារ​នោះ​ទេ គឺ​យើង​រៀបចំ​ជា​ជំហាន​ៗ គឺ​ជំហាន​ទី​១ រៀបចំ​តែ​ខាងក្រោយ​ផ្សារ​សិន​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជំ​ហ៊ាន​ទី​២ រៀបចំ​អ្នក​លក់ដូរ​នៅ​តាម​ផ្ទះថ្ម និង​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្នែក​ខាងក្នុង​ផ្សារ ។

ជុំវិញ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ដែរ​ក៏​មាន​មតិ​ប្រជាពលរដ្ឋ និង​អា​ជីករ​ជា​ច្រើន​នាំ​គ្នា​និយាយ​រិះគន់​ថា កន្លង​មក​ឃើញ​តែ​រៀបចំ​សណ្តាប់ធ្នាប់​តែ​ខាងក្រោយ​ផ្សារ ចំណែក​អ្នក​លក់ដូរ​នៅ​តាម​ផ្ទះថ្ម ពួក​គេ​ដាក់​តាំង​ទំនិញ​ហៀរហូរ​មក​ដល់​ចិញ្ចើមថ្នល់ មិនតែប៉ុណ្ណោះ​ថែម​ទាំង​នាំ​គ្នា​ធ្វើ​ទ្វារ​ដែក​បិទ​ជិត​មក​ដល់​ចិញ្ចើមថ្នល់​ទៀត​ផង ហេតុ​អ្វី​ក៏​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន និង​អាជ្ញាធរ​ខេត្តកំពង់ធំ​មើល​មិនឃើញ ។ ចំពោះ​ពួក​គាត់​នៅ​ខាងក្រោយ​ផ្សា​រហាម​ដាច់ខាត​មិន​ឲ្យ​ដាក់​ទំនិញ​មក​លើ​ទ្រូងផ្លូវ​សូ​ម្បី​តែ​កន្លះ​ម៉ែត្រ​ក៏​មិន​បាន​ដែរ ចុះ​ចំណែក​នៅ​មុខ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​អរុណរះ កំពុង​តែ​យក​ដី​ចំណី​ផ្លូវ និង​ផ្លូវ​សារ​ធារ​ណៈ​ធ្វើ​អាជីវកម្ម​សម្រាប់​ចត​រថយន្ត​តូច​-​ធំ​ទាំង​យប់​ទាំង​ថ្ងៃ ហេតុ​អ្វី​បានជា​អាជ្ញាធរ​ក្រុង និង​ខេត្ត​មើល​មិនឃើញ​ពី​បញ្ហា​នេះ​ផង ធ្វើ​របៀប​នេះ​ហាក់ដូចជា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​គាត់ ព្រោះ​ពួក​គាត់​ក៏​បាន​បង់ពន្ធ និង​ភាស៊ី​ជូន​រដ្ឋ​ដូច​គ្នា​ដែរ​តើ ? ឬ​ក៏​ធ្វើ​បាន​តែ​ចំពោះ​អ្នកក្រ​ទេ?