រដ្ឋាភិបាល​គ្រោង​សង់​ស្ពាន​២​ទៀត​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​អរិយក្សត្រ​និង​ស្វាយជ្រំ

រដ្ឋាភិបាល​មាន​គម្រោង​សង់​ស្ពាន​ពីរ​ទៀត ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ ទៅ​កាន់​អរិយក្សត្រ និង​ស្វាយជ្រំ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង ជា​សាធារណៈ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២ នៅ​ថ្ងៃ​ទី​២២ តុលា។

ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា គម្រោង​ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ចិននេះ ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ ហើយ​ក៏​ជា​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​សម្រាប់​ទៅ​ថ្ងៃ​មុខ​ផង​ដែរ៖ «ដើម្បី​ការ​អភិវឌ្ឍ​បាន ការ​តភ្ជាប់​សំខាន់​ណាស់ ហើយ​នៅ​ក្នុង​ការ​តភ្ជាប់​នេះ គឺ​អ្នក​ដែល​មាន​លទ្ធភាព​ជួយ​យើង​បាន គឺ​មិត្ត​ចិន​នេះ​ឯង អ៊ីចឹង​ទេ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ចិន​នេះ ដែល​បាន​សាងសង់​ស្ពាន​ជ្រោយ​ចង្វារ​នេះ កំពុង​សិក្សា​បន្ត ទៅ​លើ​គម្រោង​ស្ពាន​ទាំង​ពីរ​នេះ»

ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ការ​សិក្សា គម្រោង​សង់​ស្ពាន​ទាំង​ទី២​នេះ ទី​១​ស្ថិត​នៅ​ចំណុច​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឆ្លងកាត់​ទន្លេ​មេគង្គលើ ទៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល និង​ទីតាំង​១​ទៀត ស្ថិត​នៅ​ចំណុច​ភូមិ​ក្ដី​តាកុយ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ឆ្លង​កាត់​ទន្លេ​មេគង្គក្រោម ទៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។