អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ចោរ​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​នៅ​មុខ​វត្ត​ព្រៃ​ស្ពឺ

រាជធានី​ភ្នំពេញ ៖ បុរស​​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ស្ទាក់​កាប់​ប្លន់​​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយ​គ្រឿង យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ តុលា ២០១៥ នៅ​ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ ស្ថិត​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ជន​រង​គ្រោះ​ជិះ​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ពី​ជន​រង​គ្រោះ​(មិន​បាន​ប្រាប់​អត្តសញ្ញាណ)​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​​ដល់​ចំណុច​មុខ​វត្ត​ព្រៃ​ស្ពឺ​ស្រាប់តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​បាន​មក​កាប់​ជន​រង​គ្រោះ​ចំ​ស្លឹកត្រចៀក​ឆ្វេង​ប្លន់​​​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​យក​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ៕