កម្មវិធី«ASEAN MEDIA BLOGGERS TOURISM HUNT 2015» នៅ​ម៉ាឡេស៊ី​បានបញ្ចប់

ម៉ាឡេស៊ី៖ កម្មវិធី «ASEAN MEDIA BLOGGERS TOURISM HUNT 2015» នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី២០ ខែតុលា ។ កម្មវិធី​នេះ​ត្រូវបាន​ក្រសួងទេសចរណ៍ និង​វប្បធម៌ ម៉ាឡេស៊ី (Tourism Malaysia) រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ វប្បធម៌ និង​កម្មវិធី​មួយចំនួនទៀត នៅ​ប្រទេស​ម៉ាឡេស៊ី។

តាមរយៈ​ការផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពី​បណ្ដា​ប្រទេស​នានា​មក​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ខ្លួន​នោះ ក្រសួង​ទេសចរ​ម៉ាឡេស៊ី ក៏បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ចំនួន៤០នាក់ ដែល​មកពី​តំបន់​អាស៊ាន​ចូលរួម ទស្សនា​សារមន្ទីរ​យោធា​ជាតិ សារមន្ទីរ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ សួនសត្វ​អូទ្រីស តំបន់​ទេសចរ​ពូ​ត្រា​ចា​យ៉ា(Putra Jaya) តំបន់​ម៉ា​ឡា​កា(Malacca) និង​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ទៀត។
កម្មវិធី«ASEAN MEDIA BLOGGERS TOURISM HUNT 2015» នៅ​ម៉ាឡេស៊ី​បានបញ្ចប់
អ្នកសារព័ត៌មាន​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​វិធី «ASEAN MEDIA BLOGGERS TOURISM HUNT 2015» នេះ ក្នុងនោះ​រួមមាន៖ ប្រទេស​ម៉ាឡេស៊ី  កម្ពុជា សឹង្ហ​បុរី ប្រុយ​ណេ វៀតណាម ឥណ្ឌូនេស៊ី ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។

ក្រៅពី​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរ​នានា ក្រសួងទេសចរណ៍​ម៉ាឡេស៊ី ក៏​រៀបចំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងនោះ ចូលរួម​កម្មវិធី​កម្សាន្ដ​មួយចំនួនទៀត ដូចជា កម្មវិធី ប្រមាញ់​រូបថត​នៅតាម​តំបន់​ទេសចរ(Photo Hunt)  កម្មវិធី​ប្រមាញ់​រូបភាព​សម្ភារៈ​បុរាណ​នៅតាម​សារមន្ទី (Treasure Hunt) កម្មវិធី ឲ្យ​ចំណី​សត្វ រក​ស៊ុត​សត្វ រត់ប្រណាំង​ជាមួយ​សត្វ​អូ​ស្ទ្រី​ស និង​ការចាប់​សត្វ​ក្ងាន​ជាដើម ដើម្បី​ទទួលបាន​រង្វាន់ផ្សេងៗទៀតផង។

លោក YB Dato’Seri Mohamed Nazri Abdul Aziz រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វប្បធម៌ បាន​ឲ្យ​ដឹងថា កម្មវិធី​មួយ​នេះ​គឺមាន​សារៈសំខាន់​បំផុត ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន និង​អ្នកសរសេរ Bloggers ជួយ​ផ្សព្វផ្សាយ​បង្ហាញ​ពី​តំបន់​ទេសចរណ៍សំខាន់ៗប្រចាំ​ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្ដា​ប្រទេស​នានា ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួង​ទេសចរ​រូបនេះ បាន​បន្ថែមទៀតថា ម៉ាឡេស៊ី នឹង​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ទេសចរណ៍​ដ៏​មាន​សក្តានុពល តាមរយៈ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់ ទេសចរ​តាមបែប​ស្ថាបត្យកម្ម បង្កើន​សេវាកម្ម បង្កើន​ចំនួន​ផលិតផល​ឲ្យ​បាន​ច្រើន និង​បង្កើត​កម្មវិធី​កម្សាន្តសប្បាយៗរហូត​ជាង៥០ថ្ងៃ​ក្នុង​មួយឆ្នាំ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​បាន​កាន់តែច្រើន ។

គិត​ត្រឹម​រយៈពេល៩ខែ​ឆ្នាំ២០១៥នេះ ភ្ញៀវ​ទេស​មានការ​កើនឡើង​ចំនួន២៩,៥លាន​នាក់ ដែលមាន​ចំណូល​ស្មើ​ប្រមាណ៨០ពាន់​លាន រីង​គីត ស្មើនឹង​ប្រមាណ១៩,១៣២,៩២១,៦០០ ដុល្លារ ។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ២០១៤កន្លងមក ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង២៧,៥លាន​នាក់ ដែលមាន​ចំណូល​ស្មើនឹង៧២ ពាន់​លាន រីង​គីត ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា ១៧,២១៩,៦២៩,៤៤០ ដុល្លារ​អាមេរិក។ ចំណែក​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​ម៉ាឡេស៊ី​ច្រើនជាងគេ គឺ ភ្ញៀវទេសចរ​សឹង្ហ​បុរី ដែលមាន​ចំនួន​ជិត១៤លាន​នាក់ (យោងតាម​ចំនួន​ភ្ញៀវ​ចេញ-ចូល) ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី មាន​ចំនួន២,៨លាន​នាក់ ភ្ញៀវទេសចរ​ចិន មាន​ចំនួន​ជាង ១,៦លាន​នាក់ ភ្ញៀវទេសចរ​ថៃ មាន​ចំនួន​ជិត១,៣លាន​នាក់ ភ្ញៀវទេសចរ​ប្រ៊ុយណេ មាន​ចំនួន​ជាង ១,២លាន​នាក់ និង​ភ្ញៀវទេសចរ​មកពី​តំបន់ផ្សេងៗទៀត៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?