លោក ហ៊ុន សែន ទាមទារ​ឲ្យ​រក​ឫសគល់​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​អ្នក​នយោបាយ​ដែល​មាន​ទស្សនៈ​ខុស​ពី​លោក បកស្រាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឲ្យ​គ្រប់​ជ្រុងជ្រោយ។ ប៉ុន្តែ​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​លើក​ឡើង​ថា អ្នក​នយោបាយ​សព្វថ្ងៃ​កំពុង​កេង​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។

មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​រំឭក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លោក ហ៊ុន សែន រំឭក​ទៅ​អ្នក​នយោបាយ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន ទាក់ទង​នឹង​ដើម​កំណើត​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ លោក​ថា មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​បំភ្លេច​ពី​ឫសគល់ ដោយ​គេ​ច្បិច​តែ​ចំណុច​តូច​មួយ​យក​មក​និយាយ៖ «»។

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ជ្រោយចង្វារ​ទី​២ និង​រង្វង់​មូល​ត្រើយ​ខាង​លិច ត្រើយ​ខាង​កើត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា។

ទោះ​មិន​រិះគន់​ចំ​ឈ្មោះ ប៉ុន្តែ​ទំនង លោក ហ៊ុន សែន ឌឺដង​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ខណៈ​ដែល លោក កឹម សុខា សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ កិច្ច​ព្រមព្រៀង​នេះ ជា​មរតក​ដ៏​មហា​សាល​នៃ​អ្នក​ស្នេហា​ជាតិ​កម្ពុជា គ្រប់​ភាគី ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​អន្តរជាតិ។

អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នោះ​ជា​ការ​យល់​ឃើញ​របស់​លោក ហើយ​នេះ​ជា​សិទ្ធិ​របស់​លោក​ក្នុង​ការ​បញ្ចេញ​មតិ។ លោក កឹម សុខា បន្ត​ថា គ្រប់​តួអង្គ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា គឺ​សុទ្ធតែ​ជា​ភាគី​សំខាន់៖ «»។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ។

នៅ​ឆ្នាំ​២១០៥ នេះ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា មាន​អាយុ ២៤​ឆ្នាំ បន្ទាប់​ពី​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​សមិទ្ធផល​ផ្តាច់​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កើត​ឡើង​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រៀបរាប់​ពី​ដំណើរ​ការ​ការ​វិវឌ្ឍ និង​ទេពកោសល្យ​របស់​លោក​ក្នុង​ការ​ចរចា ដើម្បី​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន លើក​ឡើង​ថា អ្វី​ដែល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់​បាន គឺ​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) មិន​អាច​សម្រេច​បាន​ឡើយ ហើយ​ថា សន្តិភាព​ពិត​ប្រាកដ​កើត​មាន​នៅ​កម្ពុជា គឺ​ដោយសារ​នយោបាយ​ឈ្នះៗ​របស់​លោក។

ទោះ​យ៉ាង​នេះ​ក្តី តួអង្គ​សំខាន់​ដែល​បង្កើត​កិច្ច​ព្រមព្រៀង​នេះ​រួម​មាន ភាគី​រដ្ឋ​កម្ពុជា នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​តំណាង​ដោយ លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​តុ​ចរចា​ជាមួយ​នឹង​ភាគី​ខ្មែរ​ចំនួន ៣​ទៀត គឺ​មាន​ភាគី លោក សឺន សាន ប្រធាន​គណបក្ស​សេរី​និយម​ព្រះពុទ្ធ​សាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក ខៀវ សំផន តំណាង​ឲ្យ​ភាគី​ខ្មែរ​ក្រហម បាន​ស្រុះស្រួល​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល ក្រោម​ការ​រៀបចំ​របស់​អង្គការ​សហប្រជាជាតិ។

ចំណែក​បណ្ដា​ប្រទេស​ចំនួន​១៨ ដែល​ជា​ហត្ថលេខី​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា វៀតណាម លាវ ថៃ និង​ប្រទេស​មហា​អំណាច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ក្នុង​ការ​គោរព និង​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា ការ​បោះ​ឆ្នោត ការ​បង្កើត​រដ្ឋធម្មនុញ្ញ ការ​គោរព​អធិបតេយ្យ ជួយ​ស្ដារ​សេដ្ឋកិច្ច ជួយ​ផ្នែក​នយោបាយ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ជាច្រើន​ទៀត។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត រស់ រ៉ាវុធ សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ អ្នក​នយោបាយ​កំពុង​យក​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដើម្បី​កេង​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា ទង្វើ​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ នឹង​វង្វេង​តាម​អ្នក​នយោបាយ៖ «»។

ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចាត់​ទុក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថា​ជា​មូលដ្ឋាន​គតិយុត្តិ​កម្រិត​អន្តរជាតិ​សំខាន់​មួយ ដែល​ធានា​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទទួល​ស្គាល់ គោរព​ស្មារតី តម្លៃ និង​រក្សា​សុពលភាព​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​អាយុ​ជីវិត​ជាតិ ជាពិសេស គឺ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដោយ​មាន​វត្តមាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ចំណែក​បណ្ដាញ​អង្គការ​សមាគម នឹង​ប្រារព្ធ​ទិវា​នេះ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​១១ នៅ ៥​ខេត្ត-រាជធានី រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្ត​តាកែវ។  គោល​បំណង ៣​សំខាន់ៗ​នៃ​ការ​ជួប​ជុំ​គ្នា​នេះ គឺ​រំឭក​ខួប​លើក​ទី​២៤ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា បង្កើន​ការ​យល់​ដឹង​ពី​កិច្ច​ព្រមព្រៀង​នេះ​ទៅ​សាធារណជន និង​ចំណុច​ចុង​ក្រោយ ជំរុញ​ឲ្យ​មាន​ការ​គោរព និង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឲ្យ​បាន​ទូលំទូលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។