គ្រូបង្វឹកភ្នំពេញក្រោន ទទួលស្គាល់ការបរាជ័យ ក្រោមថ្វីជើងក្រុមបឹងកេតអង្គរ

ភ្នំពេញ៖ បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំងបឹងកេតអង្គរ ក្នុងលទ្ធ ផល ៤-២ ល្ងាចមិញនេះលោក Sam Schweingruber គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា ការបរាជ័យនេះគឺជាមេរៀនដ៏ជូរចត់មួយ ដែលក្រុមលោកត្រូវចង់ចាំ ប៉ុន្ដែលោកពិតជាកោតសរសើរសមត្ថភាពកីឡាករក្រុមបឹងកេតអង្គរ ដែលលេងបានយ៉ាងល្អ ទើបអាចយកឈ្នះក្រុមភ្នំពេញក្រោន យ៉ាងច្រើនគ្រាប់បែបនេះ ។

ការប្រកួតដ៏សំខាន់នេះ បានធ្វើឡើងនៅលើទីលានស្ដាតចាស់ ដោយមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមខ្លួន គាំទ្រ សម្រាប់ប្រជែងយកកៅអីវគ្គជម្រុះពានរង្វាន់ TOYOTA Mekong-Cup ឆ្នាំ២០១៥ នេះ ។ ជាលទ្ធផលក្រុមបឹងកេតអង្គរ បានយកឈ្នះភ្នំពេញក្រោន រក្សាតំណែងកំពូលតារាង ហើយថែមទាំងឈ្នះកៅអីវគ្គជម្រុះនៃពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខាងលើទៀតផង ។

ក្រោយបញ្ចប់ការប្រកួតភ្លាមៗលោក Sam បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំយល់ថាការចាញ់ ៤-២ នេះ គឺចាញ់ដោយយុត្តិធម៌ហើយ ។ ជាក់ស្ដែងគឺក្រុមបឹងកេត លេងខ្លាំងជាងភ្នំពេញក្រោន ជាពិសេសការសហការគ្នាក្នុងតំបន់គ្រោះថ្នាក់ របស់ក្រុមភ្នំពេញក្រោន គឺកីឡាករបឹងកេត ធ្វើបានល្អមែនទែន រហូតរកបានគ្រាប់បាល់ជាបន្ដបន្ទាប់ដូច្នេះ» ។

គ្រូបង្វឹកក្រុមការពារតំណែងជើងឯកនេះបានបន្ដថា «ទោះជាយ៉ាងលោកនៅតែមានការសោកស្ដាយ ចំពោះការអវត្តមានរបស់កីឡាករ ធារី ចន្ថាប៊ីន ដែលមានរបួសមិនអាចជួយក្រុមបាន រួមទាំងកីឡាករ Booysen Shane ផងដែរ ដែលសុទ្ធតែជាកីឡាករស្នូល តែបែរជាមិនអាចចូលលេង និងលេងពេញម៉ោង ទើបធ្វើឲ្យទម្រង់លេងរបស់ក្រុមភ្នំពេញក្រោនមានការធ្លាក់ចុះ ប៉ុន្ដែទោះជាយ៉ាងណា លោកនឹងពង្រឹងក្រុមឡើងវិញ ដើម្បីត្រៀមប្រកួតវគ្គ Play-Off នៃពាន MCL-2015 នេះ ហើយដើម្បីត្រៀមការពារតំណែងជើងឯកផងដែរ» ។

ដោយឡែកលោក បែ មករា បានថ្លែងឲ្យដឹងថា ជ័យជំនះថ្ងៃនេះ គឺកើតឡើងដោយសារកិច្ចសហការលេងយ៉ាងល្អរបស់កីឡាករទាំងអស់នៅលើទីលាន ពិសេសតំបន់ប្រយុទ្ធតែម្ដង ទោះបីតង់ទី២ ពួកគេធ្វើបានសម្រេចជាច្រើនលើកក៏ដោយ ។ សម្រាប់ជ័យជំនះនេះដែរ គឺបានជួយឲ្យក្រុមបឹកកេត ឲ្យក្លាយជាក្លឹបតំណាងប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ TOYOTA Mekong-Cup លើកទី២ ដែលនឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកាខាងមុខនេះ ដូច្នេះលោកនឹងត្រូវបំពេញកាតព្វកិច្ចជាច្រើន សម្រាប់ស្វែងរកជ័យជំនះជូនជាតិ ក៏ដូចជាត្រៀមដណ្ដើមតំណែងជើងឯកលីកកំពូលកម្ពុជាដែរ ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រកួតជុំទី២នេះ ក្រុមបឹងកេតអង្គរ គឺឈរកំពូលតារាងដោយមាន៥៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់២២ប្រកួត ឈ្នះ១៨ ចាញ់១ និងស្មើ៣ គ្រាភ្នំពេញក្រោន បានត្រឹមឈរលេខរៀងទី២ ជាមួយនឹង៥១ពិន្ទុក្នុងដៃ ឆ្លងកាត់២២ប្រកួតដូចគ្នា ឈ្នះ១៦ ចាញ់៣ និងស្មើ៣ ៕

គ្រូបង្វឹកភ្នំពេញក្រោន ទទួលស្គាល់ការបរាជ័យ ក្រោមថ្វីជើងក្រុមបឹងកេតអង្គរ

គ្រូបង្វឹកភ្នំពេញក្រោន ទទួលស្គាល់ការបរាជ័យ ក្រោមថ្វីជើងក្រុមបឹងកេតអង្គរ

គ្រូបង្វឹកភ្នំពេញក្រោន ទទួលស្គាល់ការបរាជ័យ ក្រោមថ្វីជើងក្រុមបឹងកេតអង្គរ

លោក Sam គ្រូបង្វឹកភ្នំពេញក្រោន