រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ជា​ច្រើន​គ្រឿង​នៅ​ផ្លូវជាតិ​លេខ​៦​អា

រាជធានី​ភ្នំពេញ ៖ មាន​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដោយសារ​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ជា​ច្រើន​គ្រឿង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២២ តុលា ២០១៥ នៅ​ចំណុច​មុខ​ស្ថានីយ​សាំង​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ហើយ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​អ្នកបើកបរ​រថយន្ត​ទាំង​បាន​ចុះ​មក​សម្រួល​គ្នា​ដោយ​សន្តិវិធី ។ ដែល​នៅ​ក្នុង​ហេតុការណ៍​នេះ​​អ្នក​យក​ព័ត៌​មាន​យើង​បាន​ទៅ​ទាន់​តែ​រថយន្ត​៦​គ្រឿង​ប៉ុណ្ណោះ​នៅ​កន្លែង​កើតហេតុ​ គឺ​រថយន្ត​ម៉ាក Toyota Tundra ពណ៌​ខ្មៅ​, រថយន្ត​ម៉ាក Nissan Navara ពណ៌​ទឹកប្រាក់​, រថយន្ត​ម៉ាក High Lander ពណ៌​ទឹកប្រាក់​, រថយន្ត​ម៉ាក Prius ពណ៌​ស​, រថយន្ត​មិន​ស្គាល់​ម៉ាក ពណ៌​ខ្មៅ និង រថយន្ត​ម៉ាក Ford ពណ៌​ស ។

ប្រភព​បន្ត​ទៀត​ថា ដោយ​មានការ​ខូចខាត​តិចតួច រថយន្ត​មិន​ស្គាល់​ម៉ាក និង រថយន្ត Ford សុខចិត្ត​បញ្ចប់រឿង​ដោយ​យក​ទៅ​ជួសជុល​ខ្លួនឯង ចំណែក​រថយន្ត​ម៉ាក Prius ពណ៌​ស បាន​សង​ទៅ​រថយន្តម៉ាក High Lander ពណ៌​ទឹកប្រាក់ ៨០​ដុល្លារអាមេរិក​, រថយន្តម៉ាក High Lander ពណ៌​ទឹកប្រាក់ សង​រថយន្តម៉ាក Nissan Navara ពណ៌​ទឹកប្រាក់ ១៥០​ដុល្លារអាមេរិក ហើយ​រថយន្តម៉ាក Nissan Navara ពណ៌​ទឹកប្រាក់ សង​រថយន្តម៉ាក Toyota Tundra ពណ៌​ខ្មៅ ១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ។

បន្ទាប់​ពី​ឯកភាព​គ្នា​ទាំង​អស់ហើយ​រថយន្ត​ទាំងអស់​ក៏​បាន​ទៅ​រៀង​ៗ​ខ្លួន ចំណែកឯ​រថយន្តម៉ាក Nissan Navara ពណ៌​ខ្មៅ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ស្ទូច​យក​ទៅ​កន្លែង​ជួសជុល​ដោយសារ​បើក​ទៅ​មុខ​មិនកើត ។

នេះ​គឺជា​សន្ដាន​ចិត្ត​ដ៏​ល្អ​គួរ​យកតម្រាប់​តាម ដែល​បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ហើយ មានការ​យោគយល់​អ​ធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ព្រម​ទទួលយក និង​សង​សំណង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​រៀង​ៗ​ខ្លួន ៕