លោក ម៉ម សូណង់ដូ ថា​បណ្តឹង​របស់លោក ហ៊ាង រិទ្ធី នាំ​ឲ្យ​លោក​ស្គាល់​សមាជិក​មិន​ស្មោះត្រង់

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​និយាយ​បែប​ចំអក​ថា ការប្តឹង​ឲ្យ​បិទ​ដំណើរការ​គណបក្ស​រប​ស់​អនុប្រធាន​ខ្លួន គឺ លោក ហ៊ាង រិទ្ធី គឺជា​រឿង​ល្អ។ លោក​ថា ការប្តឹង​នេះ អាចជួយ​ឲ្យ​លោក​រៀបចំ​មន្ត្រី​បក្ស​ឡើងវិញ ជាពិសេស​រកឃើញ​មន្ត្រី​ដែល​មិនមាន​ការស្មោះត្រង់។ ជាការ​ឆ្លើយតប លោក ហ៊ាង រិទ្ធី រិះគន់​លោក ម៉ម សូណង់ដូ វិញ​ថា កំពុង​រៀប​ឬ​ក​ធ្វើខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ បោក​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

រហូតមកដល់​ពេលនេះ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មិនទាន់​ទទួលបាន​ការកោះអញ្ជើញ​ពី​តុលាការ​ឲ្យ​ចូល​បំភ្លឺ​ទាក់ទង​នឹង​ពាក្យបណ្ដឹង​របស់លោក ហ៊ាង រិទ្ធី នៅឡើយ​ទេ។ក្រោយពី​ទទួលរង​ការប្ដឹង​ផ្ដល់​ពី​លោក ហ៊ាង រិទ្ធី នោះ លោក ម៉ម សូណង់ដូ បាន​ចំអក​ថា ការប្ដឹង​របស់លោក ហ៊ាង រិទ្ធី នេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​គណបក្ស​លោក ក្នុងការ​ផ្លាស់ប្ដូរ​មន្ត្រី​ណា​ដែល​មិនអាច​ធ្វើការ​ចុះសម្រុង​គ្នា​ជាមួយនឹង​សមាជិក​គណបក្ស ដើម្បី​ងាយស្រួល​រៀបចំ​បក្ស​ឲ្យ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ។

«ការប្ដឹង​របស់លោក ហ៊ាង រិទ្ធី គឺជា​ការល្អ​មួយ សម្រាប់​ខ្ញុំ​ក្នុងការ​ផ្លាស់ប្ដូរ​មន្ត្រី​ដែល​មិន​ពេញចិត្ត​ធ្វើការ​ជាមួយ​ខ្ញុំ យើង​ត្រូវ​ផ្លាស់ប្តូរ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ពង្រឹង​គណបក្ស​តាមបែប​ប្រជាធិបតេយ្យ​ឡើងវិញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ម សូណង់ដូ ដែល​បាន​បន្ថែមថា លោក​កំពុង​រៀបចំ​ក្រុមការងារ​ធ្វើ​សមាជ​បក្ស​ក្នុង​ការដក​មន្ត្រី​បក្ស​ដែល​ធ្វើ​ការមិនចុះសម្រុង​គ្នា ។

ជាការ​ឆ្លើយតប​លោក ហ៊ាង រិទ្ធី បាន​ចំអក​ទៅ​ពាក្យសម្តី​របស់លោក ម៉ម សូណង់ដូ វិញ​ថា លោក ម៉ម សូណង់ដូ កំពុង​រៀប​ឫក​ធ្វើខ្លួន​ជាម​នុស្ស​ត្រឹមត្រូវ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ឲ្យ​ជឿជាក់​លើ​ខ្លួន​ប៉ុណ្ណោះ។ លោក ហ៊ាង រិទ្ធី បាន​អះអាងថា លោក​នឹង​បិទ​គណបក្ស​លោក ម៉ម សូណង់ដូ តាមរយៈ​ផ្លូវច្បាប់​ឲ្យ​ទាល់តែ​បាន។

អនុប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«បើ​ខ្ញុំ​មិនអាច​ធ្វើការ​ជាមួយ​លោក ម៉ម សូណង់ដូ បាន ចុះ​អ្នកច្បាប់ បណ្ឌិត​ដទៃទៀត​ម៉េច​បានជា​គេ​ចាក​ចេញពី​គណបក្ស​នោះដែរ នោះ​មកពី​លោក ម៉ម សូណង់ដូ គាត់​ជា​អ្នកប្រជាធិបតេយ្យ​ក្លែងក្លាយ។ ហើយ​ការនិយាយ​របស់លោក ម៉ម សូណង់ដូ នេះ​គឺ​គ្រាន់តែ​ជាការ​រៀប​ឫក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់ថា​ខ្លួន​ល្អ​ប៉ុណ្ណោះ»។

កន្លងមក​លោក ហ៊ាង រិទ្ធី បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ដោយ​ស្នើ​ឲ្យ​សុំ​ឲ្យ​បិទ និង​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចេញពី​បញ្ជី​ឈ្មោះ​ក្រសួងមហាផ្ទៃ ។ ហើយ​លោក​ក៏​ស្នើ​ឲ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ការចាយវាយ​ថវិកា​ក្នុង​បក្ស​របស់លោក ម៉ម សូណង់ដូ កន្លងមក​នេះដែរ។

លោក ម៉ម សូណង់ដូ ស្វាគមន៍​ចំពោះ​ពាក្យបណ្ដឹង​នេះ។ តែ​លោ​កថា នឹងដាក់​ពាក្យ​ប្ដឹងទៅ​លោក ហ៊ាង រិទ្ធី វិញ​ដែរ ប្រសិនជា​ពាក្យបណ្ដឹង​របស់លោក ហ៊ាង រិទ្ធី នោះ មិន​ត្រឹមត្រូវ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?