លោក​ Kerry និង​លោក Netanyahu ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​អំពើ​ហិង្សា​នៅ​អ៊ីស្រាអែល

លោក​ Kerry និង​លោក Netanyahu ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​អំពើ​ហិង្សា​នៅ​អ៊ីស្រាអែល

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ចាប់ដៃ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្រោយ​ការ​ថ្លែង​របស់​អស់​លោក​ទៅ​កាន់​សារព័ត៌មាន មុន​ជំនួប​ទ្វេ​ភាគី​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu កំពុង​បន្ត​បន្ទោស​លើ​ជន​ជាតិ​ប៉ាឡេស្ទីន​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ដ៏​ប្រល័យ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ដើម្បី​ពិភាក្សាជាមួយ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Netanyahu បាន​និយាយ​ថា ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ​ថា​ រលក​នៃ​ការ​វាយប្រហារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​កើត​ចេញ​ដោយ​ផ្ទាល់​ពី​ការ​ញុះញង់​នោះ។

លោក​នាយក​រដ្ឋ​មន្រ្តី Netanyahu និយាយ​បន្ត​ទៀត​ថា «ការ​ញុះ​ញង់​ចេញ​ពី​ក្រុម​Hamas ​ចេញ​ពី​ប្រធានាធិបតី​ Abbas និង​ពី​ក្រុម​អាជ្ញាធរ​ប៉ាឡេស្ទីន‍»។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​និយាយ​យោង​ដល់​ឧបទ្ទវហេតុ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​លោក​និយាយ​ថា ​ភេរវជន​២​នាក់​បាន​ព្យាយាម​កម្ទេច​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ពោរពេញ​ទៅ​ដោយ​កូន​សិស្ស​សាលា‍។

​សេចក្តី​រាយការណ៍​ព័ត៌មាន​អ៊ីស្រាអែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនជាតិ​អ៊ីស្រាអែល​២នាក់ ​បាន​ចាក់​បុរស​អំបូរ​ជនជាតិ​ជីហ្វ​ម្នាក់​នៅ​ក្នុង​ទីក្រុង Beit Shemesh ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បន្ទាប់​ពី​ព្យាយាម​ឡើង​ជិះ​រថយន្ត​សិស្សសាលា។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា ក៏ប៉ុន្តែ​បាន​សម្រេច​ស្តី​បន្ទោស​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី Netanyahu នៅ​ក្នុង​ទីក្រុង​បែរឡាំង​ (Berlin) នៃ​ប្រ​ទេស​អាល្លឺម៉ង់។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry បាន​មាន​ប្រសាសន៍​ថា «ការណ៍​នេះ ​ប្រាកដ​ជា​មាន​សារៈ​សំខាន់​ដើម្បី​បញ្ចប់​ការ​ញុះ​ញង់​ និង​ហិង្សា​ទាំងអស់ ​ហើយ​ស្វែង​រក​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ‍»។​

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry បាន​ប្រាប់​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល Netanyahu ថា «យើង​បាន​ស្គាល់​គ្នា​យ៉ាង​ច្បាស់។​ ខ្ញុំ​ជឿ​ជាក់​ថា ​យើង ​មាន​លទ្ធភាព​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ​ហើយ​នេះ​ជាអ្វី​ដែល​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ‍»។

ជនជាតិ​អ៊ីស្រាអែល​យ៉ាងហោច​ណាស់​ក៏​៨​នាក់​ដែរ​ ហើយ​ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល​៥០នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ហិង្សា​បាន​ផ្ទុះ​ឡើង​ជិត​មួយ​ខែ​មុន​នៅពេល​ដែល​ប៉ាឡេស្ទីន​បានចាប់​ផ្តើម​វាយប្រហារ​ជនស៊ីវិល​ និង​ទាហានអ៊ី​ស្រាអែលដោយ​ប្រើ​កាំបិត។

​កាល​ពី​ថ្ងៃ​ពុធ ​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន​ គីមួន ​បាន​មាន​ប្រសាសន៍​ថា ​លោក ​មិន​មាន​សុទិដ្ឋិនិយម​ទេ​ បន្ទាប់ពី​ការ​ចរចា​របស់​លោក​ជាមួយ​ក្រុម​មេដឹកនាំ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​មក៕