អំពើ​ល្អ​របស់​មិត្ត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លង់​រហូត​ដកចិត្ត​មិន​រួច​

Sanofi

​វា​ជា​រឿង​ដែល​មិន​ធ្លាប់​នឹកគិត​ពីមុនមក​ទាល់តែ​សោះ​ថា​ជីវិត​របស់​ខ្ញុំបាទ​នឹង​ជួប​រឿង​បែបនេះ លុះ​ជួប​ហើយ​ទើប​ដឹងថា​អត្ថន័យ​ពិត​នៃ​ស្នេហា​ភេទ​ដូចគ្នានេះ ក៏​មិន​ខុសគ្នា​នឹង​អត្ថន័យ​នៃ​ស្នេហា​ភេទ​ខុសគ្នា​ឡើយ ។ អារម្មណ៍​ដែល​ធ្លាប់​នឹក​ហួស​ចិ​ត្ដ ឬ លួច​សើចយំ​ចំពោះ​អ្នកមាន​ស្នេហា​ភេទ​ដូចគ្នា​ពេល នេះ​ត្រូវ​រលាយ​បាត់អស់ ជំនួស​មកវិញ​នូវ​អារម្មណ៍​ទុក្ខសោក​ក្រៀមក្រំ និង កើតក្ដី​អនិច្ចា​ចំពោះ​បុគ្គល​ទាំងនោះ​ទៅវិញ ។​

​អ្វីដែល​រឹតតែ​ក្រៀមក្រំ និង សង្វេគ​ចិ​ត្ដ​ចំពោះ​ខ្លួនឯង​នោះ គឺ​ស្នេហា​មួយ​នេះ​ខ្ញុំបាទ​បាន​បណ្ដុះ​ឡើង​ក្នុង​បេះដូង​តែម្នាក់ឯង ដោយ​ដៃគូ​ពុំបាន​ចាប់អារម្មណ៍​ពី​ទឹកចិត្ត​ដែល​ខ្ញុំបាទ​បាន​សន្សំ និង លាក់ទុក​ជាច្រើន​ឆ្នាំ​នោះឡើយ ។ តាម​ការពិតទៅ​ខ្ញុំបាទ​គឺជា​បុរស​ពេញលក្ខណៈ និង ធ្លាប់មាន​សង្សារ​ជាច្រើន​កាលពី​រៀន​នៅ​វិទ្យាល័យ លុះ​ដល់ពេល​ចូលរៀន​នៅ​មហាវិទ្យាល័យ បេះដូង​របស់ខ្ញុំ ចាប់ផ្ដើម​ប្រែ​ពណ៌​ខុស​ធាតុ​ដើម​ទាំងស្រុង ពុំមែន​ជាត​ណ្ហា​ដែល​កើតចេញពី​ភាព​ស្រើបស្រាល​នោះទេ តែ​ជា​សេចក្ដីស្រឡាញ់​ដែល​ផ្ដើមចេញពី​អំពើ​ល្អ​របស់​បុរស​ម្នាក់នេះ​បាន​សាង​ចំពោះ​រូបខ្ញុំ​ក្នុងនាម​ជា​មិ​ត្ដ​រួម​ថ្នាក់ ដែល​គេ​ជា​កូនអ្នកមាន រីឯ​រូបខ្ញុំ​ជា​កូន​អ្នកស្រែ​ចម្ការ​រស់នៅក្នុង​ជីវភាព​ខ្សត់ខ្សោយ​ពុំ​អំណោយផល​ចំពោះ​ដំណើរការ​រៀនសូត្រ​ឡើយ ។

គាត់​ជា​វីរៈបុរស​ជិះសេះ​សមក​ជួយសង្គ្រោះ​ជីវិត ការសិក្សា​របស់ខ្ញុំ​ឱ្យ​ផុតពី​ការលំបាក ទាំង​ថ្លៃ​អាហារ ថ្លៃ​ឯកសារ​មេរៀន ថ្លៃឈ្នួល​ផ្ទះ រហូតដល់​ថ្លៃ​សាលា គឺ​គាត់​ជា​អ្នករ៉ាប់រង​ទាំងអស់ ដោយ​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​ក្រោយពេល​ខ្ញុំ​មានការ​ងារ​ធ្វើ​ចាំ​សង​គាត់​វិញ​ចុះ តែ​ខ្ញុំ​ដឹងថា​សម្តី​នេះ​គឺ​គ្រាន់តែ​មិន​ចង់ឱ្យ​ខ្ញុំ​មាន​សម្ពាធ​ផ្លូវ​ចិ​ត្ដ​ខ្លាំង​ពី​ការ​ទំនុកបម្រុង​របស់គាត់​តែប៉ុណ្ណោះ តាម​ការពិត​គាត់​មិន​ខ្វល់​ពី​ប្រាក់​សំណង​អ្វី​ឡើយ ។ រាល់​ទង្វើ​របស់គាត់ រួម​នឹង​រូបរាង​ដ៏​ស្រស់​សង្ហា សម្ដី​ក៏​ពីរោះ បានប្រែក្លាយ​ទៅជា​ចំណងចិត្ដ​របស់ខ្ញុំ​ឱ្យ​ធ្លាក់​ទៅក្នុង​អន្លង់​ស្នេហ៍​មួយ​ដោយ​មិនបាន​តាំងចិត្ដ និង ត្រៀមខ្លួន​ជាមុន ។ ខ្ញុំបាទ​អាច​ដឹង​ពី​អារម្មណ៍​បែបនេះ​បាន​ដោយសារ​ខ្ញុំ​នឹក​គាត់​គ្រប់ពេលវេលា​សប្បាយ​ចិ​ត្ដ​នៅពេល​បាន​ជួប​មុខ​គាត់ ហើយ​កើតទុក្ខ​ក្រៀមក្រំ ហេងហាង​ក្នុង​ចិ​ត្ដ​បើ​មិន​បានឃើញ​មុខ​គាត់​ទោះ​មួយថ្ងៃ ។

ខ្ញុំ​មាន​អារម្មណ៍​ចង់​នៅក្បែរ​គាត់​គ្រប់ពេលវេលា ចង់ទៅ​ណា​តែ​ពីរ​នាក់ ជាពិសេស​ខ្ញុំ​មាន​សេចក្ដីសុខ​បំផុត​ពេល​គាត់​មក​គេង​បន្ទប់​ជួល​របស់ខ្ញុំ​ដើម្បី​ធ្វើការ​ងារ​ដែល​សាស្ដ្រាចារ្យ​នៅ​មហាវិទ្យាល័យ​ដាក់ឱ្យ​និស្សិត​ធ្វើ ។ ខ្ញុំ និង គាត់​ធ្វើ​ការងារ​សាលា ហើយ​គេង​ជាមួយគ្នា​ជជែគ​គ្នា​ពីនេះ​ពី​នោះ​ដូច​ប្ដី​ប្រពន្ធ តែ​គាត់​ជា​បុរស​ពេញលក្ខណៈ គាត់​ពុំបាន​សម្ដែង​អាកប្បកិរិយា​ណាមួយ​ដែល​អាចឱ្យ​ខ្ញុំ​ចាប់អារម្មណ៍ ថា​ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ក្រៅតែពី​ភាពជា​មិ​ត្ដ​ស្និទ្ធស្នាល​ធម្មតា​ឡើយ ។​ ​ខ្ញុំបាទ​ឆ្ងល់​ខ្លួនឯង​រឹតតែ​ខ្លាំង​នៅ​គ្រា​ដែល​ខ្ញុំបាទ​ឃើញ​គាត់​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មិ​ត្ដ​ភក្ដិ​ដទៃ ជាពិសេស​បើជា​ប្រុស​ទៀត​នោះ​អារម្មណ៍​ប្រចណ្ឌ​ក៏​ចាប់ផ្ដើម​កើតឡើង​ភ្លាម តែ​ខ្ញុំ​ពុំ​ហ៊ាន​បង្ហាញ​បានត្រឹមតែ​លួច​ក្រៀម​ក្រំចិត្ដ​ម្នាក់ឯង​នៅ​ចំពោះមុខ​ភាព​រីករាយ​របស់គាត់ ។

ខ្ញុំបាទ​មាន​អារម្មណ៍​ថា​ជីវិត​របស់ខ្ញុំ​ហាក់​ត្រូវគេ​ពុះ​ទ្រូង​រូង​យក​ថ្លើម​ប្រមាត់​អស់ គ្រា​ដែល​ខ្ញុំ​បានឮ​សម្ដី​របស់គាត់​ថា បន្ទាប់ពី​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​បួន​គាត់​នឹង​រៀបការ​ហើយ ។ ចំណែកឯ​ប្រាក់​ដែល​គាត់​ជួយ​ទំនុកបម្រុង​ខ្ញុំ​សព្វបែបយ៉ាង គាត់​មិនឱ្យ​ខ្ញុំ​ទុក​ក្នុង​ចិ​ត្ដ​ទេ ដោយ​គាត់​ចាត់ទុក​ខ្ញុំ​ដូចជា​ប្អូនបង្កើត ព្រោះ​គាត់​គ្មាន​បងប្អូន​មួយ​គ្រាប់​ទេ គឺ​មានតែ​គាត់​ម្នាក់​គត់ ។ ខ្ញុំបាទ​ពិតជា​ពិបាក​ទទួលយក​ខ្លាំងណាស់ ព្រោះ​ពេលនេះ​ខ្ញុំបាទ​ស្រឡាញ់​គាត់​អស់ពី​បេះដូង​ចិ​ត្ដ​ថ្លើម និង ចង់​រស់នៅ​ក្បែរ​គាត់​គ្រប់ពេលវេលា រហូត​ដឹង​ខ្លួនឯង​ច្បាស់​ថា ជីវិត​របស់​ខ្ញុំបាទ​មិនអាច​រស់នៅ​ដោយ​ខ្វះ​គាត់​បានទេ ។ តើ​ខ្ញុំបាទ​គួរ​ធ្វើយ៉ាងណា​ចំពោះ​រឿងនេះ ?


ជូន​ចំពោះ​ប្អូនប្រុស​មាន​វិបត្ដិ​

​ធម្មជាតិ​បានផ្ដល់​ឱ្យ​ប្អូន​នូវ​កាយសម្បទា និង បេះដូង​ជា​បុរស​ពេញលក្ខណៈ ប៉ុន្ដែ​ដោយសារតែ​លក្ខខណ្ឌ​ជីវ ភាពគ្រួសារ​របស់​ប្អូន​ពុំ​អំណោយផល​ល្អ​ចំពោះ​ការរៀនសូត្រ ក៏បាន​ក្លាយទៅជា​និស្ស័យ​ដឹក​ដៃ​ប្អូន​ឱ្យបាន​ជួបនឹង​មិត្ត​ម្នាក់​ ​ដែលមាន​សន្ដាន​ចិ​ត្ដ​ល្អ​ជួយ​ទំនុកបម្រុង​ការខ្វះខាត​របស់​ប្អូន​ដោយ​សុទ្ធ​ចិ​ត្ដ ដែល​ទង្វើ​នេះ​បានប្រែក្លាយ​ជា​ចំណង​ចងចិត្ដ​ប្អូន​ឱ្យ​គិត​ទៅដល់​មិ​ត្ដម្នាក់​នោះ​រហូត​ប្រែ​ក្លាយទៅជា​សេចក្ដីស្នេហា​ភេទ​ដូចគ្នា ដោយ​ពុំបាន​កើតចេញពី​ការតាំងចិត្ដ ឬ ពុំមែន​ជា​និស្ស័យ​ពិត​របស់​ប្អូន ព្រោះ​ចំពោះ​ស្នេហា​ភេទ​ដូចគ្នានេះ​ក្រៅពី​ចរិត​របស់​មនុស្ស​ពី​កំណើត​មក​គឺ​នៅមាន​កត្ដា​ជាច្រើន​ទៀត​ដែល​អាច​ផ្លាស់ប្ដូរ​អារម្មណ៍​របស់​មនុស្ស​ឱ្យ​ប្រ​ព្រឹ​ត្ដ​ខុសពី​ធម្មជាតិ ។

ឪបញ្ហា​របស់​ប្អូន​គឺជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត​ទាក់ទង​នឹង​បុព្វ​ហេតុដែល​បណ្ដាលឱ្យ​មនុស្ស​មាន​ទំនោរ​ទៅរក​ការស្រឡាញ់​ភេទ​ដូចគ្នា តែ​ករណី​ប្អូន «​ប្រជាប្រិយ​»​យល់ឃើញថា វា​មិន​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​មិនអាច​បក​ក្រោយ​បាន​នោះឡើយ ដោយហេតុថា​អារម្មណ៍​ស្រឡាញ់​ភេទ​ដូចគ្នានេះ​ពុំមែន​ជា​ចរិត​ពី​កំណើត​របស់​ប្អូន ដូចនេះ​ការដោះស្រាយ​គឺមាន​ភាគរយ​ច្រើន​នៅក្នុង​ការធ្វើឱ្យ​សម្រេច​ទៅបាន​គ្រាន់តែ​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​បំភ្លេច​រឿងនេះ​តែប៉ុណ្ណោះ ។ «​ប្រជាប្រិយ​»​មើលឃើញថា ថ្វីដ្បិតតែ​ប្អូន​មិនអាច​សម្រេច​បំណង​ក្នុង​ចិ​ត្ដ​ប្អូន​បាន តែ​ជីវិត​របស់​ប្អូន​ចាត់ទុកថា​មានសំណាង​ខ្លាំងណាស់ ដោយ​ប្អូន​មាន​មិ​ត្ដម្នាក់​ដែល​ស្រឡាញ់​ប្អូន​ដោយស្មោះមិន​ឆ្លៀតឱកាស​កេងចំណេញ​ពី​ប្អូន​សូម្បី​តែមួយ​ករណីថែមទាំង​ចាត់ទុក​ប្អូន​ជា​ប្អូនប្រុស​បង្កើត​ទៀតផង។

ក្នុងនាម​ជា​មិ​ត្ដ​ល្អ ជា​ប្អូន​ល្អ គឺ​ត្រូវតែ​សប្បាយ​ចិ​ត្ដ​នៅពេលដែល​ឃើញ​មិ​ត្ដ ឬ បងប្រុស​របស់ខ្លួន​មាន​ក្ដី​សុខ មាន​អនាគត​ល្អ​ ជាពិសេស​មានគ្រួសារ​មួយ​ពេញលេញ មានការ​ទទួលស្គាល់​ពី​សង្គម ។ ថ្វីដ្បិតតែ​ពិបាក​នឹង​អាច​កាត់​ចិ​ត្ដ​បាន តែ​ការអប់រំ​ចិ​ត្ដ​ខ្លួនឯង​ជារឿយៗ​ហើយ​សម្លឹងមើល​ជីវិត​ក្នុង​ខ្សែ​ភ្នែក​សុទិដ្ឋិនិយម​នោះ​អារម្មណ៍​តឹងតែង​របស់​ប្អូន​នឹងត្រូវ​កាត់បន្ថយ ជាពិសេស​ពេលវេលា​ប្រៀបដូចជា​ឱសថ​ទិព្វ​សម្រាប់​ព្យាបាល​របួស​បេះដូង​ប្អូន​ឱ្យ​វិល​មករក​សភាព​ដើម​ដូច​កាលពី​រៀន​នៅ​វិទ្យាល័យ​វិញ ។ ជាមួយគ្នានេះ​ការ​សាង​ទំនាក់ទំនង​ជាមួយ​មិ​ត្ដ​ស្រី​ក្នុងនាម​ជា​សង្សារ​ដែល​នឹង​រៀបការ​នាពេល​អនាគត ក៏​អាចរួមចំណែក​កាត់បន្ថយ​ការគិត​ដែល​ប្អូន​មាន​ចំពោះ​មិ​ត្ដរបស់​ប្អូន​បានដែរ ។


«​ប្រជាប្រិយ​»​សូម​ជូនពរ​ប្អូន​ឱ្យ​ឆាប់​រកបាន​នារី​ល្អ​ម្នាក់​ដើម្បី​ធ្វើជា​មិ​ត្ដ ១០០ ឆ្នាំ របស់​ប្អូន​ពិតប្រាកដ ៕

Related