ប៉ាគីស្ថាន-អាមេរិក៖លោក​ណាវ៉ា ស្ហារី្វ​ទៅ​អាមេរិក​ដើម្បី​និយាយ​ពី​បញ្ហា​ប្រទេស​អាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ តុលា លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​សហរដ្ឋអាមេរិក។ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅ​អាមេរិក​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​សម្រេច​ចិត្ត​ពន្យារ​​ពេល​ការ​ដក​កម្លំាង​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ជិតខាង។ ការ​សម្រេច​ពន្យារ​ពេល​ទុក​ទ័ព​អាមេរិក​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​ដោយ​លោក​អូបាម៉ា​យល់​ឃើញ​ថា ទ័ព​អាហ្វហ្កានីស្ថាន​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ប្រទេស​ប្រឈម​ទប់​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដោយ​ខ្លួន​ឯង​ឡើយ។