ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​បរិហារ​ប្រទេស​ឆែក​ថា​បាន​ឃុំ​ខ្លួន ​ធ្វើបាប​ជន​ភៀស​ខ្លួន

ប្រធាន​ឧត្តមស្នងការ​ជាន់​ខ្ពស់ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ថ្លែង​បរិហារ​ពី ​សាធារណរដ្ឋ​ឆែក ​ថា​បាន​ធ្វើការ​ឃុំឃាំង ​ធ្វើ​បាប​ជន​ភៀស​ខ្លួន ​ក្នុង​លក្ខខណ្ឌ​អមនុស្សធម៌ ​ជា​ពិសេស​គឺ​ទៅ​លើ​ជន​ភៀស​ខ្លួន​ជា​កុមារ។ កន្លង​មក​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​តែងតែ​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប​ រក​ដំណោះស្រាយ​រួម ​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន។ តែ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​អង្គការ​អន្តរជាតិ​នេះ ​ បាន​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ ​ទៅលើ​ប្រទេស​មួយ​ ថា​បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ ​ដោយ​ចាប់​ជន​ភៀស​ខ្លួន ​ ដាក់​ឃុំ​ដោយ​ខុស​ច្បាប់។