ការ​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ TPP ​បន្ត​កើន​ឡើង

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP នេះក៏មានភាពចម្រូងចម្រាសជាពិសេសក្នុងសហរដ្ឋអាមេរិក ដែលអ្នកប្រឆាំងបានព្រមានថា វានឹងធ្វើឲ្យបាត់បង់ការងារ និងផលវិបាកអាក្រក់ផ្សេងទៀត។ ញូវយ៉ក—

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មដែលត្រូវសម្រេចរវាងស.រ.អា និងសមាជិក១១ ប្រទេសនៅតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេចាប់ផ្តើមចរចាតាំងពីឆ្នាំ២០០៨ ហើយបើកិច្ចព្រមព្រៀងនេះត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋាភិបាលប្រទេសទាំងនោះ វានឹងបញ្ចូលគ្នានូវ៤០%នៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP នេះក៏មានភាពចម្រូងចម្រាសជាពិសេសក្នុងសហរដ្ឋអាមេរិក ដែលអ្នកប្រឆាំងបានព្រមានថា វានឹងធ្វើឲ្យបាត់បង់ការងារ និងផលវិបាកអាក្រក់ផ្សេងទៀត។

ការ​តវ៉ា​នៅ​រដ្ឋ​ Texas នេះ​ជា​ឧទាហរណ៍​នៃ​ការ​ប្រឆាំង​ទៅ​នឹង TPP។

សហជីព​កម្មករ​ហៅ​វា​ថា​បញ្ជូន​ការងារ​ចេញ។ ពួក​គេ​ជឿ​ថា​វា​មិនគ្រាន់​តែ​មិន​បង្កើត​ការងារ​ទេ​ វា​នឹង​បញ្ឈប់​ការងារ​បន្ថែម​ទៀត។

ប៉ុន្តែ​នៅ​មាន​ការប្រឆាំង​ច្រើន​ទៀត។​

ក្នុង​ខែ​មិថុនា​ សភា​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ពន្លឿន​ដំណើរការ​អនុម័ត​ដែល​គេ​ហៅ​ថា​ «Fast-Track»។ ​នេះ​មាន​ន័យ​ថា​ អ្នក​តាក់តែង​ច្បាប់​អាមេរិកមិន​អាច​កែប្រែ​ TPP ​បាន​ទេ។ សភា​គ្រាន់​តែ​អាច​បោះឆ្នោត​យល់ព្រម​ឬ​បដិសេធ​ប៉ុណ្ណោះ។ ហើយ​ជម្លោះ​រវាង​ប្រទេស​ក្នុង​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​ក្រុមប្រឹក្សា​មាន​សមាជិក​៣​រូប។

អតីត​មន្ត្រី​ក្រុមហ៊ុន​ IBM និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​សាលា​ពាណិជ្ជកម្ម សកលវិទ្យាល័យ​ញូវយ៉ក​ ​លោក Ralph Gomory ថា៖

​«យើង​មាន​កិច្ចព្រមព្រៀង​ដូចគ្នា​នេះបី​ទសវត្ស​មក​ហើយ។ ​កិច្ចព្រមព្រៀង នីមួយៗ​កាន់​តែ​ធំ​ និងកាន់​តែ​អាក្រក់​ទៅ។ យើង​មិន​ចាំ​បាច់​សួរ​ពី​ផល​ប៉ះពាល់​ចំពោះ​អាមេរិក​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​មើល​ប្រវត្តិ​វា​ទៅ។ ប្រទេស​យើង​ដែល​ពឹងផ្អែកលើ​រោងចក្រ​ឧស្សាហកម្ម​ ហើយ​ត្រូវ​បាន​បាត់បង់​អស់​ហើយ​ ដោយសារ​ការងារ​និង​បច្ចេកវិទ្យា​និង​រោងចក្រ​ទាំង​នោះ​បាន​នាំ​ចេញ​ទៅ​ឯ​នាយ​សមុទ្រ» ។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ពហុជាតិ​ធំៗ​វិញ ​ មាន​រឿង​ផ្ទុយ​គ្នា​ទាំងស្រុង។ TPP ​ជា​ឱកាស​បង្កើត​ទី​ផ្សារ​ថ្មី​និង​បង្កើន​ការ​លក់​ផលិតផល​ដែល​នឹង​បង្កើត​ប្រាក់​ចំណេញ​និងធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តម្លៃ​ភាគហ៊ុន។

លោក ​Peter Cardillo ​ប្រធាន​អ្នក​វិភាគ​ទីផ្សារ Rockwell Global ​បាន​និយាយ​ថា​ វា​នឹង​ជួយ​ដល់កម្មករ​ក្នុង​ស្រុក​និង​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

​«កិច្ចព្រមព្រៀង​នីមួយៗ​ មាន​រឿង​ល្អ​និង​អាក្រក់​ និង​មាន​ភាព​វិជ្ជមាន​និង​អវិជ្ជមាន។ ហើយ​នឹង​មាន​អ្នក​ដែល​ព្យាយាម​ប្រឆាំង​នឹង​វា​ ​ព្រោះ​ពួក​គេ​នឹង​គិត​ថា​ ការងារ​នឹង​ចេញ​ទៅ​នៅ​បរទេស ហើយ​មាន​អ្នក​ដែល​គិត​ថា​ វា​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច។ ខ្ញុំ​នៅ​កណ្ដាល​អ្នក​ទាំង​ពីរ​នោះ។

ប៉ុន្ដែ​លោក​ Peter Costa ​ ​ប្រធាន​ក្រុមហ៊ុន ​Empire Executions នៅ​ផ្សារ​ហ៊ុន Wall Street​ ​ថា​ អាមេរិកជា​ថ្មី​ម្ដង​ទៀត ទទួល​បាន​ប្រយោជន៍​តិចតួច​ពី​កិច្ចព្រមព្រៀង​បែប​នេះ។

«ខ្ញុំ​គិត​ថា ​វា​មាន​ផ្តល់​អំណោយផល​ចំពោះ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​តូចៗ​ជាង​យើង ហើយ​ខ្ញុំ​គិត​ថា​ ដូច​ពី​មុនៗ​ដែរ ​ដែល​អាមេរិកទទួល​បាន​ប្រយោជន៍​តិចតួចបែប​នេះ។ ខ្ញុំ​គិត​ថា ​ប្រហែល​ជា​មានការ​លំបាក​សម្រាប់​អាមេរិកក្នុង​ការ​ផ្ដល់​សច្ចាប័ន​ ប៉ុន្តែវា​ទំនង​ជា​នឹង​ទទួល​ត្រូវ​អនុម័ត»។

អត្ថបទ​ពេញ​លេញ​នៃ​កិច្ច​ព្រមព្រៀង TPP ត្រូវ​បាន​រំពឹង​ថា​នឹង​ចេញ​ផ្សាយ​នៅ​សប្តាហ៍​ខាង​មុខ។ ​តាម​កាល​វិភាគ​ដែល​ដាក់​ចេញ​ដោយ​សភា​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ អាច​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ ៦០ ថ្ងៃ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​ជា​សាធារណៈ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស