រុស៊្សី​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​អន្តរជាតិ​ចូល​មើល​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ស៊ីរី

រុស៊្សី​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​អន្តរជាតិ​ចូល​មើល​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ស៊ីរី

នៅ​ក្នុង​រូបភាព​ដែល​ថត​កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ស៊ីរី Bashar Assad នៅ​ក្នុង​វិមាន​ Kremlin ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ក្រុម​មន្រ្តី​រុស្ស៊ី​បាន​អនុញ្ញតឲ្យ​អង្គការ​សារព័ត៌មាន​អន្តរជាតិ​ចូល​ក្នុង​ទីតាំង​របស់​ខ្លួន​ជាលើក​ទី​មួយ​ដើម្បី​មើល​កិច្ច​ប្រតិបត្តិការ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ដឹក​ក្រុម​អ្នក​យក​ព័ត៌មានដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​មូស្គូ​តាម​យន្តហោះទៅ​កាន់​មូលដ្ឋាន​អាកាស Hemeimeem នៅ​ជិត​ទីក្រុង​ឆ្នេរ​សមុទ្រ Latakia។

អ្នក​កាសែត​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​យន្តហោះ​ចម្បាំង ​និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ហោះ​ចេញ​ពី​មូលដ្ឋាន​អាកាស​នោះ។

ក្នុង​ខណៈ​នោះ​ដែរ ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ប្រទេស​លោក​ខាង​លិច​ពី​ការ​លេង​ល្បែង​មុខ​២​ជាមួយ​ក្រុម​ភេរវកម្ម​ក្នុង​ប្រទេស​ស៊ីរី និង​ផ្នែក​ផ្សេង​ៗ​ទៀតក្នុង​តំបន់​មជ្ឈឹមបូព៌ា​ដោយ​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ខ្លះ​ ហើយ​បាន​ប្រើប្រាស់​ក្រុម​ផ្សេង​ទៀត​ដើម្បី​ផ្តួល​រំលំ​របប​ដែល​ខ្លួន​មិន​ចង់​បាន។

ប្រធានាធិបតី Putin បាន​និយាយ​ថា «ការណ៍​នេះ​ជានិច្ច​កាល​មាន​ការ​ពិបាកដើម្បី​លេង​ល្បែង​មុខ​២​នេះ​ដោយ​ការ​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​ភេរវជន ​ហើយ​នៅ​ពេល​ជាមួយ​គ្នា​ដែរ​នោះ​ព្យាយាម​ប្រើប្រាស់​ក្រុម​ខ្លះ​ទៀត​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​ឯង‍»។​

ប្រធានាធិបតី Putin បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​កាន់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ក្នុង​ទីក្រុង​ Sochi ដែល​ជា​ទី​ក្រុង​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ខ្មៅ។

រុស្ស៊ី​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី​អស់​រយៈ​ពេល​៣សប្តាហ៍។ រុស្ស៊ី​បាន​ទទួល​រង​ការ​រិះគន់​ពី​គោល​បំណង​នៃ​ការ​ទម្លាក់​គ្រាប់​បែក​ភាគ​ច្រើន​លើ​ពួក​ឧទ្ទាម​ជា​ជាង​ក្រុម​រដ្ឋ​ឥស្លាម ​ថ្វីបើ​រុស្ស៊ី​បាន​និយាយ​កាល​ពី​មុន​ថា ក្រុម​ជ្រុល​និយម​នឹង​ក្លាយ​ជា​ទិសដៅ​ដ៏​សំខាន់​នៃ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ខ្លួន​ក៏​ដោយ៕