ប្រេងសណ្តែក​ដី​មាន​ប្រយោជន៍​ទាំង​សុខភាព និង សម្រស់

Sanofi

​​បច្ចុប្បន្ននេះ​ប្រេងសណ្តែក​ដី​ត្រូវបាន​គេ​និយម​យកមកប្រើ​ប្រាស់​ក្នុងផ្ទះ​បាយ​ជា​ញឹកញាប់​ក្នុងការ​ចម្អិន​អាហារ​ផ្សេងៗ​ដូចជា ចៀន ប្រឡាក់ ឬ​ដាក់​លាយ​បន្តិច​ទៅក្នុង​អាហារ​ដើម្បី​បន្ថែម​រសជាតិ ។ គេ​ច្រើន​ប្រទះឃើញ​មានប្រើ​ច្រើន​ក្នុង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីដូចជា ចិន ឡាវ វៀតណាម និង កម្ពុជា។​ប្រេងសណ្តែក​ដី​ដែល​ចម្រាញ់​រួច​មិនមាន​ក្លិន​អ្វី​ខុសពី​ប្រេង​ទូទៅ​នោះទេ និង អាច​ប្រើ​ដូច​ប្រេង​ទូទៅ​ដែរ ប៉ុន្តែ​ចូរ​អ្នក​ចាំ​ថា ក្នុង​ប្រេង​សណ្តែកដី​មាន​សារធាតុ​អូ​មេ​ហ្គា ៦ ខ្ពស់បំផុត ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ ។ ប្រេងសណ្តែក​ដី​មិន​ត្រឹមតែ​មានគុណ​ប្រយោជន៍​ក្នុងការ​ថែ​សម្រស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់​សុខភាព​បាន​ផងដែរ​ដែល​ក្នុង នោះ​មានដូចជា ៖

– ប្រើ​ជា​ប្រេង​លាប​ម៉ាស្សា ៖ បំបាត់​បញ្ហា​ឈឺសន្លាក់ និង សាច់ដុំ នឹង​ជួយ​បង្កើន​ថាមពល​រាងកាយ ។​
– បំបាត់ «​មុន​» លើ​មុខ ៖ យក​ប្រេងសណ្តែក​ចំនួន ២ ទៅ ៣ តំណក់ លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច រួច​យកទៅ​លាប​លើ​មុខ ។ វា​ក៏​អាចជួយ​ការពារ​មិនឱ្យ​កើតមាន​«​មុន​»​ក្បាល​ខ្មៅ​ផងដែរ ។​
– ព្យាបាល​បញ្ហា​អង្គែ ៖ ដោយ​គ្រាន់តែ​លាយ​ប្រេង​សណ្តែកដី​មួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច​យកទៅ​កក់សក់ វា​មិន​ត្រឹមតែ​ជួយ​រក្សា​លំនឹង ប្រូតេអ៊ីន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ធ្វើឱ្យ​សក់​ក្រាស់ មាន​សំណើម និង ការពារ​បែក​ចុង ។

– ធ្វើឱ្យ​បបូរមាត់​មាន​សំណើម ៖ មុននឹង​លាប​អ្នក​ត្រូវ​ជូត​បបូរមាត់​ឱ្យ​ស្អាត​ដោយ​ប្រើ​ច្រាស​ដុសធ្មេញ​ជាមុន រួច​យក​សំឡី​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ទៅ​ជូត ហើយ​យក​ប្រេងសណ្តែក​មក​លាប​ជា​ក្រោយ ។
– បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ប្រេងសណ្តែក គឺ​ខុសពី​ប្រេង​បន្លែ​ដទៃ ព្រោះ​វា​មិនមាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​អាចជួយ​មិនឱ្យ​កើត​បញ្ហា​ស្ទះ​សរសៃឈាម និង ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ពី ១០ ទៅ ១៥ ភាគរយ ជាង​ប្រេង​ទូទៅ ។

– ជួយ​សុខភាព​បេះដូង ៖ សម្អាត​កាកសំណល់​ដែល​កក​ក្នុង​សរសៃឈាម និង បន្ថយ​លទ្ធភាព​នៃ​ការ​ឈានទៅ​កើត​ជំងឺ​ដាច់​សរសៃឈាម និង ជំងឺ​បេះដូង​ផ្សេងៗ ។​
– ការពារ​ជំងឺមហារីក ៖ ក្នុង​ប្រេង សណ្តែក​មាន​កម្រិត​សារធាតុ​អុកស៊ីដកម្ម​ប៉ូ​-​លី​ហ្វេ​ណុល (Polyphenol) ខ្ពស់ និងកម្ចាត់​សារធាតុ​រ៉ាឌីកាល់​សេរី​ដែល​ប៉ះពាល់​ដល់​កោសិកា បញ្ហា​រំលាយ​អាហារ និងបង្ក​ជំងឺ​ផ្សេងៗ។
– បន្ថយ​សម្ពាធ​ឈាម ៖ ប្រេង សណ្តែកដី​ជួយ​រក្សា​លំនឹង​អ័រម៉ូន​ក្នុង​រាង កាយ និង រក្សា​ចលនា​ឈាម​រត់​បាន​ប្រក្រតី ព្រោះ​សារធាតុ​រេស​វេ​រ៉ា​ត្រុល (Resvera- trol) ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង អ័រម៉ូន​ស្ត្រេ​ស​ក្នុង​ប្រព័ន្ធ​បេះដូង ។

– បង្កើន​ការចងចាំ ៖ ជំងឺ​បាត់​ការចង ចាំ អាល់​ហ្សៃ​ម៉ើ (Alzheimer) គឺជា​ជំងឺ​មួយ​តែង​កើតមាន​លើ​មនុស្ស​វ័យ​ចំណាស់ ។ ដូច្នេះ​ការ​ពិសា​ប្រេងសណ្តែក​ជាប្រចាំ បានបង្ហាញ​ឱ្យឃើញថា អាច ជួយ​កាត់បន្ថយ​ភាពខុសប្រក្រតី​នៃ​ការចងចាំ និង បញ្ហា​ភ្លេចភ្លាំង ។
– បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ៖ សារធាតុ រ៉េ​ស​វេ​រ៉ា​ត្រុល ក៏​ជា​សារធាតុ​មួយ​ជួយ​កម្ចាត់​ពពួក​ជំងឺ ឆ្លង​ប្រភេទ​វីរុស​ទូទៅ ពពួក​ផ្សិត និង ជំរុញ​ការ ផលិត​កោសិកា​ឈាមស ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​មេរោគ​ផ្សេងៗ​ក្នុង​រាងកាយ ។

បើទោះជា​ប្រេង​សណ្តែកដី​មានគុណ​សម្បត្តិ​ច្រើន​ទាំង​ថែរក្សា​សម្រស់ និង សុខភាព​ច្រើនយ៉ាង ណា​ក្តី ចំពោះ​អ្នក​ដែលមាន​បញ្ហា​អាល់​ឡែក​ហ្សី​ុ មិន គួរប្រើ​ប្រេង​ប្រភេទ​នេះ​ទេ ព្រោះ​វា​ក៏មាន​លទ្ធភាព​ធ្វើឱ្យ​អ្នក​កើត​អាការ​អាល់​ឡែក​ហ្ស៊ី​ដូចគ្នា​ទៅនឹង​សណ្តែកដី ។ ចំពោះ​មនុស្ស ធាត់​ក៏​មិនគួរ​ពិសា​ប្រេង​នេះ​ច្រើនពេក​ដែរ ព្រោះ​វា​អាច​បណ្តាលឱ្យ​ឡើង​ទម្ងន់​ថែមទៀត ។ អ្នក​គួរប្រើ​ប្រេងសណ្តែក​ដី​ក្នុង​បរិមាណ​តិចតួច​សមស្រប ទើប​ជាការ​ប្រសើរ ៕ សុផល​

Related