រដ្ឋាភិបាល ចេញ​ឯកសារ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ​រម្លឹក​ខួប ថ្ងៃ​២៣​តុលា​

ភ្នំពេញ: នៅ​ថ្ងៃទី​២៣​តុលា​នេះ ជា​ខួប​លើក​ទី​២៤ នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តីពី​កម្ពុជា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃ​២៣​តុលា​១៩៩១-២៣​តុលា ឆ្នាំ​២០១៥​។ នៅថ្ងៃនេះ រាជរដ្ឋាភិបាល បានកំណត់​ជា​ថ្ងៃបុណ្យ ឈប់សម្រាក ហើយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​ឯកសារ​រម្លឹក​ពី​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នេះ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ នាព្រឹកថ្ងៃទី២៣តុលានេះ បាន​ជួបជុំ នៅ​ទីស្នាក់ការ​ដើម្បី​រម្លឹក​ដ​ល់​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​បញ្ចប់សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​។​

 ដើម្បី​រម្លឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​តួអង្គ​សំខាន់ ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​ជាមួយនឹង​សម្តេចព្រះ​នរោត្តម​សីហនុ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​សម្តេច និង​សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព និង​ការបញ្ចប់​សង្គ្រាម នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៧​។​
     ​
​សម្តេច​តេ​ជោ ហ៊ុនសែន បានបង្ហាញ​ពី​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព តាមរយៈ​លិខិត​ចំនួន ៧ ទំព័រ ដែល​បាន​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ក្នុង​ឯកសារ​នោះ សម្តេច​តេ​ជោ បានបង្ហាញ​ពី​ប្រវត្តិ​នៃ​ការចរចា​រវាង​សម្តេច និង​សម្តេចព្រះ នរោត្តម សីហនុ មុននឹង​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។

​នេះ​ជា​លើកដំបូង​ហើយ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ជា​តួអង្គ​សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ដំណើរ​ការចរចា​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​រម្លឹក​ពី​ប្រវត្តិ​ចរចា មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។
​សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា “​អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន តែ​អ៊ុនតាក់​មិនអាច​សំរេចបាន គឺ​នៅពេលដែល​អ៊ុនតាក់​ដកចេញ បាន​បន្សល់ទុក​ឲ្យ​កម្ពុជា មាន​តំបន់​ត្រួតត្រា​ពីរ និង​រដ្ឋាភិបាល​ពីរ​”​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ជំរើស​ចុងក្រោយ សំរាប់​សន្តិភាព​ទាំងស្រុង​នៅ​កម្ពុជា គឺ​ការដាក់ចេញ និង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​អនុវត្ត​ដ៏​ជោគជ័យ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៨ នេះ ជា​សន្តិភាព ដែល​ជនជាតិ​កម្ពុជា បានរួម​គ្នា បង្កើតឡើង​ដោយ​ខ្លួនឯង គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់ និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង ក្នុង​ប្រវត្តិ​ជាង ៥០០ ឆ្នាំ ដែល​កម្ពុជា មាន​ប្រទេសមួយ មាន​តំបន់​ត្រួតត្រា​មួយ មាន​រដ្ឋធម្មនុញ្ញ​មួយ មាន​មហាក្សត្រ​តែមួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កម្លាំងប្រដាប់អាវុធ​តែមួយ គ្មាន​ការបែងចែក ដែល​យើង​ទាំងអស់​ត្រូវ​រួមគ្នា​រក្សា​នូវ​សន្តិភាព​នេះ​"​។​

​សូម​រម្លឹកថា ក្នុង​ឯកសារ ៧ ទំព័រ​នោះ សម្តេច​តេ​ជោ ហ៊ុនសែន បានរៀបចំ​ដោយ​សង្ខេប​អំពី​ដំណើរ​ការចរចា​ត្រីភាគី ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ដំបូង​រវាង​សម្តេច និង​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៨៧ នៅ​ប្រទេស​បារាំង​។ ជា​បន្ត​បន្ទាប់មកទៀត ជា​កិច្ចចរចា​ត្រីភាគី ដោយមាន​ការចូលរួម​ពី​បរទេស​មួយចំនួន នៅ​ប្រទេស​ថៃ នៅ​ប្រទេស​ជប៉ុន នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ហើយ​ឈានដល់​ការបោះឆ្នោត លើកដំបូង រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣​។​

​ចំណែក​លោក កឹម​សុខា ប្រធាន​ទី​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​លើកឡើង​បង្ហោះ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ភ្ជាប់​នឹង​សារ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២២​តុលា​។​

​លោក កឹម សុខា បាន​លើកឡើងថា កិច្ចព្រមព្រៀង​ស្តីពី “​ដំណោះស្រាយ​នយោបាយ រួមមួយ​នៃ​ជំលោះ​កម្ពុជា​” ដែល​យើង​ហៅថា “​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១” ទទួលបាន​ការគាំទ្រ​ទាំងស្រុង ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ កិច្ចព្រមព្រៀង​នេះ ធានា​អំពី “​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា​” និង “​ការធានា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ត​ធម៌​”​។

​លោក​កឹម​សុខា បាន​បញ្ជាក់ថា “​កិច្ចព្រមព្រៀង​នេះ ជា​មរតក​ដ៏​មហាសាល ដែល​អ្នកស្នេហាជាតិ​កម្ពុ​ជា​គ្រប់ភាគី បាន​ពលី​បូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ឯករាជ្យភាព និង​ឯកភាព​ជាតិ​កម្ពុជា ដែលមាន​ការចូលរួម​គាំទ្រ​ពី​អន្តរជាតិ​។ កិច្ចព្រមព្រៀង​នេះ នៅតែមាន​តម្លៃ​ជានិច្ច​!”៕​