ឱសថព្យាបាលជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាល «NeuroAiD MLC 601» បង្ហាញវត្តមាននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Mersifarma Cambodia បានរៀបចំសិក្ខាសាលាមួយ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាពីថ្ងៃទី២២ ខែតុលានេះ ដើម្បីបង្ហាញពីឱសថមួយប្រភេទ ដែលក្រុមហ៊ុន ទើបនាំចូលពីប្រទេសសិង្ហបុរី មកចរាចរលក់ នៅលើទីផ្សារកម្ពុជា គឺឱសថព្យាបាលជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាល (Stroke) ដែលមានឈ្មោះថា «NeuroAiD MLC 601» ។

សិក្ខាសាលានេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក Jose Navarro ដែលជាវេជ្ជបណ្ឌិតមកពីហ្វីលីពីន និងលោកវេជ្ជបណ្ឌិត ញ៉ុញ វណ្ណារិទ្ធិ ប្រធានប្រតិបត្តិ ក្រុមហ៊ុន Mersifarma Cambodia រួមទាំងសាស្រ្ដាចារ្យ វេជ្ជបណ្ឌិត ឱសថការី ឱសថការីរង និងភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត ។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Jose Navarro បានលើកឡើង នូវគុណប្រយោជន៍ជាច្រើន របស់ឱសថ NeuroAiD MLC 601 ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ លោកបន្ដថា ឱសថនេះ គឺបានរកឃើញ និងផលិតដោយជនជាតិបារាំង បន្ទាប់មកទើបក្រុមហ៊ុន Moleac របស់សិង្ហបុរី ដែលបានទទួលសិទ្ធិផ្តាច់មុខ ចែកចាយបន្ដទូទាំង ពិភពលោក ដោយបច្ចុប្បន្នបានទទួលការគាំទ្រ ពីអតិថិជនប្រមាណ ជាង ៣៣ប្រទេសមកហើយ ក្នុងនោះមានបារាំង, អាល្លឺម៉ង់, ចិន, សិង្ហបុរី, ហ្វីលីពីន, ថៃ និងកម្ពុជាជាដើម ។

វេជ្ជបណ្ឌិតដដែលរូបនេះ បានបន្ថែមថា NeuroAiD MLC 601 ជាឱសថដែលមានសមត្ថភាពខ្ពស់ ក្នុងការព្យាបាលជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាល ជំងឺភ្លេចភ្លាំង ការពារការដាច់សរសៃឈាមបេះដូង និងការពារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាលើកទី២ ។ លើសពីនេះ ឱសថនេះដែរ ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការចងចាំរបស់ខួរក្បាលទៀតផង ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ញ៉ុញ វណ្ណារិទ្ធិ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Mersifarma Cambodia បានបង្កើតឡើងនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយបាននាំចូលនូវ ផលិតផលឱសថល្បីៗជាច្រើន នៅលើពិភពលោក មកចរាចរលក់នៅលើ ទីផ្សារកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ទាប់ ពីសំណាក់អតិថិជន ។ ជាក់ស្ដែងដោយមានការ គាំទ្រច្រើនបែបនេះ ក្រុមហ៊ុនបាននាំចូលឱសថ NeuroAiD MLC 601 ដែលជាផលិតផលចុងក្រោយ ដើម្បីជាការរួមចំណែក ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋ នៅកម្ពុជា ។

ប្រធានប្រតិបត្តិរូបនេះ បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់សិក្ខាសាលាខាងលើ លោកសង្ឃឹមថា NeuroAiD MLC 601 នឹងក្លាយជាឱសថ ព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដ៏មានប្រសិទ្ធិបំផុត សម្រាប់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយលោកក៏រំពឹងថា នឹងទទួលបានការគាំទ្រ យ៉ាងច្រើន ពីអតិថិជនក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ៕