សមត្ថកិច្ច​​ចម្រុះ​ចុះបង្ក្រាប​​កា​ណូ​ត​ដឹកឈើ​អត់​ច្បាប់​១​គ្រឿង​​​នៅ​ក្រុង​ស្ទឹង​សែន

​ខេត្តកំពង់ធំ ៖ ​កា​ណូ​ត​ដឹកឈើ​អត់​ច្បាប់​១​គ្រឿង​ ត្រូវ​បាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បង្ក្រាប​ ហើយ​ស្រង់​​ឈើ​ដាក់​​លើរថយន្ត​ដឹក​យក​ទៅ​កាន់​ផ្នែករដ្ឋ​បាល​​ព្រៃឈើ​ស្ទោង​ កាលពី​រសៀល​ថ្ងៃ​ទី​២២ ​តុលា ​២០១៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ​​។​

ក្នុង​ប្រតិបត្តិការ​ខាង​លើនេះ​​មានការ​ចូលរួម​ពី​លោក ឯម មុនី នាយ​រង​ផ្នែក​អធិការដ្ឋាន​ព្រៃឈើ​ខាងជើង​បឹងទន្លេសាប លោក តុង យី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​កម្លាំង​សឹក​រង​កំពង់ធំ​ ។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កា​ណូ​ត​ដឹកឈើ​ខាងលើ​នេះ ដឹក​ចេញពី​ទឹកដី​ស្រុកសណ្តាន់ ជា​​របស់​ឈ្មួញ​រកស៊ី​ឈើ​ដ៏​សកម្ម​ម្នាក់ ​រស់នៅ​ភូមិ​អន្លង់​ក្រសាំង ឃុំ​កំពង់​ស្វាយ ស្រុកកំពង់​ស្វាយ នៅ​ពេល​ដែល​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញ​​នោះ ពួក​គេ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៅ​ក្នុងស្រុក​សណ្តាន់ និង​សមត្ថកិច្ច​តាម​ដង​ស្ទឹង​អស់​មួយ​ចំនួន លុះ​មក​ដល់​ទឹកដី​ស្រុក​កំពង់ស្វាយ ត្រូវ​បែកការ​ណ៏ ហើយ​ក៏​ត្រូវ​ចំ​​ណាយលុយ​អស់​មួយ​ចំនួន​ទៅ​លើ​អ្នក​សារព័ត៌មាន​ស្មានថា​រួចខ្លួន ចុង​ក្រោយ​ត្រូវ​ជាប់​អន្ទាក់​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៥ ហើយ​​ឈ្មួញម្នាក់​នេះ​​ក៏​បាន​រត់គេច​ខ្លួន​​បាត់ ។

ចំណែក​កាណូ​ត​ដឹកឈើ​ ត្រូវ​បាន​សមត្ថកិច្ច​​នាំ​យក​មក​​​គល់​ស្ពាន​កំពង់ធំ​ កាលពី​រសៀល​ថ្ងៃ​ទី​២២ ​តុលា ​២០១៥ ​ដើម្បី​​​ស្រង់​ឈើ​បាន​តែ​៥០%​ប៉ុណ្ណោះ​យប់​ទៅ ​នៅ​សល់​៥០%​ទៀត រង់​​ចាំ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា នេះ​ នឹង​ធ្វើការ​ស្រង់​បន្ត​ទៀត​​ ​បើ​តាម​ការ​ប៉ាន់ស្មាន​ពី​សមត្ថកិច្ច​ជំនាញ ចំនួន​ឈើ​ដែល​គេ​ចងគ្រីប​ក្នុង​ទឹក​មាន​ចំនួន​ប្រហែលជា​២០​ម៉ែត្រគូប ជា​ឈើ​ប្រភេទ​លេខ​២ ជា​ឈើទាល ជា​ឃ្នៀប ជា​ក្តារបន្ទះ​​ និង​ឈើ​កកោះ​ ប្រភេទ​ម៉ៃ​តាប់​មួយ​ចំនួន​ទៀត​ ​ហើយ​សមត្ថកិច្ចជំនាញ​​​រង់​ចាំ​ម្ចាស់​ចូល​មក​ដោះ​ស្រាយ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ ៕