ម៉ូតូ​ឌ្រី​​មបើក​វ៉ា​រថយន្ត​មួយគ្រឿងជ្រុល​​​បុក​កុងតឺន័រ​របួសធ្ងន់​៣​នាក់​​​លើផ្លូវជាតិ​៤

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដាច់​សាច់​មុខ​មួយ​ចំហៀង និង​បុរស​២​នាក់​ទៀត​បាក់ឆ្អឹង​ត្រឹម​.​កជើង និង​បាក់ឆ្អឹង​ស្មា​លៀន​ចេញ​ក្រៅ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ព្យាយាម​វ៉ា​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​យ៉ាង​ពេញទំហឹង​ដួល​អូស​ជាង​២០​ម៉ែត្រ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​១២ និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៣ តុលា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​​៤ ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ហុង អី​ម៉ី ភេទ​ស្រី អាយុ​១៨​ឆាំ្ន ធ្វើការ​នៅ​រោងចក្រ មាន​ទី​លំ​សង្កាត់​កំ​បូល​២-​ឈ្មោះ​ឈិ​ត អាយុ​២៣​ឆាំ្ន ធ្វើការ​រោងចក្រ មាន​ទីលំនៅ​សង្កាត់​កំ​បូល និង​៣-​ឈ្មោះ​ជី វ័​ន្ត អាយុ​៣០​ឆាំ្ន ជា​ជាង​ម៉ាស៊ីន​ក្នុង​រោងចក្រ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំ​បូល ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1944 ជិះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ចំណែក​រថយន្ត​កុងតឺន័រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7018 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ ហើយ​ក៏​ជ្រុល​ចូល​ទៅ​ផ្លូវ​រថយន្ត​កុងតឺន័រ បុក​បញ្ឆិត​ចំ​ក្បាល​រថយន្ត​កុងតឺន័រ​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​ម៉ូតូ​និង​មនុស្ស​អូស​ថ្នល់​ផ្លោង​ជាង​២០​ម៉ែត្រ រង​របួសធ្ងន់​ទាំង​បី​នាក់ ។