លោកស្រី​គ្លីតុន៖ មាន​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​មិន​អាច​ចៀស​បាន​សម្រាប់​ស.រ.អា​ក្នុង​ដឹកនាំ​ពិភពលោក

លោកស្រី​គ្លីតុន៖ មាន​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​មិន​អាច​ចៀស​បាន​សម្រាប់​ស.រ.អា​ក្នុង​ដឹកនាំ​ពិភពលោក

បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ លោកស្រី Hillary Rodham Clinton ផ្តល់​សក្ខីកម្ម​នៅ​ពី​មុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​ នៅ​សង្កាត់​ Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។

សម្រាប់​សហរដ្ឋ​អាមេរិកដើម្បី​ដឹកនាំ​ពិភពលោក​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នោះ ​ខ្លួន​ត្រូវ​តែ​បន្ត​ទទួល​យក​ភាព​គ្រោះ​ថ្នាក់​ នៅពេល​ដែល​ខ្លួនខំ​ប្រឹងប្រែង​ផ្នែក​ការ​ទូត ​នេះ​ជា​ប្រសាសន៍​របស់​លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រាប់​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​តំណាងរាស្រ្ត​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ស្តីពី​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ឆ្នាំ​២០១២​ទៅ​លើ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង Benghazi នៃ​ប្រទេស​លីប៊ី។

លោកស្រី​ Clinton ​ដែលប្រឈម​ការ​ចោទ​សួរ​រយៈពេល​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​អំពី​តួនាទី​របស់​លោកស្រី​មុនពេល​ និង​ក្រោយ​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​ទៅ​លើ​បរិវេណ​ស្ថាន​កុងស៊ុល​បាន​និយាយ​ក្នុង​សម្លេង​ប្រុងប្រយ័ត្ន​អំពី​ការ​ស្លាប់​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត Christopher Stevens ​ហើយ​និង​ជនជាតិ​អាមេរិកាំង​៣​នាក់​ទៀត​នៅ​ពេល​ដែល​លោកស្រី​ជា​អ្នក​ការ​ទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក។

លោកស្រី​ Clinton មាន​ប្រសាសន៍​ថា «អាមេរិក​ត្រូវ​តែ​ដឹកនាំ​ពិភពលោក​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ ​ហើយ​អ្នក​ការ​ទូត​របស់​យើង​ត្រូវ​តែ​បន្ត​តំណាង​ឲ្យ​យើង​នៅ​ទីប្រទេស​នានា​ប្រកប​ដោយ​គ្រោះថ្នាក់​នេះ‍។ យើង​ត្រូវ​តែ​ទទួល​យក​ភាព​គ្រោះ​ថ្នាក់​ដើម្បី​ការពារ​ប្រទេស​របស់​យើង ​ហើយ​និង​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ផល​ប្រយោជន៍​ និង​តម្លៃ​របស់​យើង‍»។

លោក​ស្រី Clinton ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដែល​មាន​ការ​សង្ស័យ​លើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​បាន​ទន្ទ្រាន​លើ​បរិវេណ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​កាំភ្លើង ​គ្រាប់​បែក​ដៃ​ និង​កាំភ្លើង​ត្បាល់ ​មិន​អាចបញ្ឈប់​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ទូទាំង​សាកលលោក​បាន​ទេ។ លោកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «នៅពេល​ដែលអាមេរិក​អវត្តមាន ​ជាពិសេស​នៅ​ទី​កន្លែង​ដែល​មាន​អស្ថេរភាព ​វា​នឹង​មាន​ផល​វិបាក‍»៕