អាជ្ញាធរ​គំរាម​ចាត់​​​វិធាន​​​ការ​​​បង្ក្រាប​​​សហជីពដែលនាំ​​​គ្នា​​​ធ្វើការ​តវ៉ា​

មន្ត្រី​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​ម្នាក់​​​​​បាន​​​និយាយកាល​​​ពី​​​ម្សិល​​​មិញ​​​ថា យោធា​​​ប្រហែល​​​​​​ជាប្រឈម​​​មុខ​​​​​​ជា​​​មួយ​​​កម្មករ​​​​រោង​​​ចក្រកាត់​​​ដេរ​​​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​ជុំ​​​វិញ​​​ការ​​​ចាប់ខ្លួន​​​មិត្ត​​​រួម​​​ការ​​​ងារ​​​ពីរ​​​នាក់​​​ ប្រសិនបើ​​​ពួក​​​គេ​​​មិន​​បញ្ឈប់​​​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​អគារ​​​រដ្ឋាភិបាល​​​ខេត្ត​។

​កម្មករ​​​ធ្វើការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស្ពឺ។ ពួកគេ​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​មិត្ត​​​រួម​​​ការ​​​ងារ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពីថ្ងៃ​​​ពុធ។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily

​កម្មករ​​​ធ្វើការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស្ពឺ។ ពួកគេ​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​មិត្ត​​​រួម​​​ការ​​​ងារ​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពីថ្ងៃ​​​ពុធ។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

កម្មករ​​​ប្រហែល​​​៦០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Agile Sweater ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​ហុង​​​កុង​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ អគារ​រដ្ឋាភិបាល និ​​​ងប៉ុស្តិ៍នគ​​​របាល​​​ក្នុង​​​ក្រុង​​​ច្បារ​​​មន​​​ កាល​​​ពី​​​ម្សិលមិញ ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​កម្មករ​​​ពី​​​រនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ក្រោម​​​ការ​​​ចោទ​​​​​​ ប្រកាន់​​​ពីបទ​​​ឆបោក និង​ញុះញង់ ក្នុង​​​ការ​​​​ខិត​ខំប្រឹង​ប្រែង​ដើម្បី​​​បង្កើត​​​សាខា​​​សហជីព​​​​​​ថ្មី​​​នៅ​​​រោង​​​ចក្រ​​​នេះ។

លោក សំ សាក់​​​ នាយការិយាល័យ​​​នគ​​​របាល​​​​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសា​សន៍​​​ ថា លោកព្រះរាជអាជ្ញា​ កែវ សុធា បាន​​​ប្រកាស​​​ ប្រាប់​​​កម្មករ​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ​​​ថា យោធា​​​នឹង​​​ប្រឈម​​​មុខ​​​ជា​​​មួយ​​​ពួក​​គាត់​​​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​​​បន្ត​​​ការ​​​តវ៉ា​​​។

មុន​​​ពេល​​​និយាយ​​​ពី​​​ការ​​​គាំទ្រ​​​របស់​លោក​ផ្ទាល់ ចំពោះ​​​​​​សេចក្តី​​​សម្រេច​​​បែប​​​នេះ​​​​​​លោក ​​​សំ សាក់​​​ បាន​​​ថ្លែង​​​ថា “ព្រះរាជអាជ្ញា​​​បាន​​​ និយាយ​​​ថា បើ​នៅ​​​ពេល​​​ក្រោយ ពួកគាត់​​​មក​​​ជ្រៀត​​​ជ្រែក​​​ យើង​​​នឹង​​​ឈប់​​​​​​​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​នគ​​​របាល​​​ ឬយោធា​​​មក​​​ឃ្លាំ​​​មើល​​​ពួក​​​គាត់​​​ទៀត​​​ហើយ​​​។ ផ្ទុយ​​​ទៅ​​​វិញ​​​យើង​​​នឹង​​​ប្រើ​​​ទាហានម្តង​​​​”។

លោ​​​ក​​​បាន​​​ថ្លែងបន្ត​​​​​​ថា “ប្រសិន​​​បើ​​​ពួក​​​គាត់​​​​​​ត្រូវ​​​ការ​​​បាញ់​​​ ​​​បាញ់​​​។ ប្រសិន​​​បើ​​​ពួក​​​គាត់​​ត្រូវការ​វាយ វាយ​​​”។

លោក ឈឹម ប៊ុនធឿន មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា ទាហាន​​​របស់​​​លោក​​​នឹង​​​មិន​​​ជាប់ពាក់ព័ន្ធ​នៅ​​​ក្នុង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ណា​​​មួយ​​​លើ​​​អ្នក​​​តវ៉ា​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា​​​ “កម្លាំង​​​របស់​​​យើង​​​មិន​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​បញ្ហា​​​នោះ​​​ឡើយ​​​។ ​​​ទាហាន ​​​គោរព​​​មេបញ្ជាការ​​​របស់​​​ពួកគេ​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​រឿង​​​អ៊ីចឹង​​​​​​នៅ​​​កណ្តាល​​​ក្រុង​​​ដូច​​​នោះ​​​បាន​​​ឡើយ​​​”។

ការ​​​ព្យាយាម​​​ទាក់​​​ទង​​​​​​ ​​​លោក សុធា ​​​ជា​​​ច្រើន ​​​លើកច្រើន​​​សា ​​​​​​ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​មិន​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ឡើយ​​​។

លោក ឈឹម​​​ រិទ្ធី ចៅក្រម​​​នៅ​​​សាលា​​​ដំបូង​​​ ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​ធ្វើការ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​ ហើយ​​​មិន​​​បាន​​​ឃើញ​​​ការ​​​តវ៉ា​​​​​​​​​នៅ​ពេល​​​​រសៀល​​​​​​ឡើយ​​​ ដែល​​​នៅ​​​ពេល​​​នោះ​​​ព្រះ​​​រាជ​​​អាជ្ញា​​​រូបនេះ​​​បាន​​​គំរាម​​​​​​ប្រើ​​​កម្លាំង​​​យោធាលើ​អ្នក​ត​វ៉ា។

ទោះ​​​ជាយ៉ាង​​​ណា លោកបាន​​​​​​លើក​​​ឡើង​​​ថា ​​​តាម​​​​អ្វី​ដែល​លោក​បាន​សង្កេត​ឃើញ​នៅ​​​ពេល​​​​ព្រឹក​​​ ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ប្រើ​​​ពាក្យសម្តី​​​មិន​​​សម​​​រម្យ​​​ ហើយ​​​អាច​​​ប្រឈម​​​ការ​​​ចាត់​​​វិធានការ​​​តាម​ផ្លូវ​​​តុលាការ​​​ ចំពោះ​​​ការ​​​រំខាន​​​ដល់​​​ការ​​​ងារ​​​របស់​​​​​​ចៅក្រម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​។

ចៅក្រម រិទ្ធី បានថ្លែង​​​ថា “ពួកគេ​​​ធ្វើការ​​​តវ៉ា ហើយ​​​ជេរ​​​ប្រមាថ​​មន្ត្រី​​​តុលាការ​ ដោយ​​​និយាយ​​​ថា ‘​​​អ្នក​​​មាន​​​សញ្ញាបត្រ​បរិញ្ញា ប៉ុន្តែ​​​អ្នក​​​ធ្វើការ​​​ទាំង​​​ងងឹត​​​ងងល់​​​​​​​​ ហើយ​​​អ្វី​​​ដែល​​​​​​អ្នក​​​ទាំង​​​អស់​​​ចេះគឺ​​​របៀប​ចាប់ខ្លួន​​​មនុស្ស’ ​​​”។

អ្នក​​​តវ៉ា​​​មក​​​ពី​​​រោង​​​ចក្រ Agiles Sweater ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​ដោះលែង​​​សមាជិក​​​សហជីព​​​ទាំងពី​​​រ​នាក់​​​ដែល​​​ជាប់ពន្ធនាគារ​​​ គឺ​​​ ភួង  ផារី ​​​និង អីុ ថារី ដែល​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ ពីបទ​​​គំរាម​​​ និង​​​វាយ​​​ដំ​​​កម្មករ​​​ផ្សេង​​​ទៀត​​​នៅ​​​ក្នុង​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ពួកគេ​​​ដើម្បី​​​បង្កើត​​​សាខាសម្ព័ន្ធសហជីព​ឯករាជ្យ​កម្មករ​អាស៊ាន (UFAW) ។

អ្នកគាំទ្រ​​បុរស​ទាំងពីរនាក់​​​នោះ​​​​អះ​អាង​ថា ពួកគាត់​​​​គឺជាគោលដៅ​​បន្ទាប់ពី​បំបែកខ្លួន​ចេញពី​សហជីព​ដែលមាន​ទំនាក់ទំនង​ជាមួយ​រោង​ចក្រ​ ក្នុងការ​ខិត​ខំប្រឹង​ប្រែង​ចាប់​ផ្តើម​បង្កើត​សាខា​ UFAW។បុរស​​​ទី​​​៣ឈ្មោះ ហ៊ាង ឌី ដែលបាន​បំបែក​ខ្លួន​ចេញ​​ដើម្បី​ជួយ​បង្កើត​ UFAW បច្ចុប្បន្ន​​​នេះ កំពុងត្រូវ​​​បាន​​​នគរ​​​បាល​​​​តាម​​​ចាប់​​​ខ្លួន និង​​​កំពុង​រត់​គេច នៅឡើយ។

លោក សំ សាក់ មន្ត្រីនគរបាល​​​ខេត្ត​​​បាន​​​

មាន​​​ប្រសាសន៍​​​ថា នគ​​​របាល​​​កំពុង​​​ស្វែងរក​​​​សមាជិក​​​សហជីព​ប្រាំ​​​ទៅ​​​ប្រាំ​​​មួយ​​​នាក់​​​​​ ដែល​​​ពួកគេ​​​ជឿ​​​ថា​​​ បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ក្នុងការ​ដំណើរការ​​​​បង្កើត​​សាខា​​​​​​ UFAW​​​។

លោក​​​បាន​​ថ្លែង​​​ថា “យើង​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​តំណាង​​​សហជីព​​​ទេ​​​។ យើង​​​ចាប់​​​ខ្លួន​​​​​​អ្នក​​​ប្រព្រឹត្ត​​​។ ពួក​​​គេ​​​បាន​​​រារាំង​​​កម្មករ​​​កុំ​​​ឲ្យ​ទៅ​​​​ធ្វើ​​​ការ​​​ ហើយ​​​បង្ក​​​ការ​​​រំខាន​​​ដល់​​​រោង​​​ចក្រ​​​”។

លោក ត្រឹក នាង​​​ បុគ្គលិក​​​នៅ​​​រោង​​​​​ចក្រ ​​​និង​​​ជា​​​​​​សមាជិក​ UFAW ដែល​​​បាន​​​ធ្វើការ​​​តវ៉ា​កាល​​​ពី​​​ម្សិលមិញ​​​​​​បាន​​​និយាយ​​​ថា ការ​តវ៉ា​នឹង​​​មិន​​​បញ្ឈប់​​​ឡើយ​​​រហូត​​​ដល់មានការ​ដោះ​​​លែង​​​បុរស​ទាំង​​​​ពី​​​រនាក់​​​ដែល​​​បាន​​​ចាប់​​​ខ្លួន​​​នោះ​​​។

លោក ត្រឹក នាង​​​ បាន​​​ថ្លែង​​​ថា “ពួកគាត់​ការពារ​​​ផល​​​ប្រយោជន៍​​​របស់​​​កម្មករ​​​ នោះ​​​ហើយ​ជា​​​មូល​​​ហេតុ​​​ដែល​​​ពួក​​​គាត់​​ត្រូវ​​​បាន​​​ចាប់​​​​​​ដាក់​​​ពន្ធនាគារ​​​។ យើង​​​នឹង​​​មិន​​​ឈប់​​​ធ្វើ​​​ការ​​​តវ៉ា​​​ឡើយ​​​ លុះ​​​ណា​​​តែ​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​ប្រសើរ​​​ជាង​​​នេះ​​​”៕ សារុន

The post អាជ្ញាធរ​គំរាម​ចាត់​​​វិធាន​​​ការ​​​បង្ក្រាប​​​សហជីពដែលនាំ​​​គ្នា​​​ធ្វើការ​តវ៉ា​ appeared first on ខេមបូឌា ដេលី.