លោក ហ៊ុន ម៉ានិត ត្រូវ​បាន​​​តែង​​​តាំង​ជា​ប្រធាន​​នាយកដ្ឋាន​​ស្រាវ​ជ្រាវ​ចារកិច្ច​​​ក្រសួង​ការ​ពារ​ជាតិ

លោក ហ៊ុន ម៉ានិត កូន​ប្រុស​កណ្ដាល​​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តែង​​​​តាំង​ជា​​​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ​​ នេះ​បើ​យោង​តាម​​អនុក្រឹត្យ​​​ចេញ​​​ដោយ​​ឪពុក​របស់​លោក​កាលពី​ខែ​មុន ​​ដោយ​​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​​កូន​ប្រុស​ទី២​របស់​នាយក​​​​រដ្ឋមន្ត្រី​ដែល​​បាន​ឡើង​​មុខ​តំណែង​ខ្ពស់​ក្នុង​ជួរ​យោធា​។

cam-photo-manith_headshot-e1445563317304ការ​តែង​តាំង​នេះ​ត្រូវ​បាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​​និយាយ​ការ​ពារ​កាល​ពីម្សិលមិញ ​ដោយ​លោក​បាន​លើក​ឡើង​​​ថា នរ​ណា​ដែល​ចោទ​​ប្រកាន់​​លោក ហ៊ុន សែន ​​ថា​​ជា​មនុស្ស​គ្រួសារ​និយម​ចំពោះ​ការ​​ដំឡើង​​ឋានន្តរ​ស័ក្ដិ​ជាន់​ខ្ពស់​ក្នុង​ជួរ​យោធា​ឲ្យ​កូន​របស់​​​ខ្លួន​នោះ គឺ​មុខ​ជា​​​មាន​ “បញ្ហា​ផ្លូវ​ចិត្ត​” ហើយ​។

​ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត បាន​ក្លាយ​​ជា​​​មន្ត្រី​យោធា​មួយ​រូប​ក្នុង​ចំណោម​​មន្ត្រី​យោធា​​​​ជាន់​ខ្ពស់​វ័យ​ក្មេង​បំផុត​​​នៅ​​ក្នុង​ប្រទេស​​ក្នុង​​វ័យ​៣៤​ឆ្នាំ រួម​ជា​មួយ​បង​ប្រុស​របស់​លោក​គឺ​​ឧត្ដម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​​​ជា​ប្រធាន​​​​​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​​​​​​ការ​ពារ​ជាតិ។​

លោក​នឹង​ជំនួស​​​តំណែង​លោក ជា តារា នាយ​ឧត្ដម​សេនីយ៍​ផ្កាយ​បួន​ និង​ជា​អគ្គ​មេ​បញ្ជា​ការ​រង​​កង​ទ័ព​ដែល​​​ឡើង​កាន់​តំណែង​​​​ជា​ប្រធាន​នាយកដ្ឋាន​​ចារកិច្ច​យោធា​នៅ​ក្នុង​ឆ្នាំ​២០១២ ក្រោយ​ពី​​លោក មុ៉ល រឿប ​​ប្រធាន​​​​ដុះ​ស្លែ​​ដ៏មាន​ឥទ្ធិពល​​នៃ​នាយកដ្ឋាន​នេះ​ និង​ជា​មន្ត្រី​ស្មោះស្ម័គ្រ​​នឹង​​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​មរណភាព។

លោក ហ៊ុន សែន បាន​សរ​សេរ​នៅ​ក្នុង​អនុក្រឹត្យ​ចុះ​ខែ​​កញ្ញា តែង​តាំង​កូន​ប្រុស​របស់​​​លោក​ថា “ប្ដូរ​មុខ​តំណែង​លោក​ ជា តារា អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​​ជា​ប្រធាន​ចារកិច្ច​យោធា​ ហើយ​​តែង​តាំង​​​​ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត ​ជា​​ប្រធាន​នាយក​​ដ្ឋាន​ចារកិច្ច​យោធា”។

នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សេចក្ដី​សម្រេច​​​​នេះ​ធ្វើ​ឡើង​ជា​​យូរ​មក​ហើយ គ្រាន់​តែ​មិន​បាន​​​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ប៉ុណ្ណោះ។ លោក​​​​​​បាន​លើក​ឡើង​ទាំង​អស់​សំណើច​​ថា “​ម៉េច​ក៏​អស់​លោក​ទទួល​​បាន​ព័ត៌មាន​យឺត​ម៉េស​? នេះ​ជា​ដំណឹង​ចាស់។ គាត់​បាន​ក្លាយ​ជា​ប្រធាន​​​នាយកដ្ឋាន​ចារកិច្ច​យោធា​​ ហើយ​គាត់​ស័ក្ដិ​សម​​​នឹង​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​។ ​គាត់​​​បាន​​​បម្រើ​​ការ​​នៅ​ទីនោះ​យូរ​ហើយ ប៉ុន្តែ​​គាត់​ជា​អនុប្រធាន​ ហើយ​ពេល​នេះ​គាត់​បាន​ក្លាយ​ជា​ប្រធាន​ហើយ​​។ គាត់​ធ្វើ​ការ​​​​ងារ​ [ចារកិច្ច] ហើយ​អាច​ដោះ​ស្រាយ​​បាន​គ្រប់​បញ្ហា​”។

រដ្ឋមន្ត្រី​ការ​ពារ​​ជាតិ​រូប​នេះ​ថ្លែង​​ថា ​នាយ​ឧត្ដម​សេនីយ៍​ ជា តារា ​​ប្រធាន​នាយក​ដ្ឋាន​ចាស់​​​​​ដែល​ទទួល​បន្ទុក​​បញ្ជា​ទ័ព​​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែរ​​នោះ ​បាន​​សម្រេច​ចិត្ត​​លាឈប់​ពី​​តំណែង​​ចារកិច្ច​កំពូល​នេះ​ដោយ​ខ្លួន​ឯង​​។ “​លោក ជា តារា ជា​អគ្គ​មេ​បញ្ជាការ​រង ហើយ​គាត់​​លាឈប់​តែ​តំណែង​ប្រធាន​នាយកដ្ឋាន​​ចារកិច្ច​យោធា​ប៉ុណ្ណោះ” ហើយ​​​​បាន​​​​​​ពន្យល់​ថា លោក ហ៊ុន ម៉ានិត គឺ​ជា​អ្នក​ស្នង​តំណែង​កំពូល​នេះ​តាម​ធម្មតា​។

លោក​​​​បាន​មាន​ប្រសាសន៍​បន្ថែម​​ថា ”​គាត់​សកម្ម​​​នឹង​ការ​ងារ​ណាស់ គាត់​មាន​បទ​ពិសោធន៍​​ច្រើន​។ ​កាល​ពីមុន​គាត់​ជា​អនុប្រធាន ហើយ​ពេល​នេះ​​គាត់​ជា​ប្រធាន ​ពីព្រោះ​​គាត់​ធ្វើ​ការ​​​បាន​ល្អ​ និង​ត្រឹម​ត្រូវ​ ហើយ​ទទួល​បាន​សមិទ្ធ​ផល​ជា​ច្រើន​”។

លោក​បាន​គូស​បញ្ជាក់​ថា ការ​អះអាង​ណា​​មួយ​ដែល​​​​ថា​គ្រួសារ​និយម​មាន​ពាក់​ព័ន្ធ​​នឹង​ការ​ដំឡើង​តំណែង​​កូន​ប្រុស​​របស់​នាយក​រដ្ឋមន្ត្រី​​រូប​នេះ​គឺ​ឆ្កួត​ហើយ​។ “​គេ​អាច​​​និយាយ​​​អី​ក៏​បាន​។ វា​មិន​ត្រឹម​ត្រូវ​ទេ ពួកគេ​មុខ​ជា​មាន​​​​បញ្ហា​ផ្លូវ​ចិត្ត​​ហើយ។ រឿង​ដែល​សំខាន់​បំផុត​គឺ​​ថា [ប្រធាន​នាយកដ្ឋាន​រូប​នេះ​] ធ្វើ​ឲ្យ​ប្រទេស​​​​របស់​យើង​មាន​ការ​​អភិវឌ្ឍ និង​នាំ​មក​នូវ​សន្តិ​ភាព ហើយ​បុគ្គល​នេះ​មាន​មហិច្ឆតា​”។

ក្រៅ​ពី​ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត និង​ឧត្ដម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត លោក​ ហ៊ុន សែន មាន​កូន​ប្រុស​ទី៣​ម្នាក់​ទៀត​ គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​​មណ្ឌល​កំពង់ស្ពឺ​ នៅ​​​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ និង​ជា​ប្រធាន​​​​​ក្រុម​​យុវជន​របស់​គណបក្ស​កាន់​អំណាច​។

​ទាក់​ទិន​បញ្ហា​​នេះ លោក សុខ ឥសាន ​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ការ​ដំឡើង​តំណែង​​​លោក ហ៊ុន ​ម៉ានិត ចុង​​ក្រោយ​នេះ​គឺ​សម​នឹង​ទទួល​បាន​ ហើយ​​វា​​មិន​មែន​ជា​ការ​ទម្លាក់​តំណែង​លោក​ ជា តារា ដែល​នឹង​បន្ត​កាន់​មុខ​តំណែង​ផ្សេង​ទៀត​ជា​អគ្គ​មេបញ្ជាការរង​នៃ​កង​យោធ​ពល​​ខេមរភូមិន្ទ​នោះ​​ឡើយ។

លោក​បាន​គូស​បញ្ជាក់​​ថា “​អស់​លោក​មិន​ចាំបាច់​មាន​មន្ទិល​​សង្ស័យ​​ចំពោះ​រឿង​នេះ​ទេ។ វា​ជា​រឿង​ធម្មតា​ទេ​​ក្នុង​ការ​រៀបចំ​ និង​ផ្លាស់​ប្ដូរ​តួនាទី​​។ តាម​​ដែល​ខ្ញុំ​ដឹង លោក ជា តារា មាន​មុខ​តំណែង​ពីរ​ ឬបី ដូច្នេះ​ហើយ​​គាត់​​ក៏​​ចែក​រំលែក​ការ​ងារ​របស់​គាត់​​ខ្លះ​ទៅ​។ [ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ានិត] ស័ក្តិ​សម​នឹង​លក្ខខណ្ឌ​នេះ ដូច្នេះ​រដ្ឋាភិបាល​​ក៏​ដំឡើង​តំណែង​គាត់។ វា​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ថា​​សម្ដេច​​នាយក​រដ្ឋមន្ត្រី​​ជា​អ្នក​​ជ្រើស​រើស​ និង​តែង​តាំង​លោក​ឡើយ​។ គឺ​មាន​សំណើ​ពី​ក្រសួង​ការ​ពារ​ជាតិ​ បន្ទាប់ពី​​គេ​​ពិនិត្យ​ឃើញ​ថា លោក​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់។ ខ្ញុំ​ជឿ​លើ​សមត្ថភាព​​របស់​លោក ហ៊ុន ម៉ានិត ហើយ​វា​​ជា​ការ​អនុវត្ត​តាម​គោល​នយោ​បាយ​​​​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ដែរ​​​​ក្នុង​ការ​​​បណ្ដុះ​បណ្ដាល​យុវជន​​​ឲ្យ​ស្នង​តំណែង ​និង​​ធ្វើ​ជា​ទំពាំង​ស្នង​ឫស្សី​ដែល​មាន​​​​គុណភាព និង​សមត្ថភាព​​ក្នុងបំពេញ​ការ​ងារ។​​ វា​មិន​មែន​​​ជា​​រឿង​បក្ខ​ពួក​និយម​​ទេ ពីព្រោះ​ពួក​គាត់​ស័ក្ដិ​សម​នឹង​លក្ខខណ្ឌ​ ហើយ​មាន​ចំណេះដឹង​”។

ទោះ​ជា​យ៉ាង​ណា លោក​ អំ សំអាត ប្រធាន​​​បច្ចេកទេស​​ឃ្លាំមើល​​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​មាន​ប្រសាសន៍​ថា ​មិន​ថា​​លោក ហ៊ុន ម៉ានិត មាន​លក្ខណ​សម្បត្តិ​​យ៉ាង​ណា​​ទេ ពោល​គឺ​ការ​ដំឡើង​តំណែង​​របស់​​​លោក​​គេច​​មិន​ផុត​ពី​​ការ​ត្រូវ​​គេ​បក​ស្រាយ​ថា​ឡើង​តាម​រយៈ​គ្រួសារ​និយម​ឡើយ​។

លោក​​​បាន​លើក​ឡើង​ទៀត​ថា ”​យោង​តាម​​​​គោល​ការណ៍​របស់​ពួកគេ ការ​ដំឡើង​​តំណែង​​គាត់​គឺ​ដោយ​សារ​សមិទ្ធផល និង​សមត្ថ​ភាព​របស់​គាត់។ ចំណែក​ឯ​​សង្គម​ស៊ីវិល​​​​ក្នុង​ស្រុក​ និង​អន្តរជាតិ​យល់​ឃើញ​ថា គាត់​ត្រូវ​បាន​ដំឡើង​តំណែង​​ដោយសារ​ឪពុក​របស់​គាត់​​”៕ សុខុម​​​​​​​​  

 

The post លោក ហ៊ុន ម៉ានិត ត្រូវ​បាន​​​តែង​​​តាំង​ជា​ប្រធាន​​នាយកដ្ឋាន​​ស្រាវ​ជ្រាវ​ចារកិច្ច​​​ក្រសួង​ការ​ពារ​ជាតិ appeared first on ខេមបូឌា ដេលី.