ភរិយាសមាជិក​ព្រឹទ្ធសភាដែល​​​​​ជាប់​ពន្ធនាគារ​​ បដិសេធការ​អះ​អាង​​ថា គាត់​​​បើក​​​រថយន្តបុកគេ ហើយ​រត់​

ភរិយា​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ កាល​ពី​ម្សិលមិញ​បាន​បដិសេធ​​​ការ​ដែល​ថា លោកស្រី និង​អ្នក​បើក​រថយន្ត​​​របស់​​ស្វាមី​លោក​ស្រី​​បាន​រត់​គេច​​ពី​កន្លែង​កើត​ហេតុ​បន្ទាប់ពី​​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​​ក្នុង​ខេត្ត​កណ្ដាល​ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ទៀត​បាក់​ភ្លៅ​។

លោក ស៊ិន បុត្របណ្ឌិត អធិការ​នគរ​បាល​​ក្រុង​តាខ្មៅ​​បាន​មាន​ប្រសាសន៍​ថា លោក ម៉ី វណ្ណា អាយុ​៤៨​ឆ្នាំ​​​ ​បាន​បាក់​ភ្លៅ​ខាង​ឆ្វេង​នៅ​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ រថយន្ត​តូយ៉ូតាឡង់គ្រីស័រ​​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា ខណៈ​ដែល​គាត់​កំពុង​​បើក​បរ​ឆ្លង​​​កាត់​​​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​លេខ​១១០ និង​ផ្លូវ​លេខ​២១​នៅ​ក្នុង​ក្រុង​នេះ​កាលពី​ថ្ងៃ​ពុធ។

លោក បុត្រ​បណ្ឌិត បាន​ថ្លែង​ថា លោក វណ្ណា ​បាន​បើក​បរ​​រ៉ឺម៉កម៉ូតូ​ដឹក​ជ្រូក​ ស្រាប់​តែ​នៅ​ពេល​នោះ​រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​បើក​​ឆ្លង​​ភ្លើង​ក្រហម​​ត្រង់​ចំណុចផ្លូវ​​ប្រសព្វ​​​ផ្នែក​ខាង​ត្បូង​នៃ​ក្រុង​នេះ​ ប៉ុន្តែ​ថា អ្នក​ជិះ​ក្នុង​រថយន្ត​បាន​រត់​គេច​ខ្លួន​។

ដោយ​ពន្យល់​ថា នគរ​បាល​​មិន​ទាន់​បាន​​ពិនិត្យ​មើល​ស្លាក​លេខ​នេះ​នៅ​ឡើយ​នោះ​​​លោក បុត្រ​បណ្ឌិត​ បាន​ថ្លែង​ថា “រថយន្ត​​នោះ​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា ប៉ុន្តែ​​យើង​មិន​ ដឹង​​​​ថា​នរណា​ជា​ម្ចាស់​រថយន្ត​នេះ​នៅ​ឡើយ​ទេ ពីព្រោះ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​បន្ទាប់ពី​​​មាន​គ្រោះថ្នាក់កើតឡើង​” ។

​លោក​បន្ថែម​ថា “​យើង​កំពុង​សហការ​ ជា​​​មួយ​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ​​​ស៊ើបអង្កេត​រក​ស្លាក​នេះ​ ដើម្បី​​ឲ្យ​​អ្នក ​​​បើក​បរ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​នោះ​”។

ប៉ុន្តែ​​​​ បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ បាន​​​រាយការណ៍​យ៉ាង​​​ឆាប់​​​រហ័ស​​​ថា រថយន្ត​នោះ ដែល​ឥឡូវ​នេះ​កំពុង​ត្រូវ​​រក្សា​ទុក​នៅ​​អធិការ​​​ដ្ឋាន​នគរ​បាល​ក្រុង​តាខ្មៅ ជា​កម្មសិទ្ធិ​របស់​លោក ហុង សុខហួរ ដែល​កំពុង​ជាប់​ពន្ធនាគារ​​​ បន្ទាប់ ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា។

លោក​​ស្រី​​​ គុណ លំអង ភរិយា​លោក ហុង សុខហួរ ​​​​និង​លោក​ស្រី​​ផ្ទាល់​​ជា​បេក្ខភាព​​សមា​ជិក​សភា​គណបក្ស​សង្គ្រោះជាតិ​នៅ​​​​ក្នុង​​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​មាន​ប្រសាសន​​​៍ ​ថា លោកស្រី​នៅ​ក្នុង​រថយន្ត​នៅពេល​គ្រោះ​​ថ្នាក់​ចរាចរណ៍​នោះ ប៉ុន្តែ​​អ្នក​បើក​បរ​រថយន្ត​គ្មាន​កំហុស​ទេ ហើយ​បាន​បដិសេធ​ការ​ដែល​ថា ពួកគាត់​​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។

លោកស្រី គុណ លំអង បាន​ថ្លែង​ថា “​​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ជា​អ្នក​ខុស ពីព្រោះ​គាត់​​បុក​រថយន្ត​របស់​យើង​​ចំពីមុខ ខណៈ​ដែល​រ៉ឺម៉ក​ម៉ូតូ​នោះ​ដឹក​ធ្ងន់​”។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​ និង​អ្នក​បើក​បរ​រថយន្ត​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​ទៅ​តាម​ច្បាប់។

លោកស្រី​បាន​ថ្លែង​ថា “​​ខ្ញុំ​នឹង​អ្នក​បើក​បរ​រថយន្ត​របស់​ខ្ញុំ​មិន​បាន​រត់​គេច​​ដូច​ការ​ចោទ​ប្រកាន់​ពី​នគរ​បាល​​ និង​បណ្ដាញ​ផ្សព្វ​ផ្សាយ ព័ត៌មាន​ដែល​ថា យើង​បាន​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ឡើយ​​​។ ខ្ញុំ​នៅ​ក្នុង​រថយន្ត ប៉ុន្តែ​អ្នក​បើក​បរ​របស់​ខ្ញុំ​បាន​ចេញ​ក្រៅ​រថយន្ត ​ទៅ​មើល​គ្រោះ​ថ្នាក់​នោះ”៕ សារុន​​​​​​

The post ភរិយាសមាជិក​ព្រឹទ្ធសភាដែល​​​​​ជាប់​ពន្ធនាគារ​​ បដិសេធការ​អះ​អាង​​ថា គាត់​​​បើក​​​រថយន្តបុកគេ ហើយ​រត់​ appeared first on ខេមបូឌា ដេលី.