​រថយន្ត​កុង​ទី​ន័​រ បើក​បុក​ម៉ូតូ របួសធ្ងន់​៣​នាក់ នៅ​ផ្លូវជាតិ​លេខ​៤

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត «​តិច​ស្រ៊ុន​» បើក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី ៣​នាក់​បាន​រងរបួស​ធ្ងន់ កាលពី​ម៉ោង​ជិត ២ ចូល​ថ្ងៃទី​២៣  ខែតុលា ឆ្នាំ​២០១៥ នៅ ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ បុរី​សែន មនោ​រម្យ ស្ថិតក្នុង​សង្កាត់ ចោមចៅ ខណ្ឌ​
​ពោធិ​សែន​ជ័យ​។​

​ចំណែក​ជនរងគ្រោះ​ទាំងអស់ មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក បាន​ព្យាយាម​បើករថយន្ត រត់​បាន​ប្រមាណ​ជា ៣០០ ម៉ែត្រ​ឈប់​រថយន្ត ចុះ​គេចខ្លួនបាត់​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត កុងតឺន័រ​មួយគ្រឿង ពណ៌​ខៀវ ដែល​គេ​ស្គាល់​ថា ជា​របស់​ក្រុមហ៊ុន​ផែស្ងួត «​តិច​ស្រ៊ុន​» ពាក់​ស្លាក​លេខ ភ្នំពេញ​ 3C-7018 បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន យ៉ាង​លឿន  លុះ​បើក​មកដល់ ចំណុចកើតហេតុ​ខាង​ល ក៏​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី ២០១០ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1944 ជិះ​ដោយ​បុរស​ពីរ​នាក់ រួម​នឹង​ស្ត្រី​វ័យក្មេង​ម្នាក់ ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ ទាំង​៣​នាក់ រង​បួស​ធ្ងន់ធ្ងរ​។

​ក្រោយមក ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​រថយន្ត​សង្គ្រោះ ៧១១ មក​ដឹក​យកទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​។​

​ក្រោយ​កើតហេតុ​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​៕V​/S