ផឹ​ក​ស៊ី​ស្រវឹង​វាយ​តប់​គ្នា អ្នក​យក​ព័ត៌​មាន​ថត​រូបភាព​ អាមេ​ភ្ជង់

រាជធានីភ្នំពេញ ៖ ខឹង​អ្នក​​យក​ព័ត៌មាន​ថតរូប​ភាព​​ផឹកស៊ី​ស្រវឹង​​វាយតប់​គ្នា​បែកក្បាល​ បែរជា​បើករថយន្ត​​ដេញ​បុក​អ្នក​​យក​ព័ត៌មាន​ហើយ​​ចាប់​​ថតរូប​ភាព​ទុក​ និង​ដក​កាំភ្លើងខ្លី​២​​ដើម ​អាមេ​ភ្ជង់​​គំរាម​អ្នក​យក​ព័ត៌មាន​​ទៀត ដែល​ហេតុការណ៍​នេះ​ ​​កើតឡើង​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ​តុលា ​ស្ថិត​នៅ​មុខ​ផ្ទះ​សំណាក់​គីម​ចោមចៅ​លើ​​ផ្លូវ​បេតុង ​ក្នុងភូមិ​ព្រៃ​ព្រីង​​ខាង​ត្បូង សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ។

អ្នក​​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ម្នាក់ ​ដែល​​ជា​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ អ្នក​​យក​ព័ត៌មាន​​​ទូរទស្សន៍ MSJ ម្នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​.ស មក​​ដល់​ចំណុច​មុខ​ផ្ទះសំណាក់​គី​ម ចោម​ចៅ ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​២​នាក់​​ព្រួត​វាយ​បុរស​​ជា​មេការ​ផ្ទះសំណាក់​​គី​ម ចោម​ចៅ បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ឃើញ​បែប​នេះ​ គេ​ក៏​បាន​ឈប់​ជួយ​​ឃាត់​ កុំ​ឱ្យ​វាយ​គ្នា ពេល​នោះ​​ជន​បង្ក​២​នាក់ ​ក៏​ចេញ​ទៅ​បាត់​ នៅ​សល់​តែ​មេការ​ផ្ទះសំណាក់​ ដែល​រង​របួស​ឈរ​នៅ​ក្បែរ​តុ​ផឹក​ស៊ីនៅមុខ​ផ្ទះ​សំណាក់​​​នោះ ។ បែរជា​ចោទ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ MSJ ថា​ ជា​បក្សពួក​របស់​ជន​បង្ក ទោះបីជា​អ្នក​យក​ព័ត៌មាន​ប្រាប់​ថា ​គេ​ជា​អ្នក​យក​ព័ត៌មាន​​ក៏​ដោយ ។ មិនតែប៉ុណ្ណោះ​ មេការ​ផ្ទះសំណាក់​បាន​ដក​យក​​កូនសោ​ម៉ូតូ​ និង​អូ​ស​​ម៉ូតូ​របស់​អ្នក​យក​ព័ត៌មាន​ទូរ​ទស្សន៍ MSJ ទៅ​ទុក​ក្នុងផ្ទះ​សំណាក់​​ខាងលើ ។

បន្ទាប់​មក ​អ្នក​យក​ព័ត៌មាន​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​​សមត្ថកិច្ច​ថា មាន​ករណី​វាយ​គ្នា ​ហើយ​យក​ម៉ូតូ​របស់​គាត់​ទៅ​ទុក ទើប​អ្នក​យក​​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាសឮ​ប្រកាស​តាម​វិទ្យុទាក់ទង ​ក៏​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅមួយ​គ្រឿង​ទៅ​យក​ព័ត៌មាន និង​ថតរូប​ភាព ​ក៏​ត្រូវ​មេការ​ផ្ទះសំណាក់​​ដែល​រង​របួស​នោះ​ ជេរ​ប្រមាថមើលងាយ​អ្នក​យក​ព័ត៌មាន​ថា ​ជា​អ្នក​យក​ព័ត៌មាន​បិទ​ដប​ទឹក​ស៊ីអ៊ីវ ហើយ​បើ​ហ៊ាន​ថត​​ព័ត៌មាន​យក​ទៅ​ផ្សាយ ស្អែក​នេះ​​ដឹង​គ្នា​ហើយ ។

ស្រប​ពេល​នោះ ​អ្នក​យក​ព័ត៌មាន​ឮ​ថា ​មាន​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​​នៅ​មុខ​នគរបាល​ប៉ុស្តិ៍​ចោម​​ចៅ ក៏​នាំ​គ្នា​ទៅ​យក​ព័ត៌​មាន​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​​រហូត​ចប់​សព្វគ្រប់​ហើយ​ ទើប​អ្នក​យក​ព័ត៌មាន​ទាំង​២​នាក់​នឹកឃើញ​ថា​ ព័ត៌មាន​វាយ​គ្នា​ខាងលើ​មិន​ទាន់​​បាន​យក​ព័ត៌មាន​អស់​​នៅឡើយ​ ព្រោះ​អី​មិនដឹង​ថា ​ផឹកស៊ី​​គ្នាប៉ុន្មាន​នាក់ ​ហើយ​មានរឿង​អី​ ទើប​ឈ្លោះ​​​គ្នា​បែប​នេះ ទើប​​អ្នក​យក​ព័ត៌មាន​ទាំង​៣​នាក់​ បាន​ជិះ​ម៉ូតូ PCX ឌុ​ប​គ្នា​​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ម្តងទៀត​ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ទៀត  ។

ខណៈ​​​ទៅ​ជា​លើក​ទី​២​នេះ ​មេការ​ផ្ទះសំណាក់​ដែល​រង​របួស​ បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បាត់​ហើយ ពេល​នោះ​អ្នក​យក​ព័ត៌មាន​បាន​ឈប់​សួរ​​​ពី​បុគ្គលិក​នៅ​មុខ​ផ្ទះសំណាក់ តែ​បុគ្គលិក​នោះ ​មិន​ទាន់​ទាំង​និយាយ​ផង ​ស្រាប់តែ​មាន​រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q​-7183 ជិះ​គ្នា​៤​នាក់ មក​ដល់​ឃើញ​អ្នក​យក​ព័ត៌មាន​កំពុង​តែ​សួរនាំ​បុគ្គលិក​ផ្ទះសំណាក់​ ក៏​បាន​ចាប់​អូស​បុគ្គលិក​នោះ​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់ ។

ចំណែក​អ្នក​យក​ព័ត៌មាន​​ថតរូប​ភាព​ផ្ទះសំណាក់​ និង​តុ​ផឹកស៊ី​នៅ​ក្បែរ​នោះ ក៏​ត្រូវ​បុរស​ទាំង​៤​នាក់​សួរ​ថា ​ឯង​អ្នក​យក​ព័ត៌មាន​ខាង​ណា​មកណេះ​ ឲ្យ​គេ​ថតរូប​បន្តិច ពេល​នោះ​អ្នក​យក​ព័ត៌មាន​មិន​បាន​ទៅ​ទេ​ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏​នាំ​គ្នា​បម្រុង​ជិះ​ម៉ូតូ​ចេញ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាន​បន្តិច​ទាំង​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​មិន​ទាន់​បាន​ឡើង​ជិះ​លើ​ម៉ូតូ​ផង ស្រាប់តែ​អ្នក​ជិះ​ក្នុង​រថយន្ត​ម្នាក់​រត់​ដេញ​តាម​ចាប់​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​បាន​ហើយ​​ក្របួច​ក​អាវ​អូស​ជិត​១០​ម៉ែត្រ​ ឡើង​ជាំ​ក្រហម​ក​យក​ទៅ​ថតរូប​ទុក ។

ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត​៣​នាក់​ទៀត​បាន​បើករថយន្ត​ដេញ​បុក​អ្នក​បើក​ម៉ូតូ​អ្នក​រត់​នោះ​ជិត​ដល់​ហើយ ​បាន​ឈប់​រថយន្ត​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើងខ្លី​២​ដើម អាមេគំរាម​បាញ់​សម្លាប់​​អ្នក​យក​ព័ត៌មាន​ទាំង​២​នាក់ ​រួច​ហើយ​បាន​ដកហូត​យក​វិទ្យុទាក់ទង​របស់​អ្នក​សារព័ត៌មាន​ដែល​សៀត​នៅ​ចង្កេះ​​យក​ទៅ​ទុក​បាន​បន្តិច​ទើប​ប្រគល់​ឲ្យ​វិញ​ហើយ​ឡើង​រថយន្ត​បើក​ចេញ​ទៅ​បាត់​អស់ ។